នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានកៅស៊ូបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ”ការអភិវឌ្ឍន៍កៅស៊ូគ្រួសារនិងខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិនៅកម្ពុជាក្រោយការធ្លាក់តម្លៃនៅឆ្នាំ២០១២“ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ និងមានការអញ្ជើញចូលរួមដោយលោកអគ្គនាយករង លោកប្រធាន/អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ លោកនាយកនិងមន្ត្រីជំនាញនៃវិទ្យាស្ថានស្រាវកៅស៊ូកម្ពុជា លោកបណ្ឌិត Jean Christoph Diepart និងលោកបណ្ឌិត គង់ រ៉ាដា អ្នកស្រាវជ្រាវឯករាជ្យ អង្គការ WWF និងអង្គការ OXFAM សរុបចំនួន៣២នាក់។ សិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកនិងផ្ទៀងផ្ទាត់បញ្ជាក់លទ្ធផលជាមួយនឹងអគ្គនាយកដ្ឋានកៅស៊ូ ក៏ដូចជាប្រមូលធាតុចូលបន្ថែមនិងយោបល់លើការផ្តល់អនុសាសសម្រាប់ជាមូលដ្ឋានក្នុងការធ្វើគោលនយោបាយនិងរៀបចំគម្រោងអន្តរាគមន៍គាំទ្រដល់ការអភិវឌ្ឍកៅស៊ូ។
បន្ទាប់ពីសុន្ទរកថាបើកអង្គសិក្ខាសាលាដោយ ឯកឧត្តម ហ៊ឹម អូន រួចមក លោកបណ្ឌិត គង់ រ៉ាដា អ្នកស្រាវជ្រាវឯករាជ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើបទបង្ហាញលទ្ធផលបឋមនៃការសិក្សាស្តីពី ”ការអភិវឌ្ឍន៍កៅស៊ូគ្រួសារនិងខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិនៅកម្ពុជាក្រោយការធ្លាក់តម្លៃនៅឆ្នាំ២០១២“ (The development of Small-holder rubber and rubber value chains in Cambodia after the 2012 price drop) ដែលការសិក្សានេះ មានគោលបំណង៖ (១)ការចងក្រងឯកសារពីប្រវត្តិនិងដំណាក់កាលនៃការអភិវឌ្ឍកៅស៊ូគ្រួសាររយៈពេល៣០ឆ្នាំចុងក្រោយ ដោយផ្តោតលើការផ្លាស់ប្តូរការប្រើប្រាស់ដីនិងកម្មសិទ្ធិដីធ្លី (២) ការកំណត់លក្ខណៈប្រភេទកៅស៊ូគ្រួសារដោយស្វែងយល់ពីសក្ដានុពលនៃភាពខុសគ្នាខាងសេដ្ឋកិច្ច-សង្គមរវាងប្រភេទគ្រួសារនីមួយៗនិង (៣) វិភាគមធ្យោបាយនិងយុទ្ធសាស្ត្រ (រយៈពេលខ្លីនិងវែង) របស់កសិករកៅស៊ូគ្រួសារ ដើម្បីដោះស្រាយការធ្លាក់ចុះនៃតម្លៃទីផ្សារនិងផលវិបាកនៃយុទ្ធសាស្រ្តទាំងនោះទៅលើផលិតកម្មនិងជីវភាព។
ការសិក្សាស្រាវជ្រាវនេះ បានជ្រើសរើសខេត្តចំនួន៣គឺ៖ ខេត្តកំពង់ចាម (ស្រុកស្ទឹងត្រង់) ខេត្តក្រចេះ (ស្រុកស្នួល) និងខេត្តរតនគិរី (ស្រុកបរកែវ)។ វិធីសាស្រ្តក្នុងការប្រមូលទិន្នន័យដោយប្រើប្រាស់នូវវិធីសាស្រ្តចម្រុះរួមមាន ការសម្ភាសន៍ជាមួយមន្រ្តីការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៣ អាជ្ញាធរភូមិ ឃុំស្ថិតនៅក្នុងតំបន់សិក្សានិងកសិករកៅស៊ូគ្រួសារ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញជាគោលគំនិតមានដូចខាងក្រោម៖
បន្ទាប់ពីការធ្វើបង្ហាញនីមួយៗ អង្គសិក្ខាសាលាបានផ្តល់អនុសាសន៍ដល់ក្រុមអ្នកស្រាវជ្រាវឯករាជ្យមានដូចខាងក្រោម៖
១.ការងារនៅចម្ការកៅស៊ូចន្លោះខែកុម្ភៈ មីនា និងខែមេសាជាពេលសម្រាកចៀរជ័រ ដូច្នេះដើម្បីបំពេញចំណូលបន្ថែមរបស់គាត់គួរឱ្យកសិករកៅស៊ូគ្រួសារដាំដំណាំម្រេចនិង ស្វាយចន្ទីដែលអាចប្រមូលផលពេលកៅស៊ូសម្រាកចៀរជ័រ
២.គួរធ្វើពិពិធកម្មកសិកម្មនៅក្នុងចម្ការកៅស៊ូ (ការដាំចេក ខ្នុរ មៀន និងស្វាយជាដើមនៅចន្លោះរងកៅស៊ូ និងការចិញ្ចឹមសត្វ (ការចិញ្ចឹមមាន់ ពពែ និងការចិញ្ចឹមឃ្មុំ)
៣.ក្នុងការវិនិយោគវិស័យកៅស៊ូគួរប្រើប្រាស់ច្បាប់ចំនួន៥ ទី១ច្បាប់ពលកម្មកុមារ ទី២ច្បាប់ព្រៃឈើ ទី៣ច្បាប់បរិស្ថាន ទី៤ច្បាប់ដីធ្លី និងច្បាប់សិទ្ធមនុស្យ
៤.សហគមន៍កសិកម្មកៅស៊ូគ្រួសារគួររៀបចំកែច្នៃកៅស៊ូសន្លឹក RSS ដោយខ្លួនឯង និងបង្កើតសិប្បកម្មកែច្នៃរបស់របរប្រើប្រាស់តូចតាចដូចជា កៅស៊ូកងជាដើម
៥.ការប្រមូលទិញជ័រកកពីកម្ពុជាទៅវៀតណាម វាជាសេរីនៃការរៀបចំឡើងយុទ្ធសាស្រ្ត (series of Set up Strategy) និងជា Market Oriented ដើម្បីទិញយកជ័រកក ហើយចង់បានជ័រកកជាយុទ្ធសាស្រ្តនៃការផលិតកង់ឡាន ធ្វើការដាក់យុទ្ធសាស្រ្តជាកញ្ចប់ ហើយប្រមូលចេញទៅក្រៅផ្លូវការដែលធ្វើឱ្យបាត់បង់តម្លៃបន្ថែមនិងបាត់បង់ចំណូលជាតិផងដែរ
៦.នៅក្នុងទំនាក់ទំនងអន្តរជាតិនិងក្របខណ្ឌពាណិជ្ជកម្មសេរីអត់មានទេមិត្ត អត់មានសត្រូវទេ មានតែផលប្រយោជន៍របស់ប្រទេសរៀងៗខ្លួន ដូច្នេះត្រូវពង្រឹងការគ្រប់គ្រងការនាំចេញជ័រកៅស៊ូកកឱ្យមានប្រសិទ្ធិភាព
៧.បានស្នើឱ្យកែលក្ខខណ្ឌមួយចំនួន ការជំនួសពន្ធនាំចេញដោយ CESS ការគាំទ្រឧបត្ថម្ភធនការនាំចេញទំនិញ (CESS: commodity export subsidy support) ។
សេចក្ដីសន្និដ្ឋាននិងទិសដៅបន្ត
សិក្ខាសាលាពិគ្រោះយោប់ស្តីពី"ការអភិវឌ្ឍន៍កៅស៊ូគ្រួសារនិងខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិនៅកម្ពុជាក្រោយការធ្លាក់តម្លៃនៅឆ្នាំ២០១២" ពិត ជាមានសារៈសំខាន់ណាស់ ព្រោះការសិក្សាបានបង្ហាញពីអន្តរកាលនៃគម្របនិងការប្រើប្រាស់ដី ការវិវត្តនិងបម្រែបម្រួលផ្ទៃដីកសិករកៅស៊ូគ្រួសារ និងរកយុទ្ធសាស្រ្តដោះស្រាយចំពោះការធ្លាក់តម្លៃជ័រកៅស៊ូ ព្រមទាំងបញ្ហាដែលកើតមានចំពោះកសិករកៅស៊ូគ្រួសារ។ លើលពីនេះទៀត សិក្ខាសាលបានទទួលធាតុចូលមួយចំនួនដូចជា ការវិភាគពីលំហអាកាសនៃការផ្លាស់ប្តូរគម្របនិងការប្រើប្រាស់ដីធ្លី ការវិភាគសេដ្ឋកិច្ច ការកំណត់វិធីសាស្រ្តនៃយន្តការបន្ស៊ាំទៅនឹងការធ្លាក់ចុះតម្លៃកៅស៊ូ និងការរៀបចំបង្កើតសេណារីយ៉ូដើម្បីពិនិត្យមើលដំណើរការកៅស៊ូគ្រួសារ នាពេលអនាគតដើម្បីពង្រីកវិសាលភាពនៃលទ្ធផលនេះដល់ថ្នាក់ជាតិ ព្រមទាំងអន្តរាគមន៍បន្តគាំទ្រដល់ការអភិវឌ្ឍកៅស៊ូធម្មជាតិប្រកបដោយចិរភាព ជាពិសេសកៅស៊ូគ្រួសារនៅកម្ពុជា។
ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងស្នើសុំថវិកាពីម្ចាស់ជំនួយដើម្បីធ្វើការបកប្រែរបាយការណ៍ចុះស្រាវជ្រាវនេះ ពីភាសារអង់គ្លេសទៅជាភាសាខ្មែរ ព្រមទាំងបោះពុម្ពចែកជូនមកអគ្គនាយកដ្ឋានកៅស៊ូ និងអង្គការពាក់ព័ន្ធនានាផងដែរ៕