×
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តស្ទឹងត្រែង

នៅថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២២​ នាយក​ដ្ឋានអភិវឌ្ឍន៍កៅស៊ូបានបើកមហាសន្និបាតកំណើតដំបូងសហគមន៍​កសិកម្ម​​​កៅ​ស៊ូ​​​​​​​​​គ្រួសារនៅសាលប្រជុំមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គ- នាយកនៃអគ្គនាយក​ដ្ឋាន​​​កៅស៊ូ ឯកឧត្តម យឹម ផែន អភិបាលរង​នៃគណៈ​អភិបាលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទខេត្ត​ស្ទឹងត្រែង ព្រមទាំងមាន​កសិករ​កៅស៊ូ​គ្រួសារចូល​រួម​​សរុប​ចំនួន​​​៣៥នាក់​ (ស្រី៦នាក់)។ ក្នុងគោ​ល​បំណង៖ ១.លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កសិករជាសមាជិកសហគមន៍និង ២.ចូលរួម​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​​​ជនបទនិងសេដ្ឋ​កិច្ចសហ- គមន៍ជនបទនិងសេដ្ឋកិច្ចជាតិ។

ជាកិច្ចចាប់ផ្តើមលោក ទុំ នីរ៉ូ បានមានមតិ​ស្វា​គមន៍និងរាយការណ៍អំពីស្ថានភាពការអភិវឌ្ឍន៍​វិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំកៅស៊ូ​នៅក្នុងខេត្តស្ទឹងត្រែង។

បន្ទាប់​​មកឯកឧត្តម យឹម ផែន បានសំណេះ​សំណាល​និងថ្លែងអំណរ​គុណ​​​ដល់ក្រុម​ការ​ងារ​អគ្គ​​នាយកដ្ឋាន​កៅស៊ូ​​ដែលបានយកចិត្តទុកដាក់​ ជួយ​ជ្រោមជ្រែងនិង​សហការ​ជាមួយ​មន្រ្តី​ជំនាញ​​​​​របស់​​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តស្ទឹងត្រែង ក្នុងការចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារនេះ​ឡើង។ ឯកឧត្តម​បាន​បន្ថែម​​ថា ការ​បង្កើត​​​​សហគមន៍​កសិកម្មដំណាំកៅស៊ូនេះនឹងជួយដល់​កសិករ​ដាំដុះ​ដំណាំ​កៅស៊ូក្នុង​ការ​រកស៊ីរួម​គ្នាជា​ក្រុម ងាយស្រួល​ក្នុង​ការ​​ទិញ-លក់របស់កសិករនិងជួយពង្រឹងសមត្ថភាពកសិករកៅស៊ូគ្រួសារផងដែរ។ ជាចុងក្រោយ​ឯកឧត្តម​​​​បាន​​​សំណូមពរ​ដល់កសិករកៅស៊ូគ្រួសារដែលចូលរួមទាំងអស់ គួរតែចូលរួមក្នុង​សហគមន៍​កសិកម្មកៅស៊ូគ្រួសារ​ឱ្យ​បាន​​​​​​​​​​គ្រប់គ្នា ដើម្បី​ទទួល​បានអត្ថប្រយោជន៍ពីសហគមន៍កសិកម្មនេះ ក៏ដូចជាលើក​ស្ទួយ​វិស័យ​​​កៅស៊ូ​ឱ្យរីក​ចម្រើន​ផង​ដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ឹម អូន បាន​មានមតិបើកមហាសន្និបាតកំណើត​ដំបូងសហគមន៍​កសិកម្មកៅស៊ូ​គ្រួសារនៅខេត្ត​ស្ទឹងត្រែង ដោយបាន​បញ្ជាក់​ថា ការ​បង្កើត​សហគមន៍​កសិកម្ម​​កៅស៊ូគ្រួសារ​នេះកសិករ​នឹងទទួលបាន​នូវអត្ថ​ប្រយោ​ជន៍​ជាច្រើនដូចជា៖

  • លើកកម្ពស់គុណភាពកសិផលឬផលិតផល និងកាត់បន្ថយថ្លៃដើមផលិត​កម្មកសិកម្មរបស់សមាជិក​សហគមន៍តាមរយៈការ​ទិញ​សម្ភារនិងឧបករណ៍កសិកម្មនៅ​​មូលដ្ឋាន​​​ ព្រមទាំង​ធានា​គុណ​ភាព
  • ទទួលបានទីផ្សារនិងពង្រីកឱកាសទីផ្សារកសិផលរបស់កសិករ និងលើកកម្ពស់អំណាច​​​ចរចា​ថ្លៃ​ផលិតផលលើទីផ្សារដែលកាត់បន្ថយការកេងប្រវ័ញ្ចរបស់ឈ្មួញកណ្តាល ​តាម​រយៈការទិញលក់ធាតុចូល​កសិកម្មនិង​កសិ​ផល​រួម​គ្នា
  • ផ្តល់សេវាឥណទានដល់សមាជិកក្នុងអត្រាការប្រាក់ទាបជាងផ្នែកឯកជន
  • ផលិតកសិផលឬផ្តល់សេវាកម្មណាដែលកសិករម្នាក់ៗមិនអាចធ្វើបាន
  • បង្កើនប្រាក់ចំណូល​គ្រួសារជាសមាជិក​សហគមន៍ តាមរយៈការ​ទទួលបាន​ប្រាក់​ចំណេញ​ពី​មុខ​របរជំនួញទៅតាមសមាមាត្រភាគហ៊ុនដែលបានជាវ
  • បង្កើនចំណេះដឹងនិងសមត្ថភាពលើផ្នែកបច្ចេកទេសកសិកម្ម ការធ្វើជំនួញ និងការ​គ្រប់​គ្រងតាមបែប​ប្រជាធិបតេយ្យ
  • មានការទទួលស្គាល់និងទទួលបានការគាំទ្រ លើកទឹកចិត្តពីរាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា។

ជាចុងក្រោយ  ឯកឧត្ដម​​ប្រតិភូ  បានថ្លែងនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និង​នេសាទ​​​​​ខេត្ត​ស្ទឹងត្រែង ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ​មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ​ក្នុងការ​រៀបចំចង​ក្រង​រហូត​ឈាន​ទៅ​បង្កើតមហាសន្និបាតកំណើតដំបូងរបស់​​​សហគមន៍​នេះឡើង ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សា​ភិបាល​សហ​គមន៍ គណៈ​​​​​កម្មា​ធិការត្រួតពិនិត្យ និងសមាជិកទាំងអស់ដែល​បាន​ជាប់​​​​ឆ្នោតត្រូវសហការ​គ្នាឱ្យបានល្អ ទុក​ចិត្តគ្នា​ទៅវិញទៅមក មានតម្លាភាពនិងគណនេយ្យភាពដើម្បីបម្រើ​ផល​ប្រយោជន៍សហគមន៍ឲ្យមាន​ភាពរីកចម្រើន ជាពិសេសត្រូវ​ពង្រឹង​ជំនាញ​​​ក្នុង​ការដឹកនាំនិងគ្រប់គ្រងសហគមន៍​របស់​​ខ្លួន​ឱ្យមាន​ដំណើរការទៅរលូនល្អនិងជោគជ័យ។

ជាលទ្ធផល មហាសន្និបាតបានធ្វើការបោះ​ឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលចំនួន៥រូប ក្នុង​ចំណោមបេក្ខជនឈរឈ្មោះចំនួន៧រូប និងជ្រើស​តាំង​គណៈកម្មាធិការត្រួតពិនិត្យចំនួន៣រូប នៅក្នុង​ចំណោមបេក្ខជនឈរឈ្មោះចំនួន៥រូប។​​ បន្ទាប់ពី​ការបោះឆ្នោតបេក្ខជនជាប់ឆ្នោតទាំង៥រូបបានធ្វើការ​ពិភាក្សាផ្ទៃក្នុងដើម្បីបែងចែក​តួនាទី​ទៅ​តាម​ចំណេះនិងជំនាញដែលពួកគាត់មាន។ ចំពោះអ្នកមិនបានជាប់ឆ្នោតទាំងពីររូបបានស្ម័គ្រចិត្តឈរឈ្មោះ​ជា​បេក្ខភាពជា​គណៈកម្មាធិការត្រួតពិនិត្យបន្តទៀត។ សំខាន់ៗដូចខាងក្រោម ៖

១) ឈ្មោះសហគមន៍គឺ សហគមន៍​កសិកម្មកៅស៊ូ​គ្រួសារ​ស្ទឹងត្រែង ស.ក.ក.គ.ស” ឈ្មោះជា​​​​ភាសាអង់គ្លេស៖ Stung Treng​ Rubber Smallholder Agricultural Cooperative

២) អាសយដ្ឋានសហគមន៍ ៖ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

៣) ប្រតិបត្តិការមុខរបររបស់សហគមន៍មាន​ដូចជា ៖

ក.ផលិតកម្មកសិកម្ម

  • ផលិតកូនកៅស៊ូ
  • ផលិតមែកពូជកៅស៊ូ
  • ផលិតកូនស្វាយចន្ទី
  • ការធ្វើពិពិធកម្មកសិកម្ម។

ខ.កសិឧស្សាហកម្ម

  • កែច្នៃជ័រកៅស៊ូសន្លឹក (RSS)
  • សិប្បកម្មកៅស៊ូប្លុក (TSR)
  • កសិពាណិជ្ជកម្ម។

គ.ផ្គត់ផ្គងធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារបំពាក់ដើមកៅស៊ូ អាស៊ីតបង្កកជ័រ.....)

ឃ.សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម

  • ផ្តល់សេវាកម្មឥណទានកសិកម្ម ដល់សមាជិក
  • សេវាកម្មដឹកជញ្ជូនជ័រកៅស៊ូ។

៤) ប្រាក់សមាជិកភាពត្រូវបង់​ប្រចាំឆ្នាំ​ចំនួន​២០​ ០០០រៀល/នាក់/ឆ្នាំ

៥) តម្លៃភាគហ៊ុនស្មើនឹង​១០ម៉ឺន​រៀល/​ហ៊ុន

៦) ការបែងចែកប្រាក់ចំណេញ៖

ល.រ

បរិយាយ

%បែងចែក

មូលនិធិបម្រុង

២០%

មូលនិធិបណ្ដុះបណ្ដាល

៥%

មូលនិធិទ្រទ្រង់ការដឹកនាំ​សហគមន៍

៥%

មូលនិធិអភិវឌ្ឍន៍មុខជំនួញ

២៥%

មូលនិធិលើកទឹកចិត្ត

១០%

មូលនិធិអភិវឌ្ឍន៍សង្គម

៥%

ប្រាក់ភាគលាភ

៣០%

 

សរុប

១០០%

៧) ស្លាកសញ្ញាសំគាល់និងត្រា​របស់សហគមន៍

៨)​ លក្ខន្តិកៈសហគមន៍រួមមាន​១១​ជំពូក ៥៣​​ប្រការ និងបទបញ្ជាផ្ទៃក្នុង៦ជំពូក និង​២១​​​ប្រការ។

អង្គមហាសន្និបាតបានលើកដៃអនុម័តលើ​ខ្លឹម​សាររួម​នៃលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរប​ស់​សហគមន៍ដោយសម្លេងជាឯកច្ឆ័ន។​ក្រោយមក​អង្គមហាសន្និបាតបានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំដូចខាងក្រោម៖

  • កិច្ចប្រជុំសមាជិកក្រុមប្រឹក្សាភិបាល១ខែ​​ម្តង នៅរៀងរាល់ថ្ងៃទី១ ខែបន្ទាប់
  • ប្រជុំជាមួយសមាជិកសហគមន៍និងថ្នាក់ដឹកនាំ ២ខែម្តងនៅរៀងរាល់ថ្ងៃទី១ ខែបន្ទាប់។

សន្និដ្ឋាននិងសំណូមពរ

តាមរយៈការចងក្រងសហគមន៍កសិកម្មរហូតឈានដល់មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែងនេះបានបង្ហាញឱ្យឃើញថា កសិករ​កៅស៊ូ​​​គ្រួសារមានការចាប់​អារម្មណ៍ក្នុងការ​បង្កើត​សហគមន៍កសិកម្មកៅស៊ូគ្រួសារ និងចូលរួមពិភាក្សាយ៉ាងផុស​ផុល​​ជាមួយ​មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និង​​​​​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំង​ប្តេជ្ញា​ចិត្តដឹកនាំនិងគ្រប់គ្រង​សហគមន៍ដែល​បាន​បង្កើតថ្មីឱ្យមានការរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ បានសំណូមពរ​ដល់​អគ្គ​នាយកដ្ឋាន​​កៅស៊ូជួយសម្របសម្រួល​ផ្តល់ជា​គំនិតយោបល់និង​ ជួយរៀបចំឯកសារពាក់ព័ន្ធ​នានា​​​​​​​​​បន្តទៀត​ ដើម្បី​​​​ឱ្យ​សហគមន៍ដែល​ទើបបង្កើតថ្មីអាចចុះ​បញ្ជីនៅ​មន្ទីរ​​កសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទខេត្ត​ស្ទឹងត្រែងបាន​ដោយ​ជោគជ័យនិងបន្តជួយពង្រឹងសមត្ថ​ភាព​សហគមន៍​នៅ​ឆ្នាំក្រោយៗទៀត៕

ព័ត៌មានចុងក្រោយ