សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានចេញផ្សាយរបាយការណ៍និន្នាការទីផ្សារចុងក្រោយរបស់ខ្លួនមានឈ្មោះថានិន្នាការកៅស៊ូធម្មជាតិនិងស្ថិតិខែមិថុនា ឆ្នាំ២០២០ បាននិយាយថា កត្តាសំខាន់នៅពីក្រោយការធ្លាក់ដ៏កំហុកនៃថ្លៃកៅស៊ូធម្មជាតិចាប់តាំងពីពាក់កណ្តាលខែមករា គឺការធ្លាក់ចុះដ៏ខ្លាំងនៃតម្រូវការពិភពលោក ដែល បណ្តាលមកពីការរាតត្បាតជំងឺ Covid-19 ។
យោងតាមការកែតម្រូវការប៉ាន់ស្មានរបស់ ANRPC បានឲ្យដឹងថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ ២០២០(មករា-មិថុនា) ការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ១៧,៥%។ ប្រទេសចិនជាប្រទេសដែលមានតម្រូវការកៅស៊ូធម្មជាតិចំនួន៤០% នៃតម្រូវការកៅស៊ូពិភពលោកបានធ្លាក់ចុះ ២០,១% ក្នុងត្រីមាស់ទី១ ឆ្នាំ២០២០នេះ។
ទោះបីជាយ៉ាងណាក៏ដោយ សមាគមបានកត់សម្គាល់ថា ក្តីបារម្មណ៍នៃការប្រើប្រាស់កៅស៊ូធម្មជាតិស្ទើជិតផុតទៅហើយ ដោយសារនៅក្នុងត្រីមាសទី៣ (កក្កដា-កញ្ញា) ឆ្នាំ២០២០ ការប្រើប្រាស់កៅស៊ូពិភពលោកនឹងកើនឡើង១,៤% ជាពិសេសការប្រើប្រាស់កៅស៊ូនៅប្រទេសចិនរំពឹងថា នឹងកើនឡើងត្រឹមតែ០,៨% ។
របាយការណ៍នេះបានបន្តថា ទោះបីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ ដែលបានគ្រោងទុកកាលពីខែមេសាពី -៣% ទៅ -៤,៩% ប៉ុន្តែការប្រើប្រាស់កៅស៊ូធម្មជាតិបានត្រឡប់មកជាធម្មតាវិញ លើកលែងតែបណ្តាប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ រីឯការផ្គត់ផ្គង់កៅស៊ូធម្មជាតិវិញត្រូវក៏បានកាត់បន្ថយជិតមួយពាន់លានតោនពីទីផ្សារពិភពលោកដោយសារតែជំងឺ Covid-19។
ANRPC រំពឹងថារំញោចទីផ្សារនឹងងើបឡើងវិញ ដោយសារតែការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយភាពអនុ គ្រោះរួមមាន៖ ការបើកដំណើរការនៃវិស័យកម្មន្តសាលរបស់ប្រទេសចិននៅក្នុងខែមិថុនា វិធានការចំពោះសន្ទស្សន៍ PMI (Purchasing Managers’ Index) និងការវិលត្រឡប់មកវិញនៃការលក់យានយន្តរបស់ប្រទេសចិនដែលបានកើនឡើង ១៤,៥% នៅក្នុងឧសភា បន្ទាប់ពីការកើនឡើង ៤,៤% ក្នុងខែមេសា និងធ្លាក់ចុះ៤៣% ក្នុងខែមីនា ឆ្នាំ២០២០។ លើសពីនេះ និន្នាការទីផ្សារប្រេងឆៅនៅតែផ្តល់ភាពអនុគ្រោះដល់កៅស៊ូធម្មជាតិផងដែរ។
សមាគមបានក្រើនរំលឹកថា ខណៈពេលដែលលក្ខខណ្ឌនានាបានប្រែទៅជាអំណោយផលសម្រាប់ទីផ្សារកៅស៊ូធម្មជាតិក្នុងការពង្រឹងនិងវិលទៅរកស្ថានភាពមុនការរាតត្បាតនៃជំងឺ Covid-19 ក៏ដោយ ក៏នៅតែប្រឈមនឹងហានិភ័យនៅឡើយ។ ហានិភ័យទាំងនោះរួមមាន៖ ការព្រួយបារម្ភអំពីរលកទី២នៃជំងឺ Covid-19 ការពន្យារពេលនៃការអនុវត្តគោលនយោបាយជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ដោយរដ្ឋាភិបាលនៃប្រទេសមួយចំនួន និងវិវាទភូមិសាស្ត្រនយោបាយកើនឡើងដែលអាចរារាំងដល់ភាពអនុគ្រោះសម្រាប់រំញោចទីផ្សារកៅស៊ូធម្មជាតិ ៕