×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមករា ឆ្នាំ២០២២

ឆ្នាំថ្មីនាំមកក្តីសង្ឃឹមនៃការគ្រប់គ្រងវិបត្តិជំងឺកូវីត ក៏ដូចជាភាពវិជ្ជមាននៃទស្សនៈជាសកលរបស់កៅស៊ូ​ធម្មជាតិ។ តាមការប៉ាន់ស្មានផលិតកម្មកៅស៊ូធម្មជាតិសម្រាប់ឆ្នាំ២០២២នេះ នឹងកើនដល់ ១៤,១០៧លាន​តោន ធៀបនឹងតម្រូវការកៅស៊ូធម្មជាតិនឹងកើនដល់ ១៤,២៣២លាន តោន។ ដោយឡែកនៅឆ្នាំ២០២១ កន្លងមកប្រទេសកម្ពុជាយើងសម្រេចបានការនាំចេញកៅស៊ូសរុបចំនួន ៣៦៦ ៣០០តោន គិតជាទឹកប្រាក់​ចំនួន ៦១០,៣លានដុល្លារអាម៉េរិក។ ផលិតកម្មម្មកៅស៊ូធម្មជាតិ​កម្ពុជានឹងមានកំណើនខ្ពស់ប្រចាំឆ្នាំ យោងតាមកំណើនផ្ទៃដីបើកមុខចៀរថ្មី។ សម្រាប់ដើមខែមករា ជាខែថ្មី​នៃ​ឆ្នាំថ្មី២០២២នេះ ស្ថាពភាពកៅស៊ូកម្ពុជាសម្រេចបានបរិមាណផលិតផលសរុបក្នុងខែមករាមាន​ចំនួន ​៣៤ ១៣៧តោន កើនឡើងចំនួន ១ ២៨៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯ​​បរិមាណនាំចេញកៅស៊ូសរុបប្រចាំ​ខែមករា​​ ​ឆ្នាំ២០២២ មានចំនួន ៣២ ៥២០តោន បានកើនឡើង ១ ៦៦៧តោន ស្មើនឹង៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែមករាគឺ១ ៥៨៦ដុល្លារអាម៉េរិក/តោន កើនឡើងចំនួន​​​​ ២១ដុល្លារអាម៉េរិក​/​តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាម​តំបន់នា​នា​​ប្រចាំខែមករាមានតម្លៃចាប់ពី ៥ ៩០០៛/គ.ក្រ - ៦ ០០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (បានថយចុះ ៣៦៛/គ.ក្រ ធៀបនឹងខែមុន) និងចាប់ពី ២ ៦០០៛/គ.ក្រ - ៣ ១០០៛/គ.ក្រ សម្រាប់​ជ័រកក (បានថយចុះ ៨៦៛/គ.ក្រធៀប នឹងខែមុន) អាស្រ័យតាមរយៈពេលបង្កកនិងតំបន់។

យោងតាមរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថាទស្សនៈវិស័យទីផ្សារកៅស៊ូធម្មជាតិពិភពលោក (NR) នៅតែមានភាពវិជ្ជមានក្នុងឆ្នាំ២០២២។ ផលិតកម្មកៅស៊ូពិភពលោករំពឹងថានឹងកើនឡើង ១,៩% ចំណែកឯការប្រើប្រាស់កៅស៊ូពិភពលោករំពឹងថា នឹងមានកំណើនជាមធ្យម ១,២% ក្នុងកំឡុងឆ្នាំ២០២២នេះ។ ទោះបីជាទីផ្សារកៅស៊ូធម្មជាតិមានរំញោចវិជ្ជមានក៏ដោយ ក៏នៅប្រឈមមុខនឹងបញ្ហាជាច្រើនដែលអាចរារាំងដល់កំណើនរបស់វា។ ក្នុងផ្នែកផ្គត់ផ្គង់ត្រូវបាន រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែអាកាសធាតុមិនល្អ កង្វះកម្លាំងពលកម្មនៅក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ចំពេលមានការកើនឡើងនៃការរីករាលដាលនៃប្រភេទ Covid-19 ករណី Omicron ជុំវិញពិភពលោក និងរដូវផ្អាក់ចៀរដែលអាចធ្វើឱ្យមានភាពតានតឹង​ដល់​ផ្នែក​ផ្គត់ផ្គង់វត្ថុធាតុដើមនៅខែខាងមុខ។ ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិមានភាពល្អប្រសើរ ដោយ​សារមានតម្រូវការខ្លាំងពីវិស័យសុខាភិបាល និងកំណើននៃការលក់រថយន្តមានភាពជាវិជ្ជមាន។

ព្រឹត្តិការណ៍ពិភពលោកផ្សេងទៀត ក៏អាចមានឥទ្ធិពលលើទីផ្សារកៅស៊ូធម្មជាតិដូចជា ការកើន​ឡើងនៃតម្លៃប្រេងឆៅ វិបត្តិភូមិសាស្ត្រនយោ- បាយ ការបើកព្រំដែនឡើងវិញ និងការរំខានខ្សែច្រវ៉ាក់​ផ្គត់​ផ្គង់​ពិភពលោកដែលបណ្តាលមកពីការពន្យារពេលដឹកជញ្ជូន កង្វះខាតជាសកលនៃបន្ទះឈីប semiconductor និងហានិភ័យផ្នែកសុខាភិបាលដោយសារការវិត្តន៍នៃជំងឺ Covid-19។ ប្រទេសនានាបានអនុវត្តវិធី​សាស្រ្ត​ផ្សេងៗគ្នា ដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19 សម្រាប់ប្រទេសជាតិនិងសេដ្ឋកិច្ចរបស់ខ្លួន។ ទោះជា​យ៉ាង​ណាក៏ដោយការគ្រប់គ្រង Covid-19 ប្រកបដោយប្រសិទ្ធភាពនៅតែជាគន្លឹះសំខាន់​ដើម្បីទ្រ​ទ្រង់​ការ​ងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ បើមិនដូច្នេះទេ វានៅតែបង្កឱ្យមានផលប៉ះពាល់​មិន​ច្បាស់​​លាស់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

ព័ត៌មានចុងក្រោយ