×
ទស្សនៈកិច្ចសិក្សារបស់កសិករកៅស៊ូគ្រួសារនៅចម្ការបង្ហាញការអនុវត្តកសិកម្មល្អ (GAP) និងការកែលម្អមុខចៀរលើការយកផលទឹកជ័រនៅស្រុកពេជ្រដា ខេត្ដមណ្ឌលគិរី

ពីថ្ងៃទី​១៦ - ១៧ ខែកុម្ភៈ ឆ្នាំ​២០​២​២​ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ​​ នៃ​អគ្គនាយក​ដ្ឋា​ន​កៅស៊ូចំនួន២រូប បានចូលរួមទស្សនៈ​កិច្ចសិក្សា​របស់​កសិករកៅស៊ូគ្រួសារនៅចម្ការបង្ហា​ញ​ការ​អនុ​វត្តកសិកម្ម​ល្អ និងការកែលម្អមុខ​ចៀរ​លើ​ការ​យកផលទឹកជ័រនៅស្រុកពេជ្រដា ខេត្ដមណ្ឌល​គិ​​រី​ ដែល​ដឹកនាំដោយលោក គូរ ផល្លី អនុប្រធាន​នាយក​ដ្ឋាន​អភិវឌ្ឍន៍ និងលោក អ៊ូច មុនីរិទ្ធ អនុប្រធាន​ការិយាល័យបច្ចេកទេសនិងផ្សព្វផ្សាយ ​​និងមានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសនៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវកៅស៊ូកម្ពុជា និងកសិករកៅស៊ូគ្រួសារ​មកពីឃុំពូជ្រៃសរុបចំនួន១០៨នាក់ (ស្រី៣២​នាក់) ដោយមានការគាំទ្រពីអង្គ​កា​រ WWF។ គោលបំណងនៃទស្សនៈកិច្ច​នេះ​​គឺការផ្សព្វ​ផ្សា​យ​​ដល់​កសិករ​អំពី​បច្ចេកទេសថ្មី​លើការថែទាំ​ដំណាំ​​​កៅស៊ូប្រកបដោយ​​​​​ប្រសិទ្ធភាព និងការប្រមូលផល​ឲ្យបាន​យូរ​អង្វែង​។

ជាកិច្ចចាប់ផ្តើម លោក គូរ ផល្លី បានថ្លែង​​អំណរគុណដល់អង្គការ WWF ដែលបាន​រៀប​​ចំកម្មវិធីនេះឡើង សម្រាប់កសិករកៅស៊ូ​គ្រួសារក្នុងការជំរុញការយកផលនិងការអនុវត្ត​កសិកម្ម​ល្អ ព្រមទាំងបានលើកឡើងថា​កៅស៊ូធម្មជាតិ​​ជាដំណាំយុទ្ធសាស្រ្ត ដែលបានផ្តល់ប្រយោជន៍ជា​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានតាមរយៈការ​បង្កើន​ប្រាក់ចំណូល​ដល់​សេដ្ឋកិច្ចជាតិនិង​​គ្រួសារ បង្កើត​ការងារនិងមុខរបរ​​មានស្ថិរភាព​នៅតាម​តំបន់ជនបទ​ និងកាត់បន្ថយការធ្វើ​ចំណាក​ស្រុក។ លោកក៏​​​​បាន​លើកអំ​ពីគោល បំណង​ដែលនាំឱ្យ​មាន​ការ​ធ្វើទស្សនៈ​កិច្ចនេះឡើង សំដៅធ្វើឱ្យ​​​កសិករ​កៅស៊ូគ្រួសារ​ធ្វើ​យ៉ាង​ណាទទួលបាន​ការ​​​​យក​ផល​តាមបច្ចេកទេស ប្រមូលផលជ័រ​កៅ​ស៊ូ​​​​បាន​យូរអង្វែង​​យ៉ាងហោច​ណា​ស់​​​២៥ឆ្នាំ​ ដើម្បីកសិករ​ទទួល​បាន​​ចំណូល​​​​គ្រប់​គ្រាន់ កាត់​បន្ថយការទន្រា្ទនយកដីព្រៃ​ធ្វើ​កសិកម្មបន្ថែមទៀត ​និងចូលរួមអភិរក្ស​ព្រៃ​សហគមន៍។

ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ ក្រុមការ​ងារបាន​ធ្វើបទបង្ហាញលើ​ប្រធានបទសំខាន់ៗ​មួយ​ចំនួន​រួមមាន៖

  • បទដ្ឋានការបើកមុខចៀរដំបូង
  • ការគ្រប់គ្រងផ្ទាំងមុខចៀរ
  • ការប្រើប្រាស់ថ្នាំរំញោច
  • ការថែទាំចម្ការកៅស៊ូផ្តល់ផល
  • ការការពារនិងការព្យាលបាលជំងឺផ្កាកុលាប។

សេចក្ដីសន្និដ្ឋាននិងសំណូមពរ

កសិករដែលបានអនុវត្តនៅចម្ការបង្ហាញការអនុវត្តកសិកម្មល្អ (GAP) និងការកែលម្អ​មុខ​ចៀរ​លើ​​ការយកផលទឹកជ័រមានការ​យល់ដឹងច្រើន​អំពី​បច្ចេក​ទេសនៃការយកផលទឹកជ័រ។

តាមរយៈទស្សនកិច្ចសិក្សារបស់កសិករកៅស៊ូគ្រួសារយើងសង្កេតឃើញថា កសិករ​មាន​ការ​ចូល​រួមច្រើននិងមានចំណាប់អារម្មណ៍ចង់ស្វែងយល់​អំពីបច្ចេកទេសនៃការអនុវត្តកសិកម្មល្អលើការយកផល​ទឹកជ័រមាន៖ ការគ្រប់គ្រងផ្ទាំងចៀរ ការ​​ចំណាយ​សំបក ជម្រៅចៀរ ការប្រើប្រាស់ថ្នាំរំញោច ក៏ដូច​ជាការថែទាំចម្ការជាដើម ហើយពួកគាត់​រីក​រាយនិង ទទួលយកបច្ចេកទេសទាំងនេះដើម្បីអនុវត្តនៅចម្ការ របស់ពួកគាត់នៅថ្ងៃអនាគត។

អ្នកចូលរួមទាំងអស់បានពិភាក្សាយ៉ាងផុលជាមួយមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាដែលបានចុះមក បើកវគ្គបណ្តុះបណ្តាលនេះ ហើយ​ពួកគាត់ក៏បានសំណូមពរ​ឱ្យមានការរៀប​ចំវគ្គស្តីអំពី​បច្ចេក​​ទេស​ដំណាំកៅស៊ូនេះបន្តទៀត ដើម្បី​ឱ្យ​ពួក​គាត់​ទទួលបានចំណេះដឹងកាន់តែច្រើននិងងាយ​ស្រួល​ក្នុងការ​អនុវត្ត៕

 

ព័ត៌មានចុងក្រោយ