កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគ្គនាយកដ្ឋានកៅស៊ូបានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយក- ដ្ឋានកៅស៊ូ ដែលមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញសរុបចំនួន២៥នាក់។
កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យនិងពិភាក្សាលើការស្នើសុំបន្ថែមសកម្មភាពវិនិយោគនិងលក្ខណៈវិនិច្ឆ័យលើវិស័យកៅស៊ូ សម្រាប់ដាក់បញ្ចូលក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់រួចមក និងសម្រេចស្នើបន្ថែមសកម្មភាពវិនិយោគ និងលក្ខណៈវិនិច្ឆ័យចំនួន២ ដូចខាងក្រោម៖
១. ឈ្មោះសកម្មភាពវិនិយោគ៖ ការដាំកៅស៊ូ (Rubber Planting)។ លក្ខណៈវិនិច្ឆ័យ៖ ទុនវិនិយោគសមមូលទាបជាង១ ០០០ ០០០ (មួយលាន)ដុល្លារអាម៉េរិក ឬទំហំដីតិចជាង២០០ (ពីររយ) ហិកតា (ថ្លៃដើមវិនិយោគ៖ ៥០០០ដុល្លារអាម៉េរិក/ហិកតា)។
២. ឈ្មោះសកម្មភាពវិនិយោគ៖ ការកែច្នៃផលិតផលកៅស៊ូ (Rubber Products Processing)។ លក្ខណៈវិនិច្ឆ័យ៖ ទុនវិនិយោគសមមូលទាបជាង៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាម៉េរិក (យោងប្រកាស០៤០ប្រក.កសក. ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១)។