ទាំងថ្លៃកៅស៊ូសំយោគនិងកៅស៊ូធម្មជាតិពិភពលោកគឺមាននិន្នាការកើនឡើង ប៉ុន្តែមិនមែនគ្រប់ធុរៈកិច្ចទាំងអស់នៅក្នុងឧស្សាហកម្មសុទ្ធតែមានទំនុកចិត្តក្នុងការកំណត់គោលដៅប្រាក់ចំណេញខ្ពស់សម្រាប់ឆ្នាំនេះទេ។
បើធៀបនឹងដើមខែមេសា ថ្លៃទំនិញបានកើនឡើង៩% ហើយក្រុមសេដ្ឋកិច្ចពាណិជ្ជកម្មបានព្យាករណ៍ថា ថ្លៃកៅស៊ូនឹងបន្តកើនឡើងរហូតដល់ចុងត្រីមាសទី១ ឆ្នាំ២០២៣ ហើយអាចឡើងដល់៣១០,៨៤យ៉េន/គ.ក្រ។ រីឯថ្លៃប្រេងឆៅនៅទីផ្សារពិភពលោកបានកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយទាញថ្លៃកៅស៊ូសំយោគដែលជាផលិតផលប្រេងកើនឡើង។
ការផ្គត់ផ្គង់កៅស៊ូក៏រងផលប៉ះពាល់ផងដែរ បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង OPEC បានឲ្យដឹងថា ពិភពលោកនឹងមិនអាចខ្វះការផ្គត់ផ្គង់ប្រេងប្រមាណប្រាំពីរលានបាលរ៉ែលនិងបាត់បង់វត្ថុរាវផ្សេងទៀត/មួយថ្ងៃពីប្រទេសរុស្ស៊ីបានឡើយ។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថ្លែប្រេងឆៅគោលរបស់សហរដ្ឋអាម៉េរិកសម្រាប់ចែកចាយខែមិថុនាគឺ១១៣,២ដុល្លារ/បារ៉ែល ហើយកិច្ចសន្យាទិញលក់ប្រេងឆៅរបស់ទីក្រុងញូវយ៉កមានសញ្ញាល្អសម្រាប់ចែកចាយក្នុងខែឧសភាគឺ១០៧,៩៣ដុល្លារ/បារ៉ែល។
ថ្លៃកៅស៊ូធម្មជាតិក៏ត្រូវបានគាំទ្រដោយតម្រូវការពិភពលោកក្នុងឆ្នាំ២០២២ផងដែរ ដែលរំពឹងថានឹងកើនឡើង១,២% បើធៀបនឹងឆ្នាំ២០២១ ដែលមានបរិមាណ១៤,២ លានតោន។
យោងតាមអគ្គនាយកដ្ឋានគយក្នុងត្រីមាសទី១ ឆ្នាំ២០២២ ការនាំចេញកៅស៊ូបានឈានដល់៤០៦ ៨០០តោន គឺកើនឡើង ០,៣% ដែលគិតជាទឹកប្រាក់មានចំនួន៧១៥, ៣៩លានដុល្លារអាម៉េរិក គឺកើនឡើង ៦,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
បើយោងតាមការព្យាករណ៍របស់សមាគមកៅស៊ូវៀតណាមបានឲ្យដឹងថានិន្នាការតម្លៃទំនងជានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារកង្វះការផ្គត់ផ្គង់តាមរដូវ។
ក្រៅពីកត្តាអំណោយផលពីទីផ្សារឧស្សាហកម្មកៅស៊ូធម្មជាតិក៏មានសម្ពាធមួយចំនួនផងដែររួមមាន៖ កង្វះកុងតឺន័រ ថ្លៃដើមដឹកជញ្ជូនខ្ពស់ និងការត្រួតពិនិត្យរបស់គយយឺតនឹងធ្វើឲ្យប៉ះពាល់ដល់តម្រូវការកៅស៊ូ។
បន្ទាប់ពីការខកខានរយៈពេលមួយឆ្នាំដោយមិនបានបំពេញតាមផែនការប្រចាំឆ្នាំ ក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកឧស្សាហកម្មកៅស៊ូនៅភាគខាងត្បូង (CSM) បានកំណត់ផែនការធុរៈកិច្ចឆ្នាំ២០២២ ជាមួយនឹងកំណើនដ៏រឹងមាំ។ CSM រំពឹងថាប្រាក់ចំណូលនឹងកើនឡើងដល់២១៤,៣ ដុល្លារអាម៉េរិក គឺកើនឡើងត្រឹម ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញមុនពឹលបង់ពន្ធរួចរំពឹងថា នឹងកើនឡើងដល់ ៤,៤លានដុល្លារអាម៉េរិកគឺកើនឡើង ៨៣% បើធៀបនឹងឆ្នាំ២០២១។
ដើម្បីសម្រេចបាននូវគោលដៅអ្នកគ្រប់គ្រងក្រុមហ៊ុន CSM បានបញ្ជាក់ថា ក្រុមហ៊ុននឹងរក្សាផលិតផលដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុកនិងការនាំចេញ។ ទន្ទឹមនឹងនោះ បង្កើនផលិតភាពការងារសម្រាប់ក្រុមផលិតផលដែលមានស្រាប់ ជាពិសេសការវិនិយោគលើបរិក្ខារតូចៗ ដើម្បីបញ្ចប់ដំណាក់កាលមួយចំនួននៅក្នុងខ្សែច្រវាក់ផលិតកម្មសំបកកង់ម៉ូតូ ពោះវៀនម៉ូតូ និងពោះវៀនកង់ឡាន។
ក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Phuoc Hoa (PHR) បានកំណត់ទិសដៅកំណើនជាវិជ្ជមាននៅឆ្នាំនេះ ដែលគោលដៅប្រាក់ចំណូលជាង ៩៧,៤ លានដុល្លារអាម៉េរិកគឺកើនឡើង ១៦% និងប្រាក់ចំណេញក្រោយបង់ពន្ធរួចចំនួន៣២,២លានដុល្លារអាម៉េរិកគឺ ៥៦% បើធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនភាគហ៊ុនរួមវិនិយោគកៅស៊ូដាក់ឡាក់ Dak Lak Rubber Investment JSC (DRI) កំណត់គោលដៅប្រាក់ចំណូលសរុបចំនួន ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០២១។ ប៉ុន្តែប្រាក់ចំណេញក្រោយពីការបង់ពន្ធរំពឹងថានឹងថយចុះ ៥,៧% ស្មើនឹង ៣,៤ លានដុល្លារអាម៉េរិក។
លោក Nguyen Viet Tuong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DRI បានលើកឡើងថាក្រុមហ៊ុនកំពុងគ្រប់គ្រងផ្ទៃដីចម្ការកៅស៊ូជាង ៨ ៨០០ហ.ត នៅក្នុងប្រទេសឡាវដែលមានប្រាក់កម្ចីចម្បងជាប្រាក់គីបឡាវ។ នៅចុងឆ្នាំ២០២១បំណុលសរុបរបស់ក្រុមហ៊ុនមានជាង ១១ លានដុល្លារអាម៉េរិក។ ដូច្នេះហើយក្រុមហ៊ុនអាចមានហានិភ័យក្នុងអត្រាប្តូរប្រាក់។ នៅក្នុងករណីដែលប្រាក់គីបធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏នឹងរងផលប៉ះពាល់ផងដែរ គឺថ្លៃដើមដឹកជញ្ជូននឹងឡើងខ្ពស់ដោយសារថ្លៃវត្ថុធាតុដើមកើនឡើងយ៉ាងខ្លាំងដែលជាគុណវិបត្តិសម្រាប់ក្រុមហ៊ុន។
ក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែក Da Nang បានព្យាករណ៍ថា ប្រាក់ចំណូលក្នុងឆ្នាំ២០២២ នឹងថយចុះបន្តិចមកត្រឹម១៩០,៥លានដុល្លារអាម៉េរិក ហើយប្រាក់ចំណេញក្រោយពីការបង់ពន្ធនឹងថយចុះ១២% មកត្រឹម១១លានដុល្លារអាម៉េរិកធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុននៅតែប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មនៅដំណាក់កាលផលិតមួយចំនួនដោយសារការរាតត្បាតកូវីត ថ្លៃជួលកុងធឺនរខ្ពស់ និងថ្លៃដើមដឹកជញ្ជូនខ្ពស់ធ្វើឲ្យថ្លៃទិញវត្ថុធាតុដើមក៏កើនឡើងយ៉ាងខ្លាំង។ លើសពីនោះជម្លោះរវាងប្រទេសរុស្ស៊ី - អ៊ុយក្រែនបណ្តាលឱ្យថ្លៃប្រេងកើនឡើងនិងជំរុញថ្លៃវត្ថុធាតុដើមនិងទំនិញកើនឡើង ម្យ៉ាងទៀតសកម្មភាពនៃការនាំចូលនិងនាំចេញរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារក៏ត្រូវបានរំខានផងដែរ។
នៅឆ្នាំនេះ ក្រុមហ៊ុន DRC នឹងផ្តោតលើផលិតផលដែលជាភាពខ្លាំងរបស់ក្រុមហ៊ុននៅទីផ្សារក្នុងស្រុកដើម្បើបង្កើនផលិតកម្មនិងប្រសិទ្ធិភាពធុរៈកិច្ចដូចជា សំបកកង់រថយន្តធំៗនិងសំបកកង់រថយន្តសម្រាប់ផ្នែកវិស្វកម្ម។ ជាមួយគ្នានោះដែរគោលដៅរបស់ក្រុមហ៊ុន គឺគ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៅទីផ្សារក្នុងស្រុកក៏ដូចជាការបង្កើនឱកាសលក់នៅ ក្នុងទីផ្សារនាំចេញផងដែរ។
ត្រីមាសទីមួយវិជ្ជមាន
នៅក្នុងត្រីមាសទី១ក្រុមហ៊ុនកៅស៊ូជាច្រើនបានកត់ត្រាផលចំណូលនៅក្នុងត្រីមាសទីមួយជាវិជ្ជមាន បើធៀបនឹងឆ្នាំមុន។ ចំពោះក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Dak Lak បានកត់ត្រាប្រាក់ចំណូលសុទ្ធចំនួន៥,៨លានដុល្លារអាម៉េរិក បានកើនឡើង ៨% ដែលក្នុងនោះប្រាក់ចំណូលពីផលិតផលកៅស៊ូសម្រេចបានឈានដល់៥,៦លានដុល្លារអាម៉េរិកដែលនៅសល់ពីចេកនិងស្វាយចន្ទី ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃថ្លៃលក់ផលិតផលសម្រេច បើធៀបឆ្នាំ២០២១។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបន្ទាប់ពីការបង់ពន្ធមានចំនួន៩០ម៉ឺនដុល្លារអាម៉េរិកបានកើនឡើង ២៧% ធៀបនឹងឆ្នាំមុន។ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្រុមហ៊ុន DRI បានបញ្ចប់គោលដៅប្រាក់ចំណូលប្រចាំឆ្នាំស្មើនឹង ២២,៣% និងគោលដៅប្រាក់ចំណេញ ២៦%។
ចំពោះក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Phuoc Hoa (PHR) បានលើកឡើងថា ក្នុងត្រីមាសទី១នៃឆ្នាំនេះ ក្រុមហ៊ុនមេសម្ព័ន្ធបានកត់ត្រាប្រាក់ចំណូលសុទ្ធចំនួន១៣,១លានដុល្លារអាម៉េរិកបានកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប៉ុន្តែប្រាក់ចំណេញក្រោយពីការបង់ពន្ធកើនឡើងដល់ ១០,៤លានដុល្លារអាម៉េរិកគឺខ្ពស់ ជាង១១,៣ដង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបានបញ្ចប់ផែនការប្រចាំឆ្នាំស្មើនឹង ៣៣%។
រីឯក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Da Nang (DRC) ទទួលបានប្រាក់ចំណូលសុទ្ធចំនួន ៥៥,៤លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ និងប្រាក់ចំណេញមុនពេលបង់ពន្ធរួចចំនួន៣,៦លានដុល្លារអាម៉េរិក បានកើនឡើង ៤០,៦% និងស្មើនឹងជាង៣%រៀងគ្នា។ ក្នុងត្រីមាសទី២ ក្រុមហ៊ុក៏បានកំណត់ផែនការធុរៈកិច្ចប្រហាក់ប្រហែលគ្នានឹងត្រីមាសទី១ដែរ ដែលមានប្រាក់ចំណូលសុទ្ធចំនួន៥៤,១លានដុល្លារអាម៉េរិក និងប្រាក់ចំណេញមុនពេលបង់ពន្ធឡើងដល់ ៣,៥លានដុល្លារអាម៉េរិក៕