×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

          ​ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូ សរុបមានចំនួន៤០១ ៦៩៩ហ.ត ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៨៩ ៨៣៧ហ.ត(ស្មើនឹង៧២%) និងផ្ទៃដីថែទាំមានចំនួន១១១ ៨៦៣ហ.ត(ស្មើនឹង២៨%)។ បរិមាណផលិត​ផលសរុបក្នុងខែវិច្ឆិកាមានចំនួន៤៣ ៦១២តោន បានកើនឡើងចំនួន៨ ៦៧៤តោន (=​​+២៥%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៨ ៩៧៥តោន (=+២៦%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ រហូតមកដល់ខែវិច្ឆិកា (១១ខែឆ្នាំ២០២០) បរិមាណផលិតសរុបមានចំនួន២៩១ ៣២៣តោន បានកើនឡើង​ចំនួន៥៣ ០៧៤តោន (=+២២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

               បរិមាណបញ្ចេញលក់ក្នុងខែវិច្ឆិកាមានចំនួន៤២ ៦៦៧តោន បានកើនឡើងចំនួន៩ ៦២៤តោន (=+២៩%) ធៀបនឹងខែមុន និងបានកើនឡើង​ចំនួន៩ ០៨៦តោន(=+២៧%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។បរិមាណ បញ្ចេញលក់សរុបរហូតដល់ខែវិច្ឆិកាឆ្នាំ២០២០  មានចំនួន២៨៥ ៥៨៩តោន បានកើនឡើង​ចំនួន៥១ ៨២០តោន (=+២២%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។   

          តម្លៃលក់ជាមធ្យមក្នុងខែវិច្ឆិកា គឺ១ ៥១៤US$/តោន បានកើនឡើង៨១US$/តោន (=+៥,៧%) ធៀបនឹងខែមុន និងបានកើនឡើង១៨៧US$/តោន (=+១៤%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។  រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ តម្លៃលក់ជាមធ្យមគឺ១ ៣៤១US$/តោន បានកើនឡើង១២US$/តោន (= +០,៩%) ធៀបនឹង   រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែវិច្ឆិកា ឆ្នាំ២០២០   មានតម្លៃជាមធ្យមប្រមាណ ៥ ១៥០ - ៥ ៩៥០៛/គ.ក្រ សម្រាប់ជ័រទឹកគិតជាជ័រស្ងួតតាមអត្រា DRC (បានកើនឡើង៧១៣៛/គ.ក្រ) និងថ្លៃ ២ ២៥០ - ២ ៩២៥៛/គ.ក្រ សម្រាប់ជ័រកក (បានកើនឡើង១៩១៛/គ.ក្រ) ធៀបនឹងខែ  មុនអាស្រ័យទៅតាមតំបន់។

            យោងរបាយការណ៍ប្រចាំខែតុលា - វិច្ឆិកា  ឆ្នាំ២០២០   របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ​(ANRPC)  បានបង្ហាញថា៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ (មករា - វិច្ឆិកា) ផលិតផលកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ៨,៥% គឺមានបរិមាណត្រឹម១0,0៩៨លានតោន ហើយនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់១០,៨% ចាប់ពីខែវិច្ឆិកា - ធ្នូ ដែលធ្វើឲ្យផលិតផលកៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០២០ មានចំនួនត្រឹមតែ១២,៥៩៧លានតោន (ធ្លាក់ចុះ៩%ធៀបនឹងឆ្នាំ២០១៩)។ សម្រាប់ឆ្នាំ២០២១ខាងមុខ ផលិតផលកៅស៊ូធម្មជាតិពិភពលោក រំពឹងថានឹងកើនឡើង៨,៦% ស្មើនឹងបរិមាណសរុប១៣,៥៩៧លានតោន ប៉ុន្តែនៅទាបជាងបរិមាណផលិតផលសរុបប្រចាំឆ្នាំ២០១៩ និង២០១៨ ដែលមានចំនួន១៣,៨៤២លានតោន និង១៣,៨៣៩លានតោនរៀងគ្នា។ រីឯបរិមាណតម្រូវការប្រើប្រាស់ក្នុងពិភព ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ (មករា - វិច្ឆិកា) បានធ្លាក់ចុះ៨,៦% គឺមានបរិមាណត្រឹម១0,៤៩៦លានតោន ប៉ុន្តែនឹងកើនឡើង១,២%បន្ថែមទៀត ក្នុងអំឡុងពេលខែវិច្ឆិកា - ធ្នូ ដែលធ្វើឲ្យផលិតផលកៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០២០ មានចំនួនត្រឹមតែ១២,៨១១លានតោន (ធ្លាក់ចុះ៦,៩%ធៀបនឹងឆ្នាំ២០១៩)។ សម្រាប់ឆ្នាំ២០២១ខាងមុខ បរិមាណតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោក រំពឹងថានឹងកើនឡើង៤,៩% ស្មើនឹងបរិមាណសរុប១៣,៤៣៦លានតោន ប៉ុន្តែនៅទាបជាងបរិមាណតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០១៩ និង២០១៨ ដែលមានចំនួន១៣,៧៦៨លានតោន និង១៣,៨៩៨លានតោនរៀងគ្នា។

             នៅក្នុងអំឡុងខែតុលា - វិច្ឆិកា  ឆ្នាំ២០២០ ស្ថានភាពទីផ្សារកៅស៊ូធម្មជាតិមានការប្រែប្រួលខ្លាំង។ ថ្លៃកៅស៊ូទាំលើទីផ្សាទិញលក់តាមកិច្ចសន្យា និងទីផ្សារក្នុងស្រុកបានហក់ឡើងខ្ពស់ក្នុងខែតុលា ប៉ុន្តែបានធ្លាក់ចុះបន្តិចវិញនៅដើមខែវិច្ឆិកា និងបានងើបឡើងវិញនៅចុងខែវិច្ឆិកា។ កត្តាដែលមានឥទ្ឋិពលលើថ្លៃកៅស៊ូទាំលើទីផ្សាទិញលក់តាមកិច្ចសន្យា និងទីផ្សារក្នុងស្រុកនៅក្នុងអំឡុងខែតុលា - វិច្ឆិកា  ឆ្នាំ២០២០ ដោយសារតែព្រឹត្តិការណ៍និងភូមិសាស្រ្តនយោបាយសកលលោករួមមាន៖ (១) រលកទី២នៃការឆ្លងរាលដាលជំងឺកូវីត-១៩ ជាពិសេសនៅសហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប (២)លទ្ឋផលជោគជ័យនៃការផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩ (៣) លទ្ឋផលនៃការបោះឆ្នាតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក (៤) ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារទល់នឹងរូបីយបណ្ណនៃបណ្តាប្រទេសផ្សេងៗ និង(៥) ការកើនឡើងនៃតម្លៃប្រេងឆៅ។

Latest News