×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែតុលា ឆ្នាំ២០២២

សម្រាប់ខែតុលាស្ថានភាពថ្លៃកៅស៊ូធម្មជាតិក្នុងខែតុលានេះ​ បានបង្ហាញការធ្លាក់ចុះនៅក្នុងបណ្តាប្រទេសអ្នកផលិតកៅស៊ូធម្មជាតិ។​ កត្តាសំខាន់ៗដែលមានឥទ្ធិពលលើថ្លៃកៅស៊ូនេះ គឺការឡើងនៃក្តីបារម្ភចំពោះភាពមិននឹងហ្ននៃសេដ្ឋកិច្ចពិភពលោក ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្តាលអាម៉េរិក និងកំណើនអតិផរណាសេដ្ឋកិច្ចបណ្តាប្រទេសទាំងអស់នៅក្នុងភិភពលោក។ នៅក្នុងខែនេះ ដែរគេសង្កេតឃើញមានកត្តាមិនល្អខ្លះដែលបង្ករអោយប៉ះពាល់ដល់ចំការកៅស៊ូនៃបណ្តាប្រទេសផលិតកៅស៊ូមួយចំនួន​​ ក្នុងនោះផលិតកម្មកៅស៊ូធម្មជាតិប្រទេសសេរីលង្ការរងគ្រោះដោយសារការរាត​ត្បាតជំងឺ pestalotiopsis  ផលិតកម្មកៅស៊ូធម្មជាតិចិនរងគ្រោះដោយសារឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុងឈ្មោះ Nesat ជាដើម។ ទោះបីជាយ៉ាងណា សម្រាប់ខែនេះស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជាបាន​បង្ហាញ​ថា ផ្ទៃដីកៅស៊ូសរុបមាន​ចំនួន​៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន​៣១០  ១៩៣​ហិក​តា ស្មើនឹង​៧៧% និងផ្ទៃដីថែ​ទាំ​ចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។  ក្នុងខែនេះបរិមាណ​ផលិតផលសរុប​មាន​ចំនួន៣៩ ១៧៤​តោន បាន​កើនឡើងចំនួន៥ ២៦១តោន (=+១៦%) ធៀប​នឹងខែមុននិងបានថយចុះចំនួន​៥៥០តោន (=-១%) ធៀប​នឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមក​ដល់ខែ​នេះបរិមាណផលិតផលសរុបមាន​​ចំនួន២៦៨ ០១៦​តោន បានថយចុះចំនួន១ ៩៨៤តោន (=-១%) ធៀប​​​នឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះបរិមាណ​បញ្ចេញលក់មានចំនួន៣៧ ៣១៨ តោន បានកើនឡើងចំនួន៣ ៧៣២​តោន (=+១១,១%) ធៀបនឹងខែមុន​និងបានថយ​ចុះចំនួន២ ២៨០​តោន (=-៦%) ធៀបនឹងខែដូចគ្នា​ក្នុង​ឆ្នាំ២០២១។​ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន២៦៤ ៩១៨តោន បានថយចុះចំនួន១ ៥៥២តោន (=-១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ២៦៦US$/តោន បានថយចុះ ៤៤US$/តោន (=-៣,៣៨%) ធៀបនឹងខែមុន និង​បានថយចុះ៣៧៩US$/តោន​ ​(=-២៣%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៤៨២US$/តោន បានថយចុះ១៨១US$/តោន (=-១១%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២១។​

យោងតាមរបាយការណ៍បប្រចាំខែតុលា ឆ្នាំ២០២២ របស់សមាគមបណ្តាលប្រេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកមានចំនួន១,៤៣៥​លាន តោន ដែលក្នុងនោះបរិមាណកៅស៊ូប្រហែល ៨៧% បានមកពីប្រទេសជាសមាជិក ANRPC។  ទន្ទឹមនឹងនោះ កំណើននៃតម្រូវការកៅស៊ូធម្មជាតិពិភពលោកដែលបានកត់ត្រាគឺ១,២% ដែលឡើងដល់បរិមាណ១,៣០២លាន​ តោន ក្នុងអំឡុងពេលដូចគ្នានេះ។ ទីផ្សារកៅស៊ូនៅទូទាំងប្រទេសផលិតកៅស៊ូធំៗ បានបង្ហាញនិន្នាការថ្លៃធ្លាក់ចុះក្នុងខែតុលា ឆ្នាំ២០២២ នេះ។

ទីផ្សារកៅស៊ូដុំ សម្រាប់កៅស៊ូប្រភេទ SMR 20 បានធ្លាក់ចុះនៅក្នុងខែតុលា ឆ្នាំ២០២២នេះ បើធៀបនឹងខែមុន ខណៈដែលកៅស៊ូប្រភេទ TSR 20 បានរក្សាថ្លៃជាមធ្យមរបស់វានៅដដែរ។ ចំពោះទីផ្សារកៅស៊ូប្រភេទ RSS មាននិន្នាការប្រែប្រួលរវាងកៅស៊ូប្រភេទ RSS 3 នៅ        ទីផ្សារបាងកក និងកៅស៊ូប្រភេទ RSS 4 នៅទីផ្សារកូតូយ៉ាម។ កៅស៊ូប្រភេទ RSS 3 នៅទីផ្សារបាងកកបានបង្កើនថ្លៃជាមធ្យមរបស់វា ដោយមិនបានរំពឹងទុក ខណៈដែលថ្លៃកៅស៊ូប្រភេទ RSS 4 នៅទីផ្សារកូតូយ៉ាមបានធ្លាក់ចុះតិចតួចក្នុងអំឡុងខែនេះ។

ក្តីបារម្ភចំពោះសេដ្ឋកិច្ចពិភពលោកបានកើនឡើង បន្ទាប់ពីធានាគារកណ្តាលអាម៉េរិកបានធ្វើការតម្លើងថ្លៃមួយកម្រិតទៀត ចំនួន៧៥ពិន្ទុមូល- ដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណានៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានរំពឹងថានឹងអាចមានធានាគារកណ្តាលផ្សេងទៀតនឹងធ្វើការផ្លាស់ប្តូរអាត្រាការប្រាក់ដូចគ្នានេះដែរ។ ជាលទ្ធផល ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីជំងឺរាតត្បាតក្រោមសម្ពាធអតិផរណាសេដ្ឋកិច្ច និងការចំណាយលើការខ្ចីប្រាក់ខ្ពស់អាចនឹងក្លាយជាឧបសគ្គ។ ទោះបីជាតម្រូវការកៅស៊ូធម្មជាតិពិភពលោកនៅឆ្នាំនេះមានកំណើន យឺតក៏ដោយ ក៏តម្រូវការកៅស៊ូធម្មជាតិពិភពលោកត្រូវបានរំពឹងថានឹងកើនឡើង២,១% ដែលមានបរិមាណចំនួន១៤,៨០៥លានតោន ធៀបនឹងឆ្នាំ២០២១ ដែលមានបរិមាណចំនួន១៤,៤៩៥លានតោន៕

ព័ត៌មានចុងក្រោយ