×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

សម្រាប់​ខែវិច្ឆិកានេះ ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជាបាន​បង្ហាញ​ថា ផ្ទៃដីកៅស៊ូសរុបមាន​ចំនួន​៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន​៣១៥  ៣៣២ហិក​តា ស្មើនឹង​៧៨% និងផ្ទៃដីថែ​ទាំ​ចំនួន៨៩ ២៦៤ហិកតា ស្មើនឹង២២%។  ក្នុងខែនេះ ​បរិមាណ​ផលិតផលសរុប​មាន​ចំនួន៥១ ៥៥១​តោន បាន​កើនឡើងចំនួន​​៩ ៨៦៣តោន (=+២៤%) ធៀប​នឹងខែមុននិងបានកើនឡើងចំនួន​៤ ៤៤២តោន (=+៩%) ធៀប​នឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមក​ដល់ខែ​នេះ បរិមាណផលិតផលសរុបមាន​​ចំនួន៣២៨ ៩៨១​តោន បានថយចុះចំនួន១១ ៨៧២តោន (=+៣,៧%) ធៀប​​​នឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះ បរិមាណ​បញ្ចេញលក់មានចំនួន៤៨ ១១៩តោន បានកើនឡើងចំនួន៧ ៧៥១​តោន (=+១៩%) ធៀបនឹងខែមុន ​និងបានកើនឡើងចំនួន១ ១៤១តោន (=+២%) ធៀបនឹងខែដូចគ្នា​ក្នុង​ឆ្នាំ២០២១។​ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន​៣២២ ៥៨៦តោន បានកើនឡើងចំនួន៩ ១៣៩តោន (=+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ២៣១US$/តោន បានថយចុះ ៣១US$/តោន (=-២,៥%) ធៀបនឹងខែមុន និង​បានថយចុះ ៤៣៨US$/តោន (=-២៦%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៤៤៤US$/តោន បានថយចុះ ២១៩US$/តោន (=-១៣,២%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២១។​

យោងតាមរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកដែលបានកត់ត្រាមានកំណើន ២,៧% ដោយមានបរិមាណចំនួន១,៤២៦លានតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានបរិមាណចំនួន១,២៨៩លានតោន។ ខណៈដែលតម្រូវការកៅស៊ូពិភពលោកត្រូវបានព្យាករថា កើនឡើង ០,៦% ពីបរិមាណចំនួន១,២៩៤លានតោន ដល់ ១,៣០១លានតោន ក្នុងអំឡុងពេលយោងដូចគ្នា។

នៅក្នុងទីផ្សារកៅស៊ូទិញ-លក់ភ្លាមៗ កៅស៊ូភាគច្រើនបានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ លើកលែងតែកៅស៊ូនៅក្នុងទីក្រុងគួរឡា- ឡាំពួរ។ ក្នុងខែវិច្ឆិកានេះ ថ្លៃកៅស៊ូក្នុងមួយថ្ងៃជាមធ្យមប្រហែល១,០៤ដុល្លារអាម៉េរិក ដែលបានកើនឡើង ៣% បើធៀបនឹងខែមុន។ ខណៈដែលទីផ្សារកៅស៊ូទិញ-តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃបានងើបឡើងវិញ នៅពេលដែលវិធានការ Covid-19​ នៅក្នុងប្រទេសចិនបានធូរស្រាលក្នុងអំឡុងចុងខែនេះ ហើយសកម្មភាពពាណិជ្ជកម្មក៏បានងើបឡើងវិញផងដែរ ដោយសារតែមានតម្រូវការកៅស៊ូនៅចុងឆ្នាំ មុនថ្ងៃបុណ្យចូលឆ្នាំចិន៕

ព័ត៌មានចុងក្រោយ