សម្រាប់ខែវិច្ឆិកានេះ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំចំនួន៨៩ ២៦៤ហិកតា ស្មើនឹង២២%។ ក្នុងខែនេះ បរិមាណផលិតផលសរុបមានចំនួន៥១ ៥៥១តោន បានកើនឡើងចំនួន៩ ៨៦៣តោន (=+២៤%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៤ ៤៤២តោន (=+៩%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណផលិតផលសរុបមានចំនួន៣២៨ ៩៨១តោន បានថយចុះចំនួន១១ ៨៧២តោន (=+៣,៧%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន៤៨ ១១៩តោន បានកើនឡើងចំនួន៧ ៧៥១តោន (=+១៩%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន១ ១៤១តោន (=+២%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន៣២២ ៥៨៦តោន បានកើនឡើងចំនួន៩ ១៣៩តោន (=+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ២៣១US$/តោន បានថយចុះ ៣១US$/តោន (=-២,៥%) ធៀបនឹងខែមុន និងបានថយចុះ ៤៣៨US$/តោន (=-២៦%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៤៤៤US$/តោន បានថយចុះ ២១៩US$/តោន (=-១៣,២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
យោងតាមរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកដែលបានកត់ត្រាមានកំណើន ២,៧% ដោយមានបរិមាណចំនួន១,៤២៦លានតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានបរិមាណចំនួន១,២៨៩លានតោន។ ខណៈដែលតម្រូវការកៅស៊ូពិភពលោកត្រូវបានព្យាករថា កើនឡើង ០,៦% ពីបរិមាណចំនួន១,២៩៤លានតោន ដល់ ១,៣០១លានតោន ក្នុងអំឡុងពេលយោងដូចគ្នា។
នៅក្នុងទីផ្សារកៅស៊ូទិញ-លក់ភ្លាមៗ កៅស៊ូភាគច្រើនបានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ លើកលែងតែកៅស៊ូនៅក្នុងទីក្រុងគួរឡា- ឡាំពួរ។ ក្នុងខែវិច្ឆិកានេះ ថ្លៃកៅស៊ូក្នុងមួយថ្ងៃជាមធ្យមប្រហែល១,០៤ដុល្លារអាម៉េរិក ដែលបានកើនឡើង ៣% បើធៀបនឹងខែមុន។ ខណៈដែលទីផ្សារកៅស៊ូទិញ-តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃបានងើបឡើងវិញ នៅពេលដែលវិធានការ Covid-19 នៅក្នុងប្រទេសចិនបានធូរស្រាលក្នុងអំឡុងចុងខែនេះ ហើយសកម្មភាពពាណិជ្ជកម្មក៏បានងើបឡើងវិញផងដែរ ដោយសារតែមានតម្រូវការកៅស៊ូនៅចុងឆ្នាំ មុនថ្ងៃបុណ្យចូលឆ្នាំចិន៕