ភ្លៀងបន្តធ្លាក់នៅក្នុងរដ្ឋ Kerala បានប៉ះពាល់ដល់ផលិតកម្មកៅស៊ូធម្មជាតិ ដោយធ្លាក់ចុះពី ៥ - ១០% ក្នុងអំឡុងពេលខែកញ្ញា - ខែវិច្ឆិកា ឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយសហគមន៍កសិកម្មសង្ឃឹមថានឹងស្តារផលិតកម្មកៅស៊ូឡើងវិញក្នុងរយៈពេលបួនខែខាងមុខចាប់ពីខែធ្នូតទៅ ដោយ សារអាកាសធាតុអំណោយផលនិងភ្លៀងធ្លាក់ក្នុងកម្រិត មធ្យមនៅក្នុងមណ្ឌលផលិតកម្ម។
លោក George Valy ប្រធានសហព័ន្ធឈ្មួញកៅស៊ូឥណ្ឌាបានប្រាប់ businessline ថាភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា បានរំខានដល់ ការចៀរកៅស៊ូ ទោះបីជាមានក្បាំងការពារភ្លៀងក៏ដោយ។ ទោះបីជាខែសីហាជាខែដ៏ល្អក៏ដោយ ប៉ុន្តែសម្រាប់ខែបន្តបន្ទាប់ផលិតកម្មកៅស៊ូបសនរងផលប៉ះពាល់ដោយភ្លៀង។
លោកបន្ថែមថាតម្លៃកៅស៊ូប្រភេទ RSS IV មានតម្លៃចន្លោះពី ១,៨៤ ទៅ ១,៨៥ដុល្លារអាម៉េរិក ហើយក្រុមហ៊ុនសំបកកង់កំពុងទិញសម្ភារៈដែលអាច រកបានពីទីផ្សារក្នុងស្រុក ដោយមិនមានការកើនឡើងតម្លៃណាមួយឡើយនិងពឹងផ្អែកបន្ថែមលើការនាំចូល ក៏ដូចជាការផលិតពីភាគឦសាន។ អត្រាប្រែប្រួលនៃកៅស៊ូធម្មជាតិនៅរដ្ឋ Kerala មិនអាចទទួលយកបានឡើយសម្រាប់កសិករ ដោយសារថ្លៃដើមផលិតកម្មខ្ពស់ ចំណេកឯអត្រាទាបជាងគឺនៅភាគឦសាន ដោយសារតែប្រាក់ឈ្នួលទាបនិងតម្លៃដីសូន្យ។ បរិមាណពាណិជ្ជកម្មកៅស៊ូក៏បានធ្លាក់ចុះពី ១០ -១២% ផងដែរ។ លើសពីនេះទីផ្សារកំពុងមានការផ្លាស់ប្តូរពីការផលិតកៅស៊ូសន្លឹកទៅជាទឹកជ័រកៅស៊ូ ដោយសារការកើនឡើងនៃថ្លៃដើមនិងជ័រចាន។ ផលិតកម្មកៅស៊ូនៅប្រទេសឥណ្ឌាកំពុងកើនឡើង ដោយសារតម្រូវការកើនឡើងពីក្រុមហ៊ុនសំបកកង់។ កាលពីឆ្នាំមុនផលិតកម្មកៅស៊ូធម្មជាតិមានចំនួន ៨,៥៣លានតោន ហើយឆ្នាំនេះទំនងជាមានចំនួន ៨,៥ទៅ៩លានតោន អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
ការពន្យាពេលចៀរជ័រ
លោក Santosh Kumar នាយកប្រតិបត្តិក្រុមហ៊ុន Harrisons Malayalam Ltd (RPSG) បាននិយាយថាតំបន់ដាំកៅស៊ូនៅឆ្នាំនេះ មានការផ្លាស់ប្តូរយ៉ាងសំខាន់នៃគំរូទឹកភ្លៀង ដោយផ្នែកជាច្រើនជួបប្រទះនឹងលក្ខខណ្ឌស្ងួតនៃអវត្ដមានភ្លៀងមុនមូសុង។ ប្រការនេះនាំឱ្យមានការពន្យាពេលចៀរជ័រឡើងវិញ និងទិន្នផលទាប។
ភ្លៀងអត់ធ្លាក់ក្នុងខែសីហានាំឱ្យរុក្ខជាតិស្ងួត។ ទោះជាយ៉ាងណាក៏ដោយភ្លៀងបានធ្លាក់ឡើងវិញក្នុងខែកញ្ញា ជាមួយនឹងទឹកភ្លៀងយ៉ាងច្រើននៅក្នុងតំបន់ដាំកៅស៊ូភាគច្រើន។ ភ្លៀងធ្លាក់ដំបូងបានរំខានដល់ការចៀរជ័រចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។
លោកបន្តថា ទោះបីជាមានការធ្លាក់ចុះផលិតកម្មកៅស៊ូក៏ដោយ ក៏តម្លៃកៅស៊ូមិនបានងើបឡើងវិញដែរ ប្រហែលដោយសារលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងតម្រូវការធ្លាក់ចុះ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុនិងតម្លៃកៅស៊ូទាបកំពុងជំរុញឲ្យអ្នកដាំកៅស៊ូធ្លាក់ចូលក្នុងវិបត្តិដ៏ជ្រៅ៕