×
លទ្ធផលស្ដីពីការចុះពិនិត្យនិងវាយតម្លៃកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ

ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូបានចុះពិនិត្យនិងវាយតម្លៃកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូនៅខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក ឃុន កក្កដា អគ្គនាយករង​ នៃអគ្គនាយកដ្ឋានកៅស៊ូ។ បេសកកម្មនេះ មានគោលបំណង៖

  • ពិនិត្យតាមដាននិងវាយតម្លៃវឌ្ឍនភាព​របស់​​ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចក្នុងខេត្ត
  • ប្រមូលរបាយការណ៍វឌ្ឍនភាពនៃការ​វិនិ​យោគរបស់ក្រុមហ៊ុនដែលបានអនុវត្តកន្លងមក និងពិនិត្យស្ថានភាពនៃការអនុវត្តជាក់ស្តែង
  • ត្រួតពិនិត្យនិងវាយតម្លៃបច្ចេកទេស ស្រង់​ស្ថិតិផ្ទៃដីដាំដុះ ផ្ទៃដីអាជីវកម្ម ការប្រើប្រាស់ពូជ ការ​ប្រើប្រាស់កម្លាំងពលកម្ម និងតម្រូវការកម្លាំង​ពលកម្មបន្ថែម។   

ក.លទ្ធផលនៃការចុះពិនិត្យការងារនៅ​តាមបណ្តាក្រុមហ៊ុន

ក្រុមការងារបានចុះពិនិត្យវឌ្ឍនៈភាពតាម​បណ្ដាក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូក្នុងខេត្ត​ក្រចេះនិងខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលដូចមានខាង​ក្រោម៖

I. ខេត្តក្រចេះ (មាន៣១ក្រុមហ៊ុន) ដែលមាន៖

  • ផ្ទៃដីកិច្ចសន្យាសរុប = ១៦៧ ៦៥៥ ហ.ត
  • ផ្ទៃដីចុះបញ្ជីរួច​ = ៨៣ ៣៨៦​,២១ហ.ត (មាន២០ក្រុមហ៊ុន)
  • ផ្ទៃដីមានកៅស៊ូសរុប = ៤៦ ៣២៩,៦៥ ហ.ត ក្នុងនោះចៀរជ័រ= ២៤ ៦១៥,៤៥ ហ.ត និ​ង​ថែទាំ = ២១ ៧១៤,២០ ហ.ត
  • ប្រើប្រាស់ពលកម្មសរុបចំនួន៧ ៧០១នាក់ ក្នុងនោះ៖ (១) ​បុគ្គលិកខ្មែរចំនួន៣៩០នាក់ ​និងបរទេស​ចំនួន៣៧៣នាក់ (២) កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន៥ ៦៤០នាក់ និង​កម្មករអណ្តែតចំនួន១ ២៩៨នាក់
  • តម្រូវការកម្មករចៀរជ័របន្ថែមចំនួន១១០​នាក់។
  • ២០ក្រុមហ៊ុនបានបញ្ជប់ការចុះបញ្ជីដីឯកជនរ​បស់រដ្ឋរួចរាល់ (ផ្ទៃដីចំនួន៨៣ ៣៨៦,​២១ហ.ត) និង១១ក្រុមហ៊ុនកំពុងអនុវត្ត
  • ១២ក្រុមហ៊ុនអនុវត្តការកែសម្រួលកិច្ចសន្យាថ្មីមកត្រឹម៥០ឆ្នាំរួចរាល់ ៣ក្រុមហ៊ុនកំពុង​អនុវត្ត និងមិនទាន់អនុវត្តចំនួន១៦
  • ៧ក្រុមហ៊ុនបានអនុវត្តការវាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាននិងសង្គមពេញលេញរួចរាល់ ១០​ក្រុមហ៊ុនកំពុងអនុវត្ត និងមិនទាន់អនុវត្តមានចំនួន១៤។

II. ខេត្តត្បូងឃ្មុំ (មាន៤ក្រុមហ៊ុន) ដែលមាន៖

  • ផ្ទៃដីកិច្ចសន្យាសរុប = ៦ ៨១២,៥០ហ.ត
  • ផ្ទៃដីចុះបញ្ជីរួច = ៣ ២០១,៦១ហ.ត (៤ ក្រុមហ៊ុន)
  • ផ្ទៃដីមានកៅស៊ូសរុប = ១ ០៩៦ហ.ត (ចៀរ= ១ ០៩៦ ហ.ត)
  • ប្រើប្រាស់ពលកម្មសរុបចំនួន៤៤៦នាក់ ក្នុងនោះ ៖ (១) បុគ្គលិកខ្មែរចំនួន២៦នាក់ និងបរទេសចំនួន០០៣នាក់ (២) កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន២២០នាក់ និងកម្មករអណ្តែតចំនួន២០០នាក់។
  • បានបញ្ជប់ការចុះបញ្ជីដីឯកជនរបស់រដ្ឋរួចរាល់ ៣ ២០១,៦១ ហ.ត (៤ក្រុមហ៊ុន)
  • កំពុងអនុវត្តការកែសម្រួលកិច្ចសន្យាថ្មីមកត្រឹម៥០ឆ្នាំ
  • កំពុងអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ​

ខ.​បញ្ហាប្រឈមនិងសំណូមពរ

  • ខ្វះកម្លាំងពលកម្មសម្រាប់ចៀរជ័រ
  • កើតមានជំងឺផ្កាកុលាប ជំងឺស្ងួតមុខចៀរ និង​បញ្ហាខ្យល់កន្ត្រាក់ដែលបណ្ដាលឱ្យបាក់និងរលំដើម​កៅស៊ូ។
  • ការខ្វះកម្លាំងពលកម្មរបស់ក្រុមហ៊ុនសម្រាប់ការប្រមូលផល អគ្គនាយកដ្ឋានកៅស៊ូនឹងជួយ​ផ្សព្វផ្សាយពីតម្រូវការពលកម្ម ប៉ុន្ដែក្រុមហ៊ុន​ក៏ត្រូវ​បន្ដការសហការឱ្យបានជិតស្និតជាមួយ​អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធជាពិសេសមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីជួយអន្តរាគមន៍លើតម្រូវការកម្លាំងពលកម្ម។
  • ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា ផ្ទះស្នាក់នៅ ទឹក​​ប្រើប្រាស់ អគ្គីសនី មណ្ឌលសុខភាព សាលា​រៀន វត្តអារាម និងការឧបត្ថមផ្សេងៗដែល​ជាភាពទាក់ទាញទៅដល់ប្រជាជន​ដែលរស់ក្បែរ​ក្រុមហ៊ុននិង
  • ក្រុមហ៊ុនត្រូវបន្ដយកចិត្តទុកដាក់ក្នុងការថែទាំ​កៅស៊ូ លើការដាក់ជីបំប៉ននិងការព្យាបាលជំងឺ
  • ក្រុមហ៊ុនត្រូវរាយការណ៍មកអគ្គនាយកដ្ឋានកៅស៊ូ នៅពេលកៅស៊ូជ្រុះស្លឹកខុសប្រក្រដីដែលសង្ស័យថាជួបបញ្ហាជំងឺ
  • ក្រុមហ៊ុនត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារលទ្ធផលស​ម្រេចបាននិង​បញ្ហាប្រឈមប្រចាំ ​ត្រី​មាស ឆមាស ៩ខែ និងប្រចាំឆ្នាំ និង​ព្រឹត្តិប័ត្រ​ព័ត៌មាន (ដោយភ្ជាប់ផែនទីដាំដុះ និងឯកសារ​ពាក់ព័ន្ធ) ឱ្យបានទៀងទាត់និងទាន់ពេលវេលា។

គ. សន្និដ្ឋាននិងការវាយតម្លៃ

  • ឃើញ​ថាក្រុមហ៊ុនខិតខំបំពេញបែបបទគតិយុត្តិ ការ​ថែ​ទាំ ការយកផលកៅស៊ូ និងការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ។ ជាពិសេសបុគ្គលិកនិងកម្មករបានចាក់វ៉ាក់​សាំងការពារជំងឺ Covid-19 បាន១០០%។ សម្រាប់​​ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំនេះ​ ជាខេត្តគោលដៅចុងក្រោយនៃការចុះអនុវត្តសកម្មភាពទី១.៥.៤.២ ការ​ផ្ដល់របាយការណ៍ស្ថិតិផ្ទៃដី ផលិតផល និងការប្រើ​ប្រាស់កម្លាំងពលកម្មពីបណ្ដាក្រុមហ៊ុនមួយចំនួននៅ មានភាពយឺតយ៉ាវនិងខ្វះចន្លោះច្រើនក្នុងការបំពេញតារាងទិន្នន័យដែលក្រុមការងារផ្ដល់ជូន ដែលក្រុម​ការងារត្រូវ​ បន្ដខិតខំបន្ថែមទៀតតាមប្រព័ន្ធទំនាក់​ទំនង។ ដោយមានការណែនាំនិងចង្អុរបង្ហាញរបស់​ឯកឧត្ដមប្រតិភូ ដែលជានិច្ចកាលតែងបានផ្តល់នូវអនុសាសន៍ល្អៗ គាំទ្រ និងលើកទឹកចិត្ត ទើបធ្វើ​ឱ្យ​លទ្ធផលនៃការអនុវត្តការងារទទួលបាននូវលទ្ធផលល្អនិងមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានចុងក្រោយ