កត្តាអវិជ្ជមានជាច្រើនបានហ៊ុមព័ទ្ទលើវិស័យកៅស៊ូ បានជំរុញអោយថ្លៃកៅស៊ូបន្តធ្លាក់ចុះ។ ចំពោះផលិតកម្មកៅស៊ូធម្មជាតិនៅក្នុងខែនេះ មានស្ថានភាពប្រសើរគឺកើនឡើងពីចំនួន១,២៥១លានតោននៅខែកក្កដា ដល់១,៣១៣លាននៅខែសីហា។ ទន្ទឹមនឹងកំណើនផលិតកម្ម បញ្ហាជាច្រើនដែលជំរុញអោយធ្លាក់ថ្លៃនោះ មានជាអាទិគឺគោលនយោបាយ ZERO កូវីតប្រទេសចិន ថ្លៃប្រេងបានធ្លាក់ចុះ អតិផរណាបានកើនឡើងនិងកត្តារួមផ្សំជាច្រើនទៀត។ សម្រាប់ខែនេះដែរ ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ ក្នុងខែនេះបរិមាណផលិតផលសរុបមានចំនួន៣២ ៥៣៦តោន បានកើនឡើងចំនួន២ ០៣៨តោន (=+៧%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន២ ០២៧តោន (=-៧%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណផលិតផលសរុបមានចំនួន១៩៤ ០១៤តោន បានកើនឡើងចំនួន១ ៤៥៣តោន (=+១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន៣២ ៤៥១តោន បានកើនឡើងចំនួន២ ៨២៦តោន (=+៩,៥៤%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន២ ០១១តោន (=+៧%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន១៩៤ ០១៤តោន បានកើនឡើងចំនួន១ ៤៥៣តោន (=+១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង១ ៤៣១US$/តោន បានថយចុះ៨៣US$/តោន (=-៥,៤៩%) ធៀបនឹងខែមុននិងបានថយចុះ២៣៩US$/តោន (=-១៤%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៥៥៣US$/តោន បានថយចុះ១១៩US$/តោន (=-៧%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
យោងតាមរបាយកណ៍ប្រចាំខែសីហា ឆ្នាំ២០២២ របស់សមាគនបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ក្នុងអំឡុងខែសីហានិងខែកញ្ញា ឆ្នាំ២០២២ ការកើនឡើងនៃផលិតកម្មកៅស៊ូធម្មជាតិពិភពលោក (NR) ដែលបានកត់ត្រាមានចំនួន ៧១ ០០០តោន ធ្វើឲ្យបរិមាណសរុបឡើងដល់២,៦៩៣លានតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកតម្រូវការពិភពលោកក៏បានកើនឡើងចំនួន ៨៥ ០០០តោនដែលមានបរិមាណសរុបឡើងដល់២,៤៥៦លានតោន ធៀបនឹងក្នុងអំឡុងពេលដូចគ្នានេះ។ ការផ្គត់ផ្គង់លើសក្នុងអំឡុងពេលនេះ អាចរួមចំណែកដល់ការប្រែប្រួលថ្លៃកៅស៊ូធម្មជាតិទាំងនៅទីផ្សារទិញ-លក់ភ្លាមៗ (Physical Markets) និងទីផ្សារអនាគត (Futures Markets)។ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ដោយសហព័ន្ធទុនបម្រុង Federal Reserve នាពេលថ្មីៗនេះ បានបង្ហាញនូវសញ្ញានៃការកើនឡើងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំ២លើកផ្សេងគ្នា ដែលនឹងត្រូវរៀបចំឡើងរហូតដល់បំណាច់ឆ្នាំនេះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការប្រយុទ្ធប្រឆ្នាំងនឹងអតិផលរណាដ៏សម្បើមនៅសហរដ្ឋអាម៉េរិក។ ការដំឡើងអត្រាការប្រាក់នេះ បានធ្វើឲ្យបណ្តាឲ្យប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ ធៀបនឹងរូបិយប័ណ្ណនៃបណ្តាប្រទេសដែលកំពុងរីកចម្រើន។ ភាពរឹងមាំនៃប្រាក់ដុល្លារអាម៉េរិកក៏ធ្វើឲ្យថ្លៃកៅស៊ូធ្លាក់ចុះផងដែរ ដោយសារតែរូបិយប័ណ្ណរបស់ប្រទេសផលិតធំៗភាគច្រើនបានបាត់បង់ភាពរឹងមាំទល់នឹងប្រាក់ដុល្លារ៕