សភាក្រុង Kumasi កំពុងធ្វើការជាមួយនឹងអ្នកវិទ្យាសាស្រ្តផ្នែកដី នៅឯគណៈកម្មាធិការព្រៃឈើស្តីអំពីការសិក្សាលទ្ធិភាពដើម្បីដាំកៅស៊ូនៅក្នុងទីក្រុង។ ក្នុងការអនុវត្តន៍គំនិតនេះ អ្នកវិទ្យាសាស្រ្ត ផ្នែកដីក៏បានយកសំណាកប្រភេទដីផ្សេងៗគ្នាពីតំបន់ខុសៗគ្នានៅទីក្រុងធំបំផុតទី២របស់ប្រទេស Ghana និងបានធ្វើការពិសោធន៍ផងដែរ។
លោក Osei Assibey-Antwi ជាប្រធាននាយកប្រតិបត្តិក្រុងបាននិយាយថា សភាកំពុងរង់ចាំជួយកសិករកៅស៊ូគ្រួសារឲ្យដាំកៅស៊ូសម្រាប់បង្កើនជាចំណូលបន្ថែមក្នុងការរស់នៅរបស់ពួកគេ ប្រសិនបើយើងអាចសម្រេចគោលបំណងរបស់យើងបាន។ ក្នុងកិច្ចសម្ភារន៍មួយជាមួយនឹងទីភ្នាក់ងារសាព័ត៌មាន Ghana នៅក្នុងទីក្រុង Kumasi ស្តីអំពីសកម្មភាពបញ្ចប់ជាផ្លូវការនៃគម្រោង The Green Ghana ហើយលោកក៏បានលើកឡើងថា កៅស៊ូគឺផ្តល់ប្រយោជន៍ច្រើនដល់ផ្នែកសេដ្ឋកិច្ចនិងមានតម្រូវការខ្ពស់ក្នុងទីផ្សារអន្តរជាតិ។ ម្យ៉ាងទៀត ផលិតកម្មដំណាំដែលផ្តល់ប្រាក់ចំណេញដូចជាប្រភេទ Cash crop ត្រូវគេចាត់ទុកថាមានសារៈសំខាន់ណាស់ដើម្បីបង្កើនប្រាក់ចំណូល ពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការបណ្តាក់ទុននឹងបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយចីរ-ភាពនៅពេលយើងអនុវត្តន៍គម្រោងនេះ ហើយវត្ថុធាតុដើមដែលបានពីដើមកៅស៊ូអាចប្រើប្រាស់សម្រាប់វិស័យឧស្សាហកម្ម។ ដើមកៅស៊ូមានប្រភពដើមមកពីព្រៃអាម៉ាសូនដែលបានណែនាំអោយស្គាល់នៅប្រទេស Ghana នៅចុងឆ្នាំ១ ៨០០ ក្នុងតំបន់ភាគខាងកើត Aburi Botanic Gadens។
តាមការស្រាវជ្រាវអ្នកវិទ្យាសាស្រ្តផ្នែកដីបញ្ជាក់ថា សីតុណ្ហភាពមធ្យមដែលសមស្របសម្រាប់ដំណាំកៅស៊ូគឺចន្លោះពី២៥-៣៤ដឺក្រេ និងដីសម្រាប់ដាំកៅស៊ូត្រូវមានជ្រៅនិងទឹកគ្រប់គ្រាន់ហើយដីមានជាតិអាស៊ីតដែលមានល្បាយថ្មបាយក្រៀមនិងដីឥដ្ឋគឺសមស្របបំផុតសម្រាប់ដំណាំកៅស៊ូ។
លោក Assibey-Antwi ក៏បានបង្ហាញពីសារៈប្រយោជន៍នៃគ្រោង The Green Ghana និងបានប្រមូលផ្តុំប្រជាពលរដ្ឋឲ្យមានចំណាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃនេះផងដែរ ដោយ សារគម្រោងនេះ នឹងស្តារគម្របព្រៃឈើដែលបានបាត់បង់នៅក្នុងប្រទេស Ghana ឡើងវិញ ពីព្រោះ ការបំផ្លិចបំផ្លាញនាំឲ្យមានការប្រែប្រួលល័ក្ខខណ្ឌអាកាសធាតុកំពុងតែកើនឡើងដល់យើងគ្រប់គ្នា ដូច្នេះ ទាំងម្ចាស់ដីនិងអ្នកមានទ្រព្យសម្បត្តិគួរអនុវត្តគោលនយោបាយដាំដើមឈើយ៉ាងហោចណាស់ឲ្យបានមួយដើមនៅទីធ្លាមុខផ្ទះរបស់ខ្លួន។ ដោយហេតុថា យើងត្រូវការដើមឈើជាច្រើនសម្រាប់ស្រូបយកធាតុកាបូនពីក្នុងបរិយាកាស ដើម្បីចៀសផុតពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
លោកប្រធានប្រតិបត្តិក្រុងបានបន្ថែមថា មានកូនឈើប្រភេទផ្សេងៗគ្នាជាង៣៣ ០០០ប្រភេទ មានចាប់តាំងពីដើមឈើខ្លឹម ដូង រហូតដល់ដើមដូងរាជដែលនឹងត្រូវដាំនៅតាមគម្រោងនេះ។
លោក Assibey បានឈ្នះពាន់រង្វន់ជាច្រើន ចំពោះគំនិតផ្តួចផ្តើមខាងបរិស្ថានដូចជា៖ គម្រោង “Keep Kumasi Clean Green” និងបានប្រកាសថា មានកូនឈើច្រើនប្រមាណជាង៥ម៉ឹនដើមត្រូវបានចែកទៅឲ្យអ្នកស្រុកដាំសម្រាប់រយៈពេល៤ឆ្នាំក្រោយ។ ទន្ទឹមនឹងនោះ តម្រូវការកូនឈើដែលត្រូវដាំក្នុងគម្រោងនៅតែកើនឡើង ដូច្នេះហើយសភាក្រុង Kumasi កំពុងតែទំនាក់ទំនងជាមួយនឹងគណៈកម្មាធិការព្រៃឈើដើម្បីបំបៅកូនឈើជាច្រើនប្រភេទទៀតសម្រាប់ចែកឲ្យប្រជាជន។
ការបញ្ចប់ជាផ្លូវការនៃគម្រោង The Green Ghana ត្រូវបានប្រារព្ធជានិមិត្តរូបនៅសាលាមូលដ្ឋានពិសោធន៍រដ្ឋនៅក្នុងទីក្រុង Kumasi ហើយសហភាពអ៊ីរ៉ុបបានកំណត់ទុកជាសួនព្រៃឈើដែល ដើមឈើ១២០ដើមត្រូវបានដាំនៅទីនោះ។
លោក Benito Owusu-Bio ជាអនុរដ្ឋលេខាធិការធនធានធម្មជាតិនិងដី ដែលជាភ្លៀវកិត្តិយសពិសេសបានដាំដើមឈើមជានិមិត្តរូបដើម្បីជាការចាប់ផ្តើមគម្រោង។ ហើយក្នុងការសង្ខេបលោកបានសន្យាចំពោះដំណោះស្រាយរបស់រដ្ឋាភិបាលក្នុងការកែលម្អប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេស Ghana ឲ្យកាន់តែប្រសើរឡើង ព្រមទាំងបញ្ជាក់បន្ថែមថា កូនឈើចំនួន៥លានដើមទៀតនឹងត្រូវបានដាំក្នុងគម្រោងនេះ៕