×
ផលិតកម្មកៅស៊ូធម្មជាតិប្រទេសម៉ាឡេស៊ីបានកើនឡើង ៤,៧%

នាយកដ្ឋានស្ថិតិរបស់ម៉ាឡេស៊ីបានឲ្យដឹងថាផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៣២ ៧៧៣ តោន បានកើនឡើង ៤,៧% បើធៀបនឹងខែមុនមានចំនួន ៣១ ៣០៩តោន។ ទោះជាយ៉ាងណាក៏ដោយលោក Uzir Mahidin ប្រធានផ្នែកស្ថិតិបាននិយាយថា សម្រាប់​ឆ្នាំមុនផលិតកម្មកៅស៊ូធម្មជាតិក្នុងខែកញ្ញា ឆ្នាំ២០២២ មានចំនួន ៣៥ ៤៦០តោន បានថយ​ចុះ ៧,៦% ។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបានឲ្យដឹងថា រំញោចទីផ្សារកៅស៊ូក្នុងខែ​កញ្ញាបានងើបឡើងវិញ តាមរយៈការងើបឡើងវិញ​នៃសកម្មភាពផលិតកម្មរបស់ប្រទេសចិន កង្វះការ​ផ្គត់ផ្គង់កៅស៊ូធម្មជាតិនៅក្នុងប្រទេសថៃ ការកើន​ឡើងនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក និងប្រាក់រីងហ្គីតដែលធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ បរិមា​ណផលិតកម្មកៅស៊ូធម្ម​ជាតិ​របស់កសិករកៅស៊ូគ្រួសារមានចំនួន ៨៥,៦% បន្ទាប់​មកអវិនិយោគមានចំនួន ១៤,៤% ។

លោក Uzir បានបន្ថែមថា សន្និធិកៅស៊ូធម្មជាតិសរុបក្នុងខែកញ្ញា ឆ្នាំ២០២៣ មានចំនួន១៥៤ ១០៣តោន បានកើនឡើង ៧,៧% ធៀបនឹងខែមុន មានចំនួន១៤៣ ១១៦តោន។ រោងចក្រកែច្នៃកៅស៊ូបានរួមចំណែក ៨៨,៤% នៃសន្និធិ បន្ទាប់មកគឺរោងចក្រអ្នកប្រើប្រាស់កៅស៊ូ ១១,៥% និងចម្ការកៅស៊ូរដ្ឋ ០,១%។ ការនាំចេញកៅស៊ូធម្មជាតិរបស់ម៉ាឡេស៊ីក្នុងខែកញ្ញានេះមានចំនួន ៥៧ ០២៨តោន បានធ្លាក់ចុះ ០,៨% បើធៀបនឹងខែមុនមានចំនួន ៥៧ ៤៨៨តោន។

ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ការនាំចេញកៅស៊ូធម្មជាតិ ៤៥,៧% នៃការនាំចេញកៅស៊ូសរុបនៅក្នុងខែកញ្ញានេះ បន្ទាប់មក អាល្លឺម៉ង់ ៥,៣% ប៉ាគីស្ថាន ៥,៣% ព័រទុយហ្គាល់ ២,៩% និងទួរគី ២,៣%។

ការអនុវត្តការនាំចេញត្រូវបានរួមចំណែក តាមរយៈផលិតផលសម្រេចពីកៅស៊ូដូចជា៖ ស្រោម​ ដៃ សំបកកង់ បំពង់ ខ្សែកៅស៊ូ និងស្រោមអនាម័យ។ ការនាំចេញស្រោមដៃក្នុងខែកញ្ញាគិតជាទឹកប្រាក់គឺ ២៧៥លានដុល្លារអាម៉េរិក បានធ្លាក់ចុះ ៣,៦% បើ ធៀបនឹងខែមុន ដែលមានទឹកប្រាក់ចំនួន ២៥៤​លាន​ដុល្លារអាម៉េរិក។

តម្លៃទឹកជ័រកៅស៊ូខាប់ជាមធ្យមប្រចាំខែកញ្ញានេះគឺ ៤៨១,០៨សេន/គ.ក្រ បានកើនឡើង ២,១% ធៀបនឹងខែមុនមានចំនួន ៤៧១,០៩សេន/គ.ក្រ។ ចំណែកតម្លៃកៅស៊ូ scrap គឺ ៥២៥,៥៩​សេន/​គ.ក្រ បានកើនឡើង ១៣,៨% ធៀបនឹងខែមុនមានចំនួន ៤៦២,០៥សេន/គ.ក្រ។ សម្រាប់តម្លៃកៅស៊ូស្តង់ដារ​ម៉ាឡេ​ស៊ី​ទាំងអស់ក៏បានកើនឡើងចន្លោះពី ២,១% ទៅ ១១,៣% ។

ផលិតកម្មកៅស៊ូធម្មជាតិម៉ាឡេស៊ីក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន៩២ ៦១៥តោន បានកើនឡើង ១៩,៦% ធៀបនឹងត្រីមាសមុនមានចំនួន ៧៧ ៤៥៣តោន។ ប៉ុន្តែធៀបនឹងឆ្នាំមុនក្នុងត្រីមាសទី៣ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិបានធ្លាក់ចុះ ១៦,៥% ដែលមានបរិមាណ ចំនួ​ន ១១០ ៩៦៩ តោន៕

ព័ត៌មានចុងក្រោយ