×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមករា ឆ្នាំ២០២៣

ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជានៅខែ​មករា ​ឆ្នាំ២០២៣ បាន​បង្ហាញ​ថា ផ្ទៃដី​កៅស៊ូ​សរុបមាន​​៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដី​ ចៀរជ័រចំនួន​៣១៥  ៣៣២ហិក​តា ស្មើនឹង​៧៨% និងផ្ទៃដី​​ថែ​ទាំចំនួន៨៩ ២៦៤ហិក​តា ស្មើនឹង២២%។  ក្នុងខែនេះ ​បរិមាណ​ផលិតផលសរុប​មាន​ចំនួន៤២ ៧៣៦​តោន បាន​កើនឡើងចំនួន៨ ៥៩៨តោន (=+២៥%) ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន។ រហូតមក​ដល់ខែ​នេះ បរិមាណផលិតផលសរុបមាន​​ចំនួន៤២ ៧៣៦​តោន បានកើន​ឡើងចំនួន៨ ៥៩៨តោន (=+២៥%) បើធៀប​​​នឹងរយៈពេលដូចគ្នាមុនឆ្នាំ។ ក្នុងខែនេះ បរិមាណ​បញ្ចេញលក់មានចំនួន៤០ ១៥៩តោន បានកើនឡើងចំនួន៧ ៦៤០តោន (=+២៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។​ រហូតមកដល់ខែនេះបរិមាណ​បញ្ចេញលក់មានចំនួន៤០ ១៥៩តោន បានកើនឡើងចំនួន៧ ៦៤០តោន (=+២៣%) បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំមុន។ ​ក្នុងខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៣៥US$/តោន បានថយចុះចំនួន៣៤៦US$/តោន (=-២២%) ធៀបនឹងខែដូចគ្នានៃឆ្នាំមុន។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៣៥ US$/តោន បានថយចុះ៣៤៦US$/តោន (=-២២%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២២។​

យោងតាមរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា នៅឆ្នាំ​ ២០២៣ ទស្សនវិស័យនៃទីផ្សារកៅស៊ូធម្មជាតិពិភពលោកត្រូវ​បាន​រំពឹងថា ផលិតកម្មកៅស៊ូធម្មជាតិនឹងឈានដល់១៤,៦៩៣លានតោន ខណៈដែលការប្រើប្រាស់កៅស៊ូ​ធម្មជាតិវិញ​មានបរិមាណចំនួន១៤,៧៣៨លានតោន។​ ​ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកត្រូវបាន​រំពឹង​ថា នឹងផលិតកៅស៊ូធម្មជាតិបានចំនួន១,៣២លានតោន ខណៈដែលតម្រូវការកៅស៊ូធម្មជាតិពិភពលោក​មានបរិមាណចំនួន១,០៤៨លានតោន ។

ឆ្នាំ២០២៣ នៅតែជាឆ្នាំដ៏លំបាកនៅពេលខាងមុខ ដោយសារតែភាពមិនច្បាស់លាស់ជុំវិញការ​ងើប​​ឡើងវិញនៃសេដ្ឋកិច្ចពិភពលោកពីជំងឺរាត​ ត្បាត។ ទោះបីជា ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរ​ជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចពិពភលោកមានកំណើនយឺតសម្រាប់ឆ្នាំ២០២៣ គឺត្រឹម ១,៧% និង ២,៩% រៀងគ្នា បើធៀបនឹងឆ្នាំមុនក៏ដោយ ក៏កំណើនដែលបានរំពឹងទុកនេះនៅតែមានសុទិដ្ឋិនិយម​សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ រីឯទីផ្សារកៅស៊ូធម្មជាតិត្រូវបានថ្លឹងថ្លែងលើកត្តា​មូលដ្ឋាននៃទីផ្សារកៅស៊ូធម្មជាតិរបស់ខ្លួន និងកត្តាខាងក្រៅផ្សេងទៀតដូចជា៖ សម្ពាធអតិផរណា ភាពតាន​តឹងភូមិសាស្ត្រនយោបាយ ទីផ្សារប្រេងឆៅពិភពលោក និងផ្សេងៗទៀតដែលអាចមានឥទ្ធិពល​នៅក្នុង​ទីផ្សារកៅស៊ូធម្មជាតិរៀងៗខ្លួន៕

ព័ត៌មានចុងក្រោយ