ពីថ្ងៃទី១៦ - ១៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូចំនួន២រូប បានចូលរួមទស្សនៈកិច្ចសិក្សារបស់កសិករកៅស៊ូគ្រួសារនៅចម្ការបង្ហាញការអនុវត្តកសិកម្មល្អ និងការកែលម្អមុខចៀរលើការយកផលទឹកជ័រនៅស្រុកពេជ្រដា ខេត្ដមណ្ឌលគិរី ដែលដឹកនាំដោយលោក គូរ ផល្លី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងលោក អ៊ូច មុនីរិទ្ធ អនុប្រធានការិយាល័យបច្ចេកទេសនិងផ្សព្វផ្សាយ និងមានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងកសិករកៅស៊ូគ្រួសារមកពីឃុំពូជ្រៃសរុបចំនួន១០៨នាក់ (ស្រី៣២នាក់) ដោយមានការគាំទ្រពីអង្គការ WWF។ គោលបំណងនៃទស្សនៈកិច្ចនេះគឺការផ្សព្វផ្សាយដល់កសិករអំពីបច្ចេកទេសថ្មីលើការថែទាំដំណាំកៅស៊ូប្រកបដោយប្រសិទ្ធភាព និងការប្រមូលផលឲ្យបានយូរអង្វែង។
ជាកិច្ចចាប់ផ្តើម លោក គូរ ផល្លី បានថ្លែងអំណរគុណដល់អង្គការ WWF ដែលបានរៀបចំកម្មវិធីនេះឡើង សម្រាប់កសិករកៅស៊ូគ្រួសារក្នុងការជំរុញការយកផលនិងការអនុវត្តកសិកម្មល្អ ព្រមទាំងបានលើកឡើងថាកៅស៊ូធម្មជាតិជាដំណាំយុទ្ធសាស្រ្ត ដែលបានផ្តល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានតាមរយៈការបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិនិងគ្រួសារ បង្កើតការងារនិងមុខរបរមានស្ថិរភាពនៅតាមតំបន់ជនបទ និងកាត់បន្ថយការធ្វើចំណាកស្រុក។ លោកក៏បានលើកអំពីគោល បំណងដែលនាំឱ្យមានការធ្វើទស្សនៈកិច្ចនេះឡើង សំដៅធ្វើឱ្យកសិករកៅស៊ូគ្រួសារធ្វើយ៉ាងណាទទួលបានការយកផលតាមបច្ចេកទេស ប្រមូលផលជ័រកៅស៊ូបានយូរអង្វែងយ៉ាងហោចណាស់២៥ឆ្នាំ ដើម្បីកសិករទទួលបានចំណូលគ្រប់គ្រាន់ កាត់បន្ថយការទន្រា្ទនយកដីព្រៃធ្វើកសិកម្មបន្ថែមទៀត និងចូលរួមអភិរក្សព្រៃសហគមន៍។
ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ ក្រុមការងារបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖
សេចក្ដីសន្និដ្ឋាននិងសំណូមពរ
កសិករដែលបានអនុវត្តនៅចម្ការបង្ហាញការអនុវត្តកសិកម្មល្អ (GAP) និងការកែលម្អមុខចៀរលើការយកផលទឹកជ័រមានការយល់ដឹងច្រើនអំពីបច្ចេកទេសនៃការយកផលទឹកជ័រ។
តាមរយៈទស្សនកិច្ចសិក្សារបស់កសិករកៅស៊ូគ្រួសារយើងសង្កេតឃើញថា កសិករមានការចូលរួមច្រើននិងមានចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីបច្ចេកទេសនៃការអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រមាន៖ ការគ្រប់គ្រងផ្ទាំងចៀរ ការចំណាយសំបក ជម្រៅចៀរ ការប្រើប្រាស់ថ្នាំរំញោច ក៏ដូចជាការថែទាំចម្ការជាដើម ហើយពួកគាត់រីករាយនិង ទទួលយកបច្ចេកទេសទាំងនេះដើម្បីអនុវត្តនៅចម្ការ របស់ពួកគាត់នៅថ្ងៃអនាគត។
អ្នកចូលរួមទាំងអស់បានពិភាក្សាយ៉ាងផុលជាមួយមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាដែលបានចុះមក បើកវគ្គបណ្តុះបណ្តាលនេះ ហើយពួកគាត់ក៏បានសំណូមពរឱ្យមានការរៀបចំវគ្គស្តីអំពីបច្ចេកទេសដំណាំកៅស៊ូនេះបន្តទៀត ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងកាន់តែច្រើននិងងាយស្រួលក្នុងការអនុវត្ត៕