ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមាន៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំចំនួន៨៩ ២៦៤ហិកតា ស្មើនឹង២២%។ ក្នុងខែនេះ បរិមាណផលិតផលសរុបមានចំនួន១១ ៣២៩តោន បានថយចុះចំនួន៣ ៧៦៥តោន (=-២៥%) ធៀបនឹងខែមុន និងបានថយចុះចំនួន៥៨៦តោន (=-៥%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ត្រីមាសទី១នេះ បរិមាណផលិតផលសរុបមានចំនួន៦៤ ៨៥៧តោន បានកើនឡើងចំនួន៣ ៩០៩តោន (=+៦%) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន១៣ ៣៣១តោន បានថយចុះចំនួន៣ ៣៩៩តោន (=-២០,៣២%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន២តោន (=+០,០១%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ត្រីមាសទី១នេះ បរិមាណបញ្ចេញលក់មានចំនួន៦៥ ៩២១តោន បានកើនឡើងចំនួន៤ ១៨២តោន (=+៦,៨%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៥៨US$/តោន បានថយចុះចំនួន២២US$/តោន ស្មើនឹង (=-១,៦២%) ធៀបនឹងខែមុន និងបានថយចុះចំនួន២៦៩US$/តោន (=-១៧%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ត្រីមាសទី១នេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៥១US$/តោន បានថយចុះ២៤៣US$/តោន (=-១៥%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ដោយមើលឃើញពីការវិវឌ្ឍន៍ថ្មីៗនិងការចេញផ្សាយនូវទស្សនវិស័យចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) ក៏បានធ្វើបច្ចុប្បន្នភាពទស្សនវិស័យនៃទីផ្សារកៅស៊ូធម្មជាតិពិភពលោកសម្រាប់ឆ្នាំនេះផងដែរ។ បើយោងតាមរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣ របស់ ANRPC បានព្យាករណ៍ថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនឹងកើនឡើង ២,៧% ដោយមានបរិមាណចំនួន១៤,៩១៦លានតោន (បានកើនឡើង០,១% ខ្ពស់ជាងរបាយការណ៍ពីមុន) ចំណែកឯតម្រូវការកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ០,៤% ដោយមានរិមាណចំនួន១៤,៩១២ លានតោន។
ក្នុងកំឡុងខែមីនានេះ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ២៦,១% ស្មើនឹងបរិមាណចំនួន៩៦៧ ០០០តោន បើធៀបនឹងខែមុន ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិពិភពលោកព្យាករថានឹងកើនឡើង៧,៩% ស្មើនឹង១,៣០៦លានតោន។ ទោះបីទីផ្សារកៅស៊ូធម្មជាតិមានកត្តាវិជ្ជមានក៏ដោយ ក៏ទីផ្សារកៅស៊ូទិញលក់ភ្លាមៗនិងទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យាមានភាពប្រែប្រួល ដោយសារតែព្រឹត្តិការណ៍ជាច្រើនក្នុងឆាកអន្តរជាតិមានដូចជា៖ វិបត្តិធនាគារក្នុងតំបន់នៅសហរដ្ឋអាម៉េរិកនិងធនាគារស្វីស បញ្ហាឥណទាន ភាពតានតឹងភូមិសាស្ត្រនយោបាយ ទស្សនវិស័យប្រេងឆៅធ្លាក់ចុះ ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ដើម្បីផ្តួលអតិផរណា និងកម្លាំងនៃការនាំចេញរូបិយប័ណ្ណ៕