ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជានៅខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមាន៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដី ចៀរជ័រចំនួន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំចំនួន៨៩ ២៦៤ហិកតា ស្មើនឹង២២%។ ក្នុងខែនេះ បរិមាណផលិតផលសរុបមានចំនួន៤២ ៧៣៦តោន បានកើនឡើងចំនួន៨ ៥៩៨តោន (=+២៥%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ រហូតមកដល់ខែនេះ បរិមាណផលិតផលសរុបមានចំនួន៤២ ៧៣៦តោន បានកើនឡើងចំនួន៨ ៥៩៨តោន (=+២៥%) បើធៀបនឹងរយៈពេលដូចគ្នាមុនឆ្នាំ។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន៤០ ១៥៩តោន បានកើនឡើងចំនួន៧ ៦៤០តោន (=+២៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ខែនេះបរិមាណបញ្ចេញលក់មានចំនួន៤០ ១៥៩តោន បានកើនឡើងចំនួន៧ ៦៤០តោន (=+២៣%) បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៣៥US$/តោន បានថយចុះចំនួន៣៤៦US$/តោន (=-២២%) ធៀបនឹងខែដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៣៥ US$/តោន បានថយចុះ៣៤៦US$/តោន (=-២២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
យោងតាមរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា នៅឆ្នាំ ២០២៣ ទស្សនវិស័យនៃទីផ្សារកៅស៊ូធម្មជាតិពិភពលោកត្រូវបានរំពឹងថា ផលិតកម្មកៅស៊ូធម្មជាតិនឹងឈានដល់១៤,៦៩៣លានតោន ខណៈដែលការប្រើប្រាស់កៅស៊ូធម្មជាតិវិញមានបរិមាណចំនួន១៤,៧៣៨លានតោន។ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកត្រូវបានរំពឹងថា នឹងផលិតកៅស៊ូធម្មជាតិបានចំនួន១,៣២លានតោន ខណៈដែលតម្រូវការកៅស៊ូធម្មជាតិពិភពលោកមានបរិមាណចំនួន១,០៤៨លានតោន ។
ឆ្នាំ២០២៣ នៅតែជាឆ្នាំដ៏លំបាកនៅពេលខាងមុខ ដោយសារតែភាពមិនច្បាស់លាស់ជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកពីជំងឺរាត ត្បាត។ ទោះបីជា ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចពិពភលោកមានកំណើនយឺតសម្រាប់ឆ្នាំ២០២៣ គឺត្រឹម ១,៧% និង ២,៩% រៀងគ្នា បើធៀបនឹងឆ្នាំមុនក៏ដោយ ក៏កំណើនដែលបានរំពឹងទុកនេះនៅតែមានសុទិដ្ឋិនិយមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ រីឯទីផ្សារកៅស៊ូធម្មជាតិត្រូវបានថ្លឹងថ្លែងលើកត្តាមូលដ្ឋាននៃទីផ្សារកៅស៊ូធម្មជាតិរបស់ខ្លួន និងកត្តាខាងក្រៅផ្សេងទៀតដូចជា៖ សម្ពាធអតិផរណា ភាពតានតឹងភូមិសាស្ត្រនយោបាយ ទីផ្សារប្រេងឆៅពិភពលោក និងផ្សេងៗទៀតដែលអាចមានឥទ្ធិពលនៅក្នុងទីផ្សារកៅស៊ូធម្មជាតិរៀងៗខ្លួន៕