×
និន្នាការកៅស៊ូក្នុងខែកញ្ញា ឆ្នាំ២០២២

១.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុន

និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនដូចជា៖ សៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការស្រដៀងគ្នាក្នុងចន្លោះខែសីហា-ខែកញ្ញា ឆ្នាំ២០២២នេះ។

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ បានបង្ហាញនិន្នាការជារាងអក្សរ “V”។ កត្តាដែលធ្វើឲ្យថ្លៃកៅស៊ូធ្លាក់ចុះក្នុងអំឡុងដើមខែកញ្ញា ឆ្នាំ២០២២នេះ ដោយសារការចុះខ្សោយសកម្មភាពក្នុងផ្នែកលំហូរខាងក្រោម ប៉ុន្តែនៅតែចាត់ទុកថាជារំញោចវិជ្ជមានល្អជាងទិន្នន័យដែលបង្ហាញកាលពីអំឡុងខែសីហា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយថ្លៃកៅស៊ូក៏បានងើបឡើងវិញយ៉ាងឆាប់រហ័សរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ គិតជាមធ្យមបានកើនដល់១២ ៨៨១យ័ន/តោន។ ការកើនឡើងថ្លៃកៅស៊ូគឺផ្អែកលើរយៈពេលកិច្ចសន្យា បើធៀបនឹងថ្លៃកៅស៊ូកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងបានកើនឡើងចាប់ពី ១២ ២៧០យ័ន/តោន ដល់ ១៣ ០០០យ័ន/តោននៅថ្ងៃចុងខែកញ្ញា ឆ្នាំ២០២២។

ការធ្លាក់ចុះថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែសីហា ឆ្នាំ២០២២ គឺបានទទួលរងឥទ្ធិពលពីតម្រូវការធ្លាក់ចុះនិងអត្រាផ្នែកលំហូរខាងក្រោមចុះទាប។ នៅតំបន់ខ្លះនៃប្រទេសចិនក៏ប្រឈមនឹងកង្វះថាមពល ខណៈពេលដែលអាកាសធាតុកាន់តែក្តៅខ្លាំងនិងរឹតបន្តឹងការផ្គត់ផ្គង់ថាមពលរបស់ខ្លួនក្នុងមូលដ្ឋាន។ ស្របពេលដែលកម្មវិធីជំរុញលើកទឹកចិត្តរបស់រដ្ឋាភិបាលបានដាក់ចូលជាធរមាននៅ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងការជួយឧស្សាហកម្មកៅស៊ូឲ្យងើបឡើងវិញ ដែលឆ្លុះបញ្ជាំងពីពាណិជ្ជកម្មកៅស៊ូទិញលក់តាមកិច្ចសន្យានៅក្នុងខែនេះផងដែរ។ ក្រាហ្វិកទី១ នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារ ហ៊ុនសៀងហៃ សម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៩ ​    ខែកញ្ញា ឆ្នាំ២០២២

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរី បានបង្ហាញនិន្នាការធ្លាក់ចុះក្នុងចន្លោះខែសីហា - ខែកញ្ញា ឆ្នាំ២០២២នេះ។ ថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុន​សឹង្ហបុរីសម្រាប់វិច្ឆិកាបានបង្ហាញក្នុងក្រាហ្វិកទី២ ចាប់ពីថ្ងៃទី១ ខែសីហា - ខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីបានធ្លាក់ចុះ ១៥% ដោយផ្អែកលើថ្លៃអតិបរមានិងអប្បបរមាក្នុងចន្លោះខែសីហា-ខែកញ្ញា ឆ្នាំ ២០២២។ ថ្លៃកៅស៊ូបានធ្លាក់ចុះបន្តិចម្តងៗរហូតដល់១,៤៦ដុល្លារសឹង្ហបុរី/គ.ក្រក្នុងខែសីហា និង ១,៣២ដុល្លារសឹង្ហបុរី/គ.ក្រក្នុងខែកញ្ញា។

ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអំឡុងថ្ងៃទី១ ខែសីហា - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

ក្រាហ្វិកទី៣ នឹងពិពណ៌នាអំពីនិន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងចន្លោះថ្ងៃទី១ ខែសីហា - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាគិតជាមធ្យម ២២៩យ៉េន/គ.ក្រ ក្នុងខែសីហា និង ២២៣យ៉េន/គ.ក្រក្នុងខែកញ្ញា ឆ្នាំ២០២២។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានបង្ហាញនិន្នាការដូចនឹងនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ទោះបីជា ការធ្លាក់ចុះថ្លៃកៅស៊ូនៅដើមខែកញ្ញាដូចនៅទីផ្សារហ៊ុនសៀងហៃ ប៉ុន្តែថ្លៃកៅស៊ូក៏បានកើនឡើងវិញដល់ ២៣០យ៉េន/គ.ក្រនៅចុងខែកញ្ញា និងនៅតែមានក្តីបារម្ភចំពោះឱនភាពសេដ្ឋកិច្ចសកលលោកដែលនឹងជះឥទ្ធិពលដល់ រំញោចទីផ្សារ។

ក្រាហ្វិកទី៣៖ និន្នាការថ្លៃកៅស៊ូប្រភេទ  RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា សម្រាប់កុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងថ្ងៃទី១                 ខែសីហា - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

២.និន្នាការថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ

ក្នុងអំឡុងថ្ងៃទី១ ខែសីហា-ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូដុំនៅទីផ្សារបាងកកនិងទីផ្សារគួឡារ​​ឡាំពួរបានធ្លាក់ចុះជាបន្តបន្ទាប់ស្របតាមថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានិងថ្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent ។ ថ្លៃកៅស៊ូប្រភេទ SMR-20 នៅទីផ្សារគួឡារឡាំពួរបានធ្លាក់ចុះមកត្រឹម ១,៣៤$​/​គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ ដែលមានតម្លៃ ១,៥$​/គ.ក្រ។ តារាងខាងក្រោមនឹងបង្ហាញនិន្នាការថ្លៃ​កៅស៊ូ​ដុំនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗដោយសង្ខេប៖

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

កក្កដា

សីហា

កញ្ញា

SMR-20

១,៥៩

១,៥០

១,៣៤

SRT-20

១,៥៩

១,៥៣

១,៣៥

 

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងគួឡាឡាំពួរ ($/១០០គ.ក្រ)

និន្នាការថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងទីផ្សារកូតូយ៉ាមបានធ្លាក់ចុះនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២នេះ។ ថ្លៃកៅស៊ូប្រភេទ RSS-3 នៅទីផ្សារបាងកកបានធ្លាក់មកត្រឹម ១,៥៧$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ មានតម្លៃ ១,៧១$/គ.ក្រ ខណៈពេលដែលថ្លៃកៅស៊ូប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាមបានធ្លាក់ចុះមកត្រឹម ១,៨៧$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ មានតម្លៃ ២,០៦$/​គ.ក្រ។ យោងតាមការអង្កេត គម្លាតរវាងថ្លៃកៅស៊ូប្រភេទ RSS-3 និង RSS-4 គិតជាមធ្យមក្នុងរង្វង់ ០,៣០$/​គ.ក្រ។ តារាងខាក្រោមនឹងសង្ខេបអំពីថ្លៃកៅស៊ូប្រភេទ RSS-3 និង RSS-4 នៅចន្លោះខែកក្កដា-កញ្ញា ឆ្នាំ២០២២នេះ៖

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

កក្កដា

សីហា

កញ្ញា

RSS-3 (បាងកក)

១,៨៧

១,៧១

១,៥៧

RSS-4 (កូតូយ៉ាម)

២,២០

២,០៦

១,៨៧

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតាយ៉ាម ($/១០០គ.ក្រ)

 

និន្នាការថ្លៃទឹកជ័រខាប់ (Latex 60%) នៅទីផ្សារគួឡាឡាំពួរក្នុងខែកញ្ញា ឆ្នាំ២០២២នេះ បានធ្លាក់ចុះបន្តបន្ទាប់ ៨​,៥% ក្នុងតម្លៃ ១,០៧$/គ.ក្រ បើធៀបនឹងខែសីហា ឆ្នាំ២០២២ មានតម្លៃ ១,១៧$/គ.ក្រ។ តារាងនិងក្រាហ្វិកខាងក្រោមនឹងបរិយាយដោយសង្ខេបអំពីស្ថានភាពថ្លៃទឹកជ័រខាប់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២។

ខែ

ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ)

កក្កដា

សីហា

កញ្ញា

ទឹកជ័រខាប់

១,២២

១,១៧

១,០៧

 

ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ ($/១០០គ.ក្រ)

៣. ទស្សនវិស័យទីផ្សាររយៈពេលខ្លី

កត្តាវិជ្ជមានមួយចំនួនដែលអាចទ្រទ្រង់ដល់ការងើបឡើងវិញ ក្រោយជំងឺរាតត្បាតក្នុងវិស័យ​កៅស៊ូ​ធម្មជាតិ​មានដូចជា៖

  • វិធានការជួយជំរុញដែលអនុវត្តដោយប្រទេសចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួនចំពេលមានសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេស ដែលបណ្តាលមកពីគោលនយោបាយកូវីតសូន្យនិងវិបត្តិ​អចលនទ្រព្យ។ រដ្ឋាភិបាលចិនក៏បានធ្វើការកាត់បន្ថយអត្រាការប្រាក់សំខាន់ៗ ដើម្បីជំរុញសេដ្ឋកិច្ច។
  • ដោយសារកៅស៊ូធម្មជាតិ ៦០% ត្រូវបានប្រើប្រាស់យ៉ាងច្រើនសម្រាប់ឧស្សាហកម្មសំបក​កង់​ជាមួយនឹងសូចនាករសេដ្ឋកិច្ចដ៏ល្អ​​នៃឧស្សាហកម្មយានយន្តនៅក្នុងប្រទេសចិននិងឥណ្ឌា ពិសេស​ការ​លក់យានយន្តថ្មីៗ​បានធ្វើឲ្យអនាគតរបស់ខ្លួនមានពន្លឺនៅក្នុងឧស្សា- ហកម្មកៅស៊ូ។
  • កំណើននៃតម្រូវការកៅស៊ូធម្មជាតិពិភពលោករំពឹងថា នឹងកើន ០,៥% ដែលបរិមាណ​ស្មើ​នឹង ១,២៩១​លាន​តោននៅខែខាងមុខនេះ។
  • សន្និធិកៅស៊ូជាមធ្យមប្រចាំសបា្តហ៍ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃបានកើនឡើង ២៨៣ ៨៤៨​​តោន​ ក្នុងអំឡុងខែសីហា ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​មុនដែលមានចំនួន ២០៩ ៧៨៧តោន។ ដោយឡែកសន្និធិកៅស៊ូប្រចាំសប្តាហ៍ជាមធ្យមនៅក្នុងខែកញ្ញា ឆ្នាំ​២០២២ បានកើនឡើង២៩៥ ៣២១តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន​ ២៣៣ ៣៣៩តោន។ ​

ទោះយ៉ាងណាក៏មានកត្តាមួយចំនួនទៀតអាចបង្កផលប៉ះពាល់ដល់ការងើប​ឡើងវិញនៃឧស្សាហកម្ម​កៅស៊ូ​ធម្មជាតិក្នុងរយៈពេលខ្លី រួមមាន៖

  • ទស្សនវិស័យអាប់អួលដែលបានព្យាករណ៍ដោយអ្នកសេដ្ឋកិច្ចវិទូភាគច្រើន ចំពេលមានការកើនឡើងនៃសម្ពាធអតិផរណា ការដំឡើងអត្រាការប្រាក់ និងជម្លោះភូមិសាស្រ្តនយោបាយ​ផ្សេងៗទៀត​នៅជុំវិញពិភពលោក
  • ទស្សនវិស័យធ្លាក់ចុះដែលបានព្យាករណ៍នៅក្នុងទីផ្សារយានយន្តពិភពលោកសម្រាប់ឆ្នាំ២០២២ បន្ទាប់ពី​អត្រាការប្រាក់របស់ធនាគារកណ្តាលមួយផ្សេងទៀតកំពុងបង្កើនការចំណាយលើការខ្ចីប្រាក់។ ប្រការនេះអាចកាត់បន្ថយការលក់យានយន្តថ្មីនៅប៉ុន្មានខែខាងមុខនេះ
  • ស្ថានភាពធ្លាក់ចុះនៅក្នុងទីផ្សារប្រេងឆៅក៏អាចជះឥទ្ធិពលមិនល្អដល់ស្ថានភាពទីផ្សារកៅស៊ូ​​ផងដែរ
  • ក្នុងអំឡុងខែតុលា ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកប្រចាំខែបានព្យាករថា នឹង​កើនឡើងខ្ពស់ជាងតម្រូវការកៅស៊ូធម្មជាតិពិភពលោកប្រចាំខែ ដែលធ្វើឲ្យស្ថានភាពនៅក្នុងទីផ្សារ​កៅស៊ូកាន់តែអាក្រក់ឡើងជាមួយនឹងបញ្ហាផ្សេងៗទៀត
  • ហានិភ័យខ្ពស់នៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងកាលៈទេសៈ​នេះ ធ្វើឲ្យសេដ្ឋកិច្ចរងផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចទៅហើយពីជំងឺរាតត្បាតកូវីដនិងវិធានការផ្សេងៗ ដើម្បីទប់ទល់នឹង​អតិផរ​ណានិងស្ថិរភាព​នៃស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសរៀងៗខ្លួន
  • ការព្យាករតម្លៃប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំដែលផ្តល់ដោយ​ធនាគារកណ្តាល​អាម៉េរិកនៃ​ការឡើងការប្រាក់ខ្ពស់នាពេលថ្មីៗនេះ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ​​ប្រយុទ្ធ​ប្រឆាំងនឹងអតិផរណាដ៏សម្បើម​​​នៅក្នុងសហរដ្ឋអាម៉េរិក៕
ព័ត៌មានចុងក្រោយ