ស្ថាននភាពកៅស៊ូធម្មជាតិនៅពាក់កណ្តាលឆ្នាំនេះមិនល្អឡើយ។ ដោយភាពវឹកវរនៅតែបន្តនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល រួមនឹងការកើនឡើងនៃអត្រាការប្រាក់នៃធនាគារកណ្តាល បានធ្វើឲ្យបរិយាកាសនៃទីផ្សារថាមពលនៅបន្តជាប់គាំងក្នុងវិបត្តិ។ ដោយឡែកថ្លែកៅស៊ូនៅទីផ្សារអន្តរជាតិបន្តចុះថ្លៃជារៀងរាល់ថ្ងៃទាំងទីផ្សារប្រទេសថៃនិងសៀងហៃ។ ទោះជាជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរយ៉ាងនេះក៍ដោយ ក៍ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០២២បានបង្ហាញថាផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន៩៣ ៨៥១ ហិកតា ស្មើនឹង២៣%។ ក្នុងខែមិថុនាបរិមាណផលិតផលសរុបមានចំនួន៣០ ២២០តោន បានកើនឡើងចំនួន៣ ៧១៥ តោន (+១៤%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៥០៥តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២២ បរិមាណផលិតផលសរុបមានចំនួន១៣៤ ៧៩៥តោន បានកើនឡើងចំនួន១ ៣០៤តោន (+១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន៣០ ០៨៩តោន បានកើនឡើងចំនួន៤ ៣៩៩តោន (+១៧%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន១ ១៥៨តោន (+៤%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២២ បរិមាណបញ្ចេញលក់មានចំនួន១៣៥ ១៣៧តោន បានកើនឡើងចំនួន៣ ៣៨២តោន (+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង ១ ៥៧២US$/តោន បានថយចុះ២៩US$/តោន (=-២%) ធៀបនឹងខែមុននិងបានថយចុះ១៦២US$/តោន (=-៩%) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ឆមាសទី១ ឆ្នាំ ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៥៧៩US$/តោនបានថយចុះ៩១US$/តោន (=-៥%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផ្អែកលើការប៉ាន់ប្រមាណដែលបានផ្តល់ដោយរដ្ឋាភិបាលជាសមាជិករហូតដល់ខែមិថុនា ឆ្នាំ២០២២ ទស្សនវិស័យទីផ្សារកៅស៊ូធម្មជាតិត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ទាំងការផលិតនិងការប្រើប្រាស់។ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកត្រូវបានកត់ត្រាមានចំនួន១,១១៣លានតោន បានកើនឡើង៣,៨% រីឯការប្រើប្រាស់បានព្យាករថា នឹងកើនលឿនជាងមុន៥,៨% ស្មើនឹង១,២០៦លានតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ទោះបីជា ទីផ្សារកៅស៊ូធម្មជាតិមានអំណោយផលល្អក៏ដោយ ក៏បរិយាកាសទីផ្សារត្រូវបានរងឥទ្ធិពលដោយកត្តាផ្សេងៗដូចជា៖ ការកើតឡើងវិញករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន ការកើនឡើងតម្លៃវត្ថុធាតុដើមនិងតម្លៃថាមពល ការព្រួយបារម្ភលើសម្ពាធអតិផរណា និងការដំឡើងអត្រាការប្រាក់ដែលធ្វើឡើងដោយធនាគារកណ្តាលអាម៉េរិកដើម្បីអនុវត្តគោលនយោបាយរឹតបន្តឹងរូបិយវត្ថុ រួមនឹងភាពមិនច្បាស់លាស់នៃជម្លោះភូមិសាស្ត្រនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ដើម្បីធ្វើការរវាយតម្លៃនិងការសម្រេចចិត្តកាន់តែប្រសើរឡើង ANRPC បានចាប់ផ្តើមការស្ទង់មតិតាមអ៊ីនធឺណែត ដើម្បីប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធកៅស៊ូនៅក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិលើយន្តការថ្លៃប្រកបដោយនិរន្តរភាព (Sustainable Prices Mecha- nism: SPM) ដែលបានស្នើឡើង។ យន្តការដែលបានស្នើឡើងនេះ ដើម្បីដោះស្រាយបញ្ហាថ្លៃទាបនិងការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិដែលលទ្ធផលចុងក្រោយនឹងផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហ- កម្មកៅស៊ូធម្មជាតិរយៈពេលវែង។ ទន្ទឹមនឹងនោះ ចំពោះផ្តល់មតិកែលម្អលើយន្តការថ្លៃប្រកបដោយនិរន្តរភាពដែលបានស្នើឡើង សូមចូលទៅកាន់គេហទំព័រ ANRPC (www.anrpc.org) “click here” ដើម្បីអាននូវសេចក្តីសង្ខេបអំពីយន្តការថ្លៃប្រកបដោយនិរន្តរភាពមុននឹងលោក លោកស្រីចូលរួមផ្តល់មតិកែលម្អការស្ទង់មតិតាមប្រព័ន្ធអនឡាញនេះ៕