ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានសម្ពោធបើកមជ្ឈមណ្ឌលបណ្តុះគំនិតកែច្នៃផលិតផលកៅស៊ូ (Rubber Products Incubation Center: RPIC) ដែលនឹងជួយដល់កម្មន្តសាលករ អាចបង្កើតផលិតផលសម្រេចពីកៅស៊ូថ្មីៗបន្ថែមទៀត និងអាចជួយជំរុញឧស្សាហកម្មកម្មន្តសាលផលិតកៅស៊ូនិងអ្នកដាំកៅស៊ូឲ្យល្អប្រសើរឡើងវិញ។
មជ្ឈមណ្ឌល RPIC កំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើក្រុមអ្នកច្នៃប្រឌិតបង្កើតគំនិតថ្មីៗ ដោយមានសហគ្រិនកាន់តែច្រើនឡើងៗមកចុះបញ្ជីជាមួយមជ្ឈមណ្ឌលនេះ។
លោក K.N. Raghavan ប្រធានក្រុមប្រឹក្សាភិបាលកៅស៊ូឥណ្ឌាបាននិយាយថា ការខំប្រឹងប្រែងបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីបង្កើតភាពរស់រវើកនិងភាពរឹងមាំសម្រាប់ ឧស្សាហកម្មផលិតផលសម្រេចពីកៅស៊ូ។
ជាឧទាហរណ៍៖ មជ្ឈមណ្ឌលនេះ បានបង្កើតរូបមន្តកែច្នៃស្រោមដៃពីពីវត្ថុធាតុដើមថ្មីៗ ដែលមានថ្លៃដើមទាប។ គំនិតច្នៃប្រឌិតថ្មីមួយទៀតគឺការជំនួសបច្ចេកទេសបណ្តុះពូជ កៅស៊ូដោយប្រើកែវផ្លាស្ទិច (Root traniner)។ បច្ចេកទេសបណ្តុះពូជកៅស៊ូបែបនេះ ត្រូវបានប្រើសម្រាប់ដាំដើមកៅស៊ូនៅក្នុងថ្នាល។ គំនិតច្នៃប្រឌិតមួយទៀតគឺការផលិតឥដ្ឋកៅស៊ូ ចេញពីស្រោមដៃដែលគេចោល។
រោងចក្រកៅស៊ូប្រើវត្ថុធាតុដើមសម្រាប់ផលិតទ្រនាប់រ៉ងកៅស៊ូដែលភាគច្រើនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាមានមជ្ឈមណ្ឌលទទួលការហៅទូរស័ព្ទចូល ដែលអ្នកដាំកៅស៊ូអាចទាក់ទងបានដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការដាំដុះនិងការចៀរជ័រកៅស៊ូ។
គំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាភិបាលកៅស៊ូដើម្បីបើកមជ្ឈមណ្ឌលនេះ បានកើតឡើងចំពេលដែលផលិតផលមិនមែនសំបកកង់ដែលបានចុះបញ្ជីរួចប្រមាណ៤ ០០០ ត្រូវបាន ផលិតដោយវិស័យសហគ្រាសខ្នាតតូច និងមធ្យម នៃប្រទេសឥណ្ឌាដែលជាប្រភពបង្កើតការងារ និងការនាំចេញដ៏សំខាន់ដោយទទួលបានទឹកប្រាក់ចំនួនប្រមាណ១១ ០០០រ៉ូពីក្នុងឆ្នាំ២០១៩-២០២០៕