×
វគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅខេត្តរតនគិរី

ចាប់ពីថ្ងៃទី៧-១២ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់​ដឹក​នាំ​និង​មន្ដ្រី​ជំនាញ​​​​​​នៃ​នាយកដ្ឋានអភិវឌ្ឍន៍​កៅស៊ូ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាលបច្ចេកទេស​ដំណាំ​​កៅស៊ូដល់​កសិករ​កៅស៊ូគ្រួសារ​នៅសាលប្រជុំសាលាស្រុកអណ្តូងមាស ខេត្តរតនគិរី។ វគ្គវបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាអធិបតីដោយលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោកស្រី ម៉ោង ពុទ្ធាលក្ខិណា អនុប្រធាន​មន្ទីរកសិកម្ម រុក្ខា- ប្រមាញ់  និងនេសាទខេត្តរតនគិរី និងលោក ផន ថុងលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍​​កៅស៊ូ ព្រមទាំងមានកសិករកៅស៊ូគ្រួសារ​ចូលរួមសរុបចំនួន​៣៣នាក់។

វគ្គបណ្តុះបណ្តាលនេះ ​​មានគោលបំណង​ឲ្យ​កសិ​ក​រយល់ដឹងពីសារៈ​ប្រយោជន៍នៃដំណាំកៅស៊ូ​មានរួមមាន៖ (១)​ ​ស្ថាន​ភាពដំណាំកៅស៊ូ​នៅ​កម្ពុជា (២) ការថែ​ទាំអំឡុងពេល​ចៀរជ័រ (៣) ការបង្ការនិងការព្យាបាលជំងឺ (៤) ​ការ​បើកមុខចៀរជ័រដំបូងនិង (៥) បទដ្ឋាន​បច្ចេក​ទេស​ចៀរជ័រ ជាពិសេសការយកផល​ទទួលបាន​ទិន្ន​ផល​ខ្ពស់និង​ត្រឹម​​ត្រូវ​តាមបទដ្ឋានបច្ចេកទេស​។

ជាកិច្ចចាប់ផ្តើមលោកស្រី ម៉ោង ពុទ្ធាលក្ខិណា បានសម្តែងក្តីរីការាយនិងថ្លៃងអំណរគុណដល់ក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូដែលបាន បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់មូលដ្ឋានស្រុកអណ្តូងមាស ព្រមទាំងជម្រាបជូនពីស្ថានភាពទូទៅ ពិសេសស្ថានភាពអនុវិស័យកៅស៊ូ​នៅ​ក្នុងខេត្តជូនដល់អង្គពិធីឲ្យបានជ្រាប។

បន្ទាប់មក លោក ផន ថុងលី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់សម្រាប់កសិករកៅស៊ូគ្រួសារ ជាពិសេសកសិករ​ដែលគម្រោងនឹងដាំដុះកៅស៊ូនិងត្រៀមបើកមុខចៀរដំបូង ​ដែលត្រូវយកចិត្តទុកដាក់បំផុតលើបទដ្ឋាន​បច្ចេកទេសចៀរជ័រឲ្យបានត្រឹមត្រូវទៅ តាមការណែនាំរបស់អ្នកបច្ចេកទេស។

ជាកិច្ចបន្ត លោក ឃុន កក្កដា បានសម្តែង​នូវក្តីរីករាយចំពោះវត្តមានបងប្អូនកសិករដែលបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ និង បានប្រកាសឲ្យបើកវគ្គបណ្តុះបណ្តាលដោយគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាផ្តល់នូវសារៈប្រយោជន៍ដល់កសិករកៅស៊ូគ្រួសារក្នុងការយល់ដឹងពីបច្ចេកទេសដំណាំកៅស៊ូដើម្បីថែរក្សាចម្ការកៅស៊ូ​របស់ខ្លួន។ ម្យ៉ាងទៀតសុំឲ្យបងប្អូនកសិករយក​ចិត្ត​ទុកដាក់ថែទាំចម្ការដែលបានចៀរហើយ ព្រោះ​ដំណាំ​នេះផ្តល់ផលរយៈពេលវែង​ ​និងអាចជួយដល់​សេដ្ឋ​កិច្ចគ្រួសារបានច្រើន។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារ​និង​គ្រូ​បង្គោលបានធ្វើបទបង្ហាញលើផ្នែកទ្រឹស្តី និង​អនុវត្តចៀរផ្ទាល់នៅនឹងកន្លែងចំនួនបួនថ្ងៃតាមផ្នែកនីមួយៗដូចខាងក្រោម៖

ក. ផ្នែកទ្រឹស្តី

១. ស្ថានភាពដំណាំកៅស៊ូនៅកម្ពុជា

២. ការថែទាំអំឡុងពេលចៀរជ័រ

៣. ដំណាំចន្លោះរង

៤. ការបង្ការនិងការព្យាបាលជំងឺ

៥.ការបើកមុខចៀរជ័រដំបូងនិងបទដ្ឋាន បច្ចេកទេសចៀរជ័រ៖

  • លក្ខខណ្ឌចាំបាច់សម្រាប់ការបើក​មុខចៀរដំបូង
  • បទដ្ឋានបច្ចេកទេសក្នុងការចៀរជ័រ​
  • ការគ្រប់គ្រងផ្ទាំងមុខចៀរ 
  • ការប្រើប្រាស់ថ្នាំរំញោច

៦. ការចាក់បញ្ជាំងវីដេអូស្តីពីបច្ចេកទេសការអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រ

៧.ការថែទាំមុខចៀរក្នុងអំឡុងពេលចៀរនិងការរៀបចំធ្វើផ្លូវភ្លើង ដើម្បីបង្ការអគ្គីភ័យនៅរដូវប្រាំង​។

ខ. ផ្នែកអនុវត្ត

១.វាស់ទំហំដើមដែលត្រូវបើកមុខចៀរដំបូង​ និងវិធីកំណត់ចំណាំដើមដែលមានទំហំមិនទាន់គ្រប់​ខ្នាត ​(ទំហំគ្រប់ខ្នាត៥០ស.ម ដោយវាស់នៅកម្ពស់​១ម.ពីដី)

២.របៀបបែងចែកដើមជាពីរ ដើម្បីបើកមុខចៀរដំបូង

៣.ក្រិតកម្ពស់មុខចៀរ ស្លាបព្រា​ កងទ្រចាន និងរបៀបបញ្ចុះស្លាបព្រា និងចង​កង​ចាន

៤.គូសក្រិតផ្ទាំងចៀរសម្រាប់រយៈពេលមួយឆ្នាំ ដោយប្រើទង់ជ័យដែលមានមុំ៣៥ដឺក្រេ

៥.របៀបកាន់ពន្លាក ចលនាបំលាស់ទីក្នុងពេលចៀរ និងរបៀបបើកមុខចៀរចំនួនបីពន្លាកដំបូង

៦.ការចំណាយសំបកក្នុងមួយពន្លាក ជម្រៅ និងចំណោតមុខចៀរ

៧.ការថែទាំមុខចៀរក្នុងអំឡុងពេលចៀរនិង ការរៀបចំធ្វើផ្លូវភ្លើងដើម្បីបង្ការអគ្គីភ័យនៅរដូវប្រាំង​។

បន្ទាប់មកកសិករម្នាក់ៗបានរៀនចៀរជ័រនៅលើដើមរបស់ខ្លួន និងការចៀរ​បំលាស់​ទីពីដើម​មួយ​​​ទៅ​ដើម​មួយ​រយៈពេលប្រាំថ្ងៃ ដោយមានការណែនាំបន្ថែមពីគ្រូបង្គោល។

សន្និដ្ឋាននិងសំណូមពរ

តាមរយៈវគ្គបណ្តុះបណ្តាលនេះបាន​​បង្ហាញ​ឲ្យឃើញថា កសិករកៅស៊ូគ្រួសារ៖

  • បានចូលរួមមានការយកចិត្ដទុកដាក់ខ្ពស់​លើវគ្គបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្ដី  វីដេអូបច្ចេកទេស និងការអនុវត្តផ្ទាល់
  • បានយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេសដំណាំកៅស៊ូមាន៖ ស្ថានភាពដំណាំកៅស៊ូ ប្រភេទដំណាំចន្លោះរង ការបង្ការនិងការព្យាបាលជំងឺ  ពិសេស​បច្ចេក​ទេសចៀរ​ជ័រដូចជា​៖ ការ​កំណត់ទំហំ​ដើម​កៅស៊ូ​និង​ចំនួន​ដើម​ដែល​ត្រូវបើកមុខចៀរដំបូង ការ​កំណត់​​កំពស់​មុខ​ចៀរ ស្លាបព្រា កងទ្រចាន ​ការ​កំណត់ផ្ទាំងចៀររយៈ​ពេល​ចៀរ​/​មួយឆ្នាំ របៀបកាន់ពន្លាកចៀរ ចលនា​បំលាស់ទី​របស់​ជើង​ក្នុងពេល​ចៀរ កា​រ​ចំណាយ​សំបក ការថែទាំផ្ទាំង​មុខចៀរ និង​ការ​​គ្រប់គ្រង​ផ្ទាំង​មុខ​ចៀរ។ ទន្ទឹមនឹង​នេះ​ ​កសិករ​ក៏​បានយល់​ដឹង​បន្ថែម​នូវពេល​វេលាដែលត្រូវ​ចៀរ​និង​របៀប​សាជ័រតាមដើម​នីមួយៗ  ដើម្បីប្រមូលទឹក​ជ័រ​បាន​កម្រិតអតិ​បរិមា
  • តំណាងឲ្យប្រជាកសិករដែលចូលរួមបាន​​ថ្លែង​អំណរគុណ​​ដល់អគ្គនាយកដ្ឋានកៅស៊ូដែលបាន​ចាត់​មន្រ្តី​ជំនាញចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូ​ដល់​កសិករកៅស៊ូគ្រួសារនៅស្រុកអណ្តូងមាស ខេត្តរតនគិរី​ និង​សំណូម​ពរ​សុំឲ្យ​ក្រុម​ការងារបន្ត​ចុះ​បើកវគ្គបណ្តុះ​បណ្តាល​នេះឲ្យបានជារៀងរាល់ឆ្នាំ៕
ព័ត៌មានចុងក្រោយ