×
ការពិនិត្យនិងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូនៅខេត្តមួយចំនួន

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២២​លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូបានដឹកនាំមន្រ្តី​ជំនាញចុះតាមដាន​និង​វាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំាណាំកៅស៊ូនៅខេត្តពោធិ៍សាត់ កោះកុង សៀមរាប និងខេត្តឧត្ដរមានជ័យ។ បេសកកម្មនេះ មានគោលបំណងដូចខាងក្រោម៖

  • ពិនិត្យតាមដាននិងវាយតម្លៃវឌ្ឍនភាពរបស់ក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ចក្នុងខេត្ត
  • ប្រមូលរបាយការណ៍វឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនដែលបានអនុវត្តកន្លងមក និងពិនិត្យស្ថានភាពនៃការអនុវត្តជាក់ស្តែង
  • ពិនិត្យនិងវាយតម្លៃបច្ចេកទេស ស្រង់ស្ថិតិ ផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល ការប្រើប្រាស់ក្លូន ការប្រើប្រាស់កម្លាំងពលកម្ម និងតម្រូវការកម្លាំងពលកម្មបន្ថែម។ 

១.លទ្ធផលនៃការចុះពិនិត្យការងារនៅតាមបណ្តាក្រុមហ៊ុន

​    ក. ខេត្តពោធិ៍សាត់និងខេត្តកោះកុង

     ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចម្ការរបស់ក្រុមហ៊ុនចំនួនបួនក្រុមហ៊ុនដែលមាន៖ ផ្ទៃដីកិច្ចសន្យាសរុបចំនួន២០ ៧៥០ហ.ត ផ្ទៃដីបានចុះបញ្ជីរួចមានចំនួន១៨ ០៤៦,២៧ហ.ត និងផ្ទៃដីដាំកៅស៊ូសរុបចំនួន៧ ៦៨៨,៩០ហ.ត​ ក្នុងនោះផ្ទៃចៀរជ័រចំនួន៩៣០ ០០ហ.ត និងថែទាំចំនួន៦ ៧៥៨,៩០ ហ.ត និងគ្រោងបើកមុខចៀរថ្មីក្នុងឆ្នាំ២០២២ចំនួន១០០ ហ.ត។

  ការប្រមូលផលមាន១ក្រុមហ៊ុនកំពុងប្រមូលផលលើផ្ទៃដីចំនួន៩៣០​ហ.តទទួលបានផលិតផលចំនួន​​​១ ០៦២តោន ដែលមានទិន្នផលចំនួន១ ១៤២ គ.ក្រ/ហ.ត ក្នុងឆ្នាំ២០២១។

  ការប្រើប្រាស់កម្លាំងពលកម្មរបស់ក្រុមហ៊ុនទាំង៤មាន ចំនួន៤២០នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន៧៣នាក់ និងបរទេសចំនួន៣៥៦នាក់។ កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន២៨៥នាក់ កម្មករអណ្តែតចំនួន ៦២នាក់ និងតម្រូវការកម្មករចៀរជ័របន្ថែម ចំនួន៦០នាក់ ក្នុងឆ្នាំ២០២២។

  ការបំពេញបែបបទគតិយុត្តិសម្រាប់សម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុនទាំង៤ បានបញ្ជប់ការចុះបញ្ជីដី​ឯកជនរបស់រដ្ឋរួចរាល់ស្មើនឹងផ្ទៃដីចំនួន១៨ ០៤៦, ២៧ ហ.ត និងកំពុង កែសម្រួលកិច្ចសន្យាថ្មីមកត្រឹមរយៈពេល៥០ឆ្នាំ។ ក្រុមហ៊ុនទាំង៤ កំពុងអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ។

ខ. ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ

    ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចម្ការរបស់ក្រុមហ៊ុនចំនួន៩ក្រុមហ៊ុនដែលមាន៖ ផ្ទៃដីកិច្ចសន្យាសរុបចំនួន៥៥ ៨០៣ហ.ត ផ្ទៃដីបានចុះបញ្ជីរួចចំនួន១៩ ៤០៦,៨៩ហ.ត (៧ក្រុមហ៊ុន) និងផ្ទៃដីដាំកៅស៊ូសរុបចំនួន១៤ ៩៨៦,៧៣ហ.ត ក្នុងនោះផ្ទៃចៀរ​ជ័រ​​ចំនួន៥ ០២៧, ៧០ហ.ត និងថែទាំចំនួន៩ ៩៥៩ហ.ត និងគ្រោងបើកមុខចៀរថ្មីក្នុងឆ្នាំ២០២២ ចំនួន២២,១ ហ.ត) ។

    ការប្រមូលផលមានមួយក្រុមហ៊ុនលើផ្ទៃដីចំនួន៤ ៣៦៨ហិកតា ទទួលបានផលិតផលចំនួន៥ ៣២០តោន ដែលមានទិន្នផលចំនួន

១ ២១៧, ៩០​គ.ក្រ/ ហ.ត ក្នុងឆ្នាំ២០២១។

    ការប្រើប្រាស់កម្លាំងពលកម្មរបស់ក្រុមហ៊ុនទាំង៩ មានចំនួន១ ៣៨៩នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន១៤៥នាក់ បរទេសចំនួន៥៦នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន១ ០៥៨នាក់ កម្មករអណ្តែតចំនួន ១២៧នាក់ និងតម្រូវការកម្មករចៀរជ័របន្ថែមចំនួន៤៩០នាក់ ក្នុងឆ្នាំ២០២២។

    ការបំពេញបែបបទគតិយុត្តសម្រាប់សម្បទានដីសេដ្ឋកិច្ចក្នុងចំណោមក្រុមហ៊ុនទាំង៩ មាន៧ក្រុមហ៊ុនបានបញ្ជប់ការចុះបញ្ជីដីឯកជនរបស់រដ្ឋរួចរាល់ស្មើនឹងផ្ទៃដីចំនួន១៧ ៩៤៨,៨៦ហ.ត និង២ក្រុមហ៊ុនកំពុងអនុវត្ត។ រីឯការអនុវត្តការកែសម្រួលកិច្ចសន្យាថ្មីមកត្រឹមរយៈពេល៥០ ឆ្នាំមាន៣ក្រុមហ៊ុន ​​បានបញ្ចប់រួចរាល់៦ក្រុមហ៊ុនកំពុងតែអនុវត្ត។ ការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមមាន២ក្រុមហ៊ុនបានអនុវត្តពេញលេញរួចរាល់ និង៧ក្រុមហ៊ុនកំពុងតែអនុវត្ត។

២. បញ្ហាប្រឈមរបស់ក្រុមហ៊ុន

- ក្រុមហ៊ុនអិម ឌី អេស អ៊ីមផត អិចផត (ពោធិ៍សាត់) មានបញ្ហាកម្មករមិនបានបំពេញ​ការងារ​ជាអចិន្រ្តៃយ៍ចេញ-ចូល ធ្វើឱ្យក្រុមហ៊ុន​ពិបាក​​ក្នុង​​ ការគ្រប់គ្រងដោយត្រូវតែពង្រឹងលើ​បច្ចេកទេសចំពោះកម្មករថ្មី

- ក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ខូ អិលធីឌី (កោះកុង) ដោយសារបញ្ហាអាកាសធាតុ មានកម្រិតទឹកភ្លៀងច្រើន ដើមកៅស៊ូពុំសូវមានស្លឹកនិងជ្រុះស្លឹកខុសរដូវដែលមានផលប៉ះពាល់ដល់ការលូតលាស់របស់ដើមកៅស៊ូ

- កង្វះកម្លាំងពលកម្មសម្រាប់ធ្វើការថែទាំនិងចៀរជ័រ

- ជនខិលខូចចូលកាប់ទន្រ្ទានដីចំណីអូរនិងដីដែលត្រូវដាំដុះរបស់ក្រុមហ៊ុន។

៣.អនុសាសន៍របស់ក្រុមការងារ

  • ត្រូវយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា៖ ផ្ទះស្នាក់នៅទឹកប្រើប្រាស់អគ្គីសនី មណ្ឌលសុខភាព សាលា- រៀន វត្ត​អារាម និងការឧបត្ថមផ្សេងៗដែលជាភាពទាក់​ទាញ​ទៅដល់ប្រជាជនដែលរស់ក្បែរក្រុមហ៊ុននិងប្រជាជននៅកន្លែងឆ្ងាយ
  • ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការថែទាំកៅស៊ូលើការដាក់ជីបំប៉ន និងការព្យាបាលជំងឺ
  • ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានកៅស៊ូនៅពេលកៅស៊ូជ្រុះស្លឹកខុសប្រក្រតីដែលសង្ស័យថាជួបបញ្ហាជំងឺ
  • ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និត​​ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវការ​ចូល​ទន្រ្ទាន​កាន់កាប់ដីរដ្ឋពីជនខិលខូច
  • ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារលទ្ធផលសម្រេចបាននិងបញ្ហាប្រឈមប្រចាំត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និងព្រឹត្តិបត្រព័ត៌មាន (ដោយភ្ជាប់ផែនទីដាំដុះ និងឯកសារពាក់ព័ន្ធ) ឱ្យបានទៀងទាត់និងទាន់ពេលវេលា។

សន្និដ្ឋាននិងការវាយតម្លៃ

តាមរយៈការចុះត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូយើងសន្និដ្ឋានបានដូចខាងក្រោម៖

  • ទទួលបានលទ្ធផលល្អជាផ្លែផ្កា ដោយក្រុមហ៊ុនបានទទួលយកការណែនាំរបស់ក្រុមការងារដើម្បីឱ្យដំណើការវិនិយោគលើដំណាំកៅស៊ូទទួលលទ្ធផលកាន់តែល្អប្រសើរ
  • ក្រុមហ៊ុនខិតខំបំពេញបែបបទគតិយុត្តិ ការងារថែទាំ ការងារយកផលកៅស៊ូ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ពិសេសនិយោជិកកម្មករទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីតបាន១០០% និង​បានអនុវត្តតាមវិធានការ៣កុំ-៣ការពារ និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល៕
ព័ត៌មានចុងក្រោយ