យោងតាមអ្នកជំនាញឧស្សាហកម្មកៅស៊ូប្រទេសវៀតណាមបានឲ្យដឹងថា ឧស្សាហកម្មកៅស៊ូវៀតណាមចាំបាច់ត្រូវពង្រឹងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃទីផ្សារនាំចេញ ជាពិសេសទីផ្សារដែលមានសន្ទុះលឿនដូចជានៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិក។
លោក To Xuan Phuc អ្នកជំនាញការនៃក្រុមហ៊ុន Forest Trend បានលើកឡើងថា ការនាំចេញកៅស៊ូកែច្នៃរបស់វៀតណាមបានកើនឡើងទៅកាន់ប្រទេសជាច្រើន។ ទោះយ៉ាងណា ការនាំចេញផលិតផលកៅស៊ូរបស់វៀតណាមត្រូវតែបំពេញទៅតាមលក្ខខណ្ឌតម្រូវនៃទីផ្សារនាំចេញ រួមទាំងបញ្ហាច្បាប់ផងដែរ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមបាននាំចេញទឹកជ័រនិងផលិតផលកៅស៊ូចម្រាញ់ឡើងវិញទៅកាន់ប្រទេសចំនួន១៧៥ ហើយតួលេខនេះកំពុងបន្តកើនឡើងបន្ថែមទៀត។ ទីផ្សារនាំចេញផលិតផលកៅស៊ូធំបំផុតរបស់វៀតណាម គឺប្រទេសសហរដ្ឋអាម៉េរិកដែលគិតជាទឹកប្រាក់មានប្រមាណ១ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០ និងមានចំណែកទីផ្សារ ហ៊ុន៣៣,២% បន្ទាប់មកគឺប្រទេសជប៉ុន ចិន សាធារណរដ្ឋកូរ៉េ និងអាល្លឺម៉ង់។
លោក Phuc បន្តថា ទោះយ៉ាងណាស្ថានភាពបរិមាណផលដែលបានប្រមូលពីចម្ការកៅស៊ូតូចៗគឺខ្ពស់ជាងចម្ការកៅស៊ូធំៗ។ ដូច្នេះ ឧស្សាហកម្មកៅស៊ូវៀតណាមចាំបាច់ត្រូវតែ ធ្វើការផ្លាស់ប្តូរនាពេលអនាគត ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវនៃទីផ្សារ។ ឧស្សាហកម្មកៅស៊ូត្រូវតែមានតម្លាភាពអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតផលកៅស៊ូ រួមទាំងព័ត៌មានអំពីការ ផ្គត់ផ្គង់និងសកម្មភាពខ្សែច្រវ៉ាក់ផ្សេងៗ។
លោកស្រី Tran Thi Thuy Hoa មន្រ្តីជំនាញនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូវៀតណាមបានឲ្យដឹងថា ចម្ការកៅស៊ូតូចៗបានក្លាយជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងឧស្សាហកម្ម កៅស៊ូ។ ពិសេសផលិតកម្មកៅស៊ូធម្មជាតិដែលការផ្គត់ផ្គង់មកពីចម្ការកៅស៊ូតូចៗមានចំនួនជាង៦០% នៃផលិតផលកៅស៊ូធម្មជាតិសរុប។ ទោះជាយ៉ាងណា ចម្កាកៅស៊ូតូចៗត្រូវបាន អភិវឌ្ឍជាចម្បងដោយឯកឯង។
កសិករគ្រួសារបានលក់ទឹកជ័រទៅឲ្យឈ្មួញ ដោយមិនបានកត់ត្រាព័ត៌មានឲ្យបានគ្រប់គ្រាន់រាល់ការលក់។ ដូច្នេះ ការខ្វះព័ត៌មានពីគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រួមទាំងបណ្តាញព័ត៌មានរវាងកសិករកៅស៊ូគ្រួសារនិងឈ្មួញ ទើបធ្វើឲ្យការនាំចេញមិនឆ្លើយតបនឹងលក្ខខណ្ឌតម្រូវការទីផ្សារនាំចេញ។
លោកស្រី Hoa បានបន្តថា បញ្ហានេះក៏បានកាត់បន្ថយឱកាសនិងការធ្វើធុរកិច្ចកៅស៊ូរបស់កសិករកៅស៊ូគ្រួសារក្នុងការចូលដល់ទីផ្សារ ថែមទាំងជាហានិភ័យដល់ឧស្សាហកម្ម កៅស៊ូវៀតណាមផងដែរ នៅពេលដែលចូលដល់ទីផ្សារនាំចេញនាពេលអនាគត។ ម៉្យាងទៀត និន្នាការទីផ្សារទាមទារនូវផលិតផលស្របច្បាប់និងប្រកបដោយនិរន្តរភាពដែល ឧស្សាហកម្មកៅស៊ូរបស់ប្រទេសវៀតណាមត្រូវ តែគោរពតាមលក្ខខណ្ឌតម្រូវការទីផ្សារ ដោយមិនអាចចៀសបាននាពេលអនាគត។
យោងតាមសមាគមកៅស៊ូវៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ទឹកប្រាក់នាំចេញកៅស៊ូធម្មជាតិរបស់វៀតណាមមានចំនួនជាង២,៣៨ពាន់លានដុល្លារ ស្មើនឹង ៣០,៣% នៃ ទឹកប្រាក់នាំចេញសរុបរបស់ឧស្សាហកម្មកៅស៊ូ។ ចំណែកទឹកប្រាក់នាំចេញផលិតផលកៅស៊ូកែច្នៃមានប្រមាណ៣,១១ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ស្មើនឹង៣៩,៦ %។ រីឯទឹកបា្រក់នាំចេញឈើកៅស៊ូមានចំនួន២,៣៦ពាន់លានដុល្លារ ស្មើនឹង ៣០,១%។
ការផ្លាស់ប្តូរនៃការនាំចេញកៅស៊ូធម្មជាតិនិងផលិតផលកៅស៊ូរបស់វៀតណាមបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសវៀតណាមមានផ្ទៃដីដាំកៅស៊ូធំជាង គេទី៥ នៅលើពិភពលោក ប៉ុន្តែផលិតផលបែរជាស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីប្រទេសថៃនិងឥណ្ឌូនេស៊ី និងបាននាំចេញទឹកជ័រដែលជាវត្ថុធាតុដើមចម្បងមាន ៧៨, ៤% និង ២១,៦% បានកែច្នៃជាផលិតផលដូចជា៖ សំបកកង់ ស្រោមដៃ គ្រឿងបន្លាស់ និងបាតស្បែកជើង៕