×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកញ្ញា ឆ្នាំ២០២២

ស្ថានភាពផលិតកម្មនៅតែបន្តកើនឡើងខ្ពស់សម្រាប់ខែនេះ។ ចំពោះផលិតកម្មខែសីហានិងខែកញ្ញានៅតែបន្តកើនឡើង។ វាបានកើនឡើង លើសពីឆ្នាំ២០២១ ចំនួន៧១ ០០០តោន ដែលធ្វើឲ្យបរិមាណសរុបទាំងពីរខែកើនឡើងដល់២,៦៩៣លានតោន ធៀបរយៈពេលដូចគ្នានៅឆ្នាំមុន។​ ការផ្គត់ផ្គង់លើស​នៅ​​ពេលនេះបានប៉ះពាល់ដល់ថ្លៃកៅស៊ូធម្មជាតិលើទីផ្សារទាំងនៅទីផ្សារទិញ-លក់ភ្លាមៗ (Physical Markets) និង ទីផ្សារអនាគត (Future Markets)។ ក្រៅពីកត្តាការផ្គត់ផ្គង់នៅមានកត្តាអវិជ្ជមានជាច្រើនដែលជំរុញឲ្យថ្លៃកៅស៊ូធម្មជាតិធ្លាក់ចុះរួមមាន៖​ ការដំឡើង​អត្រា​កា​រប្រាក់របស់ធនាគារកណ្តាលអាម៉េរិក អតិផរណាបានបន្តកើនឡើងជាសកល ការធ្លាក់ចុះថ្លៃប្រេងឆៅ និងការធ្លាក់ចុះសកម្មភាពផលិតនៅប្រទេសចិន។ល។ សម្រាប់ខែនេះ ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជាបាន​បង្ហាញ​ថា ផ្ទៃដីកៅស៊ូសរុប​មាន​ចំនួន​៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន​៣១០ ១៩៣ហិក​តា ស្មើនឹង​៧៧% និងផ្ទៃដីថែ​ទាំ​ចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។  ក្នុងខែនេះ​បរិមាណ​ផលិតផលសរុប​មាន​ចំនួន៣៣ ៩១៣តោន បាន​កើនឡើងចំនួន១ ៣៧៧តោន (=+៤%) ធៀប​នឹងខែមុននិងបានថយចុះចំនួន​៨៩៧តោន (=-៣%) ធៀប​នឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមក​ដល់ខែ​នេះ បរិមាណផលិតផលសរុបមាន​​ចំនួន២២៨ ៨៤២តោន បាន ថយចុះចំនួន១ ៤៣៤តោន (=-១%) ធៀប​​​នឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះបរិមាណបញ្ចេញលក់មានចំនួន៣៣ ៥៨៦តោន បានកើនឡើងចំនួន១ ១៣៥​តោន (=+៣,៥%) ធៀបនឹងខែមុន ​និងបានថយចុះចំនួន៧២៦តោន (=-២%) ធៀបនឹងខែដូចគ្នា​ក្នុង​ឆ្នាំ ២០២១។​ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន២២៧ ៦០០តោន បានកើនឡើងចំនួន៧២៧តោន (=+០,៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង១ ៣១១US$/តោន បានថយចុះ១២១US$/តោន (=-៨,៤%) ធៀបនឹងខែមុន និង​បានថយចុះ៣១៨US$/តោន (=-២០%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង  ១ ៥១៧US$/តោន បានថយចុះ១៤៨US$/តោន (=-៩%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២១។​

យោងតាមរបាយកណ៍ប្រចាំខែសីហា ឆ្នាំ២០២២ របស់សមាគនបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ក្នុងអំឡុងខែសីហានិងខែកញ្ញា ឆ្នាំ២០២២ ការកើនឡើងនៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោក (NR) ដែលបានកត់ត្រាមានចំនួន ៧១ ០០០តោន បរិមាណសរុបឡើងដល់២,៦៩៣លានតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯតម្រូវការពិភពលោកក៏បានកើនឡើងចំនួន ៨៥ ០០០តោន ឡើងដល់២,៤៥៦​លានតោន​ ធៀបនឹងក្នុងអំឡុងពេលដូចគ្នានេះ។ ការផ្គត់ផ្គង់លើសក្នុងអំឡុងពេលនេះ អាចរួមចំណែកដល់ការប្រែប្រួលថ្លៃកៅស៊ូធម្មជាតិទាំងនៅទីផ្សារទិញ-លក់ភ្លាមៗ (Physical Mmarkets) និងទីផ្សារអនាគត (Futures markets)។​ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ដោយសហព័ន្ធទុនបម្រុង (Federal Reserve) នាពេលថ្មីៗនេះ បានបង្ហាញនូវសញ្ញានៃការកើនឡើងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំពីរលើកផ្សេងគ្នា ដែលត្រូវនឹងរៀបចំឡើងរហូតដល់បំណាច់ឆ្នាំនេះ ជាមួយនឹងការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការប្រយុទ្ធប្រឆ្នាំងនឹងអតិផលរណាដ៏សម្បើមនៅសហរដ្ឋអាម៉េរិក។ ការដំឡើងអត្រាការប្រាក់នេះធ្វើឲ្យប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ បើធៀបនឹងរូបិយ- ប័ណ្ណនៃបណ្តាប្រទេសដែលកំពុងរីកចម្រើន។ ភាពរឹងមាំនៃប្រាក់ដុល្លារអាម៉េរិកក៏នាំឲ្យថ្លៃកៅស៊ូធ្លាក់ចុះផងដែរ ដោយសារតែរូបិយប័ណ្ណរបស់ប្រទេសផលិតធំៗភាគច្រើនបានបាត់បង់ភាពរឹងមាំ​ ទល់នឹងប្រាក់ដុល្លារ៕

ព័ត៌មានចុងក្រោយ