×
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍កៅស៊ូគ្រួសារនិងខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិ នៅកម្ពុជាក្រោយការធ្លាក់តម្លៃនៅឆ្នាំ២០១២

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១ អគ្គនាយក​ដ្ឋានកៅស៊ូបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​ស្តីពី ”ការ​អភិវឌ្ឍន៍​​កៅ​ស៊ូគ្រួសារ​និង​ខ្សែច្រវាក់តម្លៃ​កៅស៊ូ​ធម្មជាតិនៅ​កម្ពុជា​ក្រោយ​​ការ​​ធ្លាក់តម្លៃ​​នៅ​ឆ្នាំ២០១២​“ ក្រោមអធិបតី​ភាព ​ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនា​យ​ក​ នៃអគ្គនាយក​ដ្ឋាន​កៅស៊ូ និងមានការអញ្ជើញ​ចូលរួម​ដោយលោកអគ្គនាយករង លោកប្រធាន/អនុ​ប្រធា​ននាយកដ្ឋាន និងមន្ត្រីជំនាញ​នៃអគ្គ​នាយក​ដ្ឋាន​កៅ​ស៊ូ លោកនាយក​និងមន្ត្រីជំនាញ​​នៃវិទ្យាស្ថាន​ស្រាវ​កៅ​ស៊ូកម្ពុជា លោកបណ្ឌិត​ Jean Christoph Diepart និងលោកបណ្ឌិត គង់ រ៉ាដា អ្នកស្រាវ​ជ្រាវ​ឯក​រាជ្យ អង្គការ WWF និងអង្គការ OXFAM សរុប​ចំនួន​៣២នាក់។ សិក្ខាសាលានេះ មានគោល​បំណងដើម្បី​ចែក​រំលែកនិងផ្ទៀងផ្ទាត់បញ្ជាក់​លទ្ធ​ផល​​​ជាមួយនឹងអគ្គនាយកដ្ឋានកៅស៊ូ ​ក៏ដូច​ជាប្រមូល​ធាតុ​​​ចូល​បន្ថែមនិ​ងយោបល់លើ​​​ការផ្តល់​អនុសា​ស​សម្រាប់ជា​មូលដ្ឋាន​ក្នុងការ​ធ្វើគោលនយោបាយ​និង​រៀ​បចំ​គម្រោង​​អន្តរាគមន៍​​គាំទ្រ​ដល់ការ​អភិវឌ្ឍ​កៅស៊ូ។

បន្ទាប់ពីសុន្ទរកថាបើកអង្គសិក្ខាសាលាដោយ ឯកឧត្តម ហ៊ឹម អូន ​រួចមក លោកបណ្ឌិត គង់ រ៉ាដា អ្នកស្រាវជ្រាវឯក​រាជ្យសាកលវិទ្យាល័យភូមិន្ទ​​កសិកម្ម បាន​ធ្វើ​បទ​បង្ហាញលទ្ធផលបឋមនៃការសិក្សាស្តីពី ”ការ​អភិវឌ្ឍ​ន៍​​​​កៅ​ស៊ូគ្រួសារ​និង​ខ្សែច្រវាក់តម្លៃ​កៅស៊ូធម្មជាតិ​នៅ​​កម្ពុជា​ក្រោយ​​ការ​​ធ្លាក់តម្លៃ​​នៅ​ឆ្នាំ២០១២​“ (The development of Small-holder rubber and rubber value chains in Cambodia after the 2012 price drop)  ដែលការសិក្សានេះ មានគោលបំណង៖ (១)ការ​ចង​ក្រងឯកសារពី​ប្រ​វត្តិ​និង​ដំណាក់កាល​នៃការ​អភិវឌ្ឍ​​​​​​​​កៅស៊ូ​គ្រួសារ​​រយៈពេល​​៣០​ឆ្នាំចុងក្រោយ​​ ដោយ​ផ្តោតលើការ​ផ្លាស់​ប្តូរ​​ការប្រើប្រាស់ដីនិង​កម្ម​សិទ្ធិដីធ្លី (២) ការកំណត់លក្ខណៈ​ប្រភេទ​​កៅស៊ូគ្រួសារដោយស្វែងយល់ពីសក្ដានុពលនៃភាពខុសគ្នា​ខាង​​សេដ្ឋកិច្ច-សង្គមរវាងប្រ​​ភេទគ្រួសារ​នីមួយៗនិង (៣) វិភាគមធ្យោបាយនិងយុទ្ធសាស្ត្រ (រយៈ​ពេល​ខ្លីនិង​វែង​) របស់​​កសិករ​កៅស៊ូ​គ្រួសារ ដើម្បី​ដោះ​ស្រាយការធ្លាក់ចុះនៃតម្លៃទីផ្សារនិងផល​វិបាក​​នៃ​​​យុទ្ធសាស្រ្ត​ទាំងនោះទៅ​លើ​ផលិតកម្ម​និង​ជីវភាព។

ការសិក្សា​ស្រា​វជ្រាវនេះ​ បាន​​ជ្រើសរើសខេត្ត​ចំនួន៣គឺ៖ ខេត្តកំពង់ចាម (ស្រុកស្ទឹងត្រង់) ខេត្តក្រចេះ ​​(ស្រុកស្នួល) និង​ខេត្តរតនគិរី​ ​(ស្រុកបរ​កែវ)។ ​វិធីសាស្រ្តក្នុងការប្រមូល​ទិន្នន័យ​​ដោយប្រើ​​ប្រា​ស់​នូវ​វិធីសាស្រ្ត​ចម្រុះរួម​មាន ​កា​រ​សម្ភាស​ន៍​​​​​ជាមួយ​មន្រ្តី​ការិយាល័យ​កៅស៊ូ​នៃ​មន្ទីរ​​កសិកម្ម​​ រុក្ខាប្រមាញ់ និង​នេសាទខេត្តទាំង៣ អា​ជ្ញា​ធរ​ភូមិ​ ឃុំ​ស្ថិត​នៅ​ក្នុង​តំបន់សិក្សានិងកសិក​រ​កៅស៊ូ​​គ្រួសារ​​​។​

លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញជាគោលគំនិតមានដូចខាងក្រោម៖

  • ទម្រង់មាតិកានៃរបាយការណ៍ស្រាវជ្រាវ
  • លទ្ធផលនៃការសិក្សាដំណាក់កាលទី២ ដោយផ្តោតលើខ្សែច្រវ៉ាក់តម្លៃ
  • ខ្សែច្រវ៉ាក់តម្លៃកៅស៊ូដែលរងឥទ្ធិពលខ្លាំងពីពាណិជ្ជកម្មក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាម
  • ខ្សែច្រវ៉ាក់តម្លៃដែលរងឥទ្ធិផលតិចតួចពីពាណិជ្ជកម្មក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាម
  • ខ្សែច្រវ៉ាក់តម្លៃកៅស៊ូដែលមានភាពងាយស្រួលក្នុងការចូលទៅកាន់សិប្បកម្មកែច្នៃ​ និងសមាគមនកសិកម្មកៅស៊ូគ្រួសារ
  • ការប្រើប្រាស់លទ្ធផលនៅក្នុងដំណាក់កាលទី១ និងទី២
  • អនុសាសន៍ក្រោយពីការចុះសិក្សាស្រាវជ្រាវ។

បន្ទាប់ពីការធ្វើបង្ហាញនីមួយៗ អង្គសិក្ខាសាលាបានផ្តល់អនុសាសន៍ដល់ក្រុមអ្នកស្រាវជ្រាវឯករាជ្យមានដូចខាងក្រោម៖

១.ការងារនៅចម្ការកៅស៊ូចន្លោះខែកុម្ភៈ មីនា និងខែមេសាជាពេលសម្រាកចៀរជ័រ ដូច្នេះ​ដើម្បី​បំពេញ​ចំណូលបន្ថែមរបស់គាត់គួរឱ្យកសិករ​កៅស៊ូ​​គ្រួសារដាំដំណាំម្រេចនិង      ស្វាយចន្ទីដែល​អាចប្រមូលផលពេលកៅស៊ូសម្រាកចៀរជ័រ

២.គួរធ្វើពិពិធកម្មកសិកម្ម​នៅក្នុងចម្ការកៅស៊ូ​ (ការដាំចេក ខ្នុរ មៀន និងស្វាយជា​ដើមនៅចន្លោះរងកៅស៊ូ និងការចិញ្ចឹមសត្វ (ការចិញ្ចឹមមាន់ ពពែ និងការចិញ្ចឹមឃ្មុំ)

៣.ក្នុងការវិនិយោគវិស័យកៅស៊ូគួរ​ប្រើ​ប្រាស់ច្បាប់ចំនួន៥ ទី១ច្បាប់ពលកម្មកុមារ ទី២​ច្បាប់​ព្រៃឈើ ទី៣ច្បាប់បរិស្ថាន ទី៤ច្បាប់ដីធ្លី និង​ច្បាប់សិទ្ធមនុស្យ

៤.សហគមន៍កសិកម្មកៅស៊ូគ្រួសា​រគួរ​រៀបចំកែច្នៃកៅស៊ូសន្លឹក RSS ដោយខ្លួនឯង និង​បង្កើតសិប្បកម្មកែច្នៃរបស់របរប្រើប្រាស់តូចតាច​ដូចជា កៅស៊ូ​កង​ជាដើម

៥.ការប្រមូលទិញជ័រកក​ពីកម្ពុជា​ទៅវៀតណាម វាជាសេរីនៃការរៀបចំឡើងយុទ្ធសាស្រ្ត (series of Set up Strategy) និងជា Market Oriented ដើម្បីទិញយកជ័រកក ហើយចង់បាន​ជ័រកកជាយុទ្ធសាស្រ្តនៃការផលិតកង់ឡាន ធ្វើការដាក់យុទ្ធសាស្រ្តជា​កញ្ចប់ ហើយប្រមូលចេញ​ទៅ​ក្រៅ​ផ្លូវការ​ដែល​ធ្វើឱ្យបាត់បង់តម្លៃបន្ថែម​និងបាត់បង់ចំណូលជាតិផង​ដែរ

៦.នៅក្នុងទំនាក់ទំនងអន្តរ​ជាតិនិង​ក្រប​ខណ្ឌ​ពាណិជ្ជកម្មសេរីអត់មានទេមិត្ត អត់មានសត្រូវទេ មានតែផលប្រយោជន៍របស់​ប្រទេស​រៀងៗ​​ខ្លួន ដូច្នេះ​ត្រូវពង្រឹងការ​គ្រប់គ្រងការនាំចេញជ័រ​កៅស៊ូកកឱ្យ​មានប្រសិទ្ធិភាព

៧.បានស្នើឱ្យកែលក្ខខណ្ឌមួយចំនួន ការ​ជំនួសពន្ធនាំចេញដោយ CESS ការគាំទ្រ​ឧបត្ថម្ភធនការនាំចេញទំនិញ (CESS: commodity​ export subsidy support)​ ។

សេចក្ដីសន្និដ្ឋាននិងទិសដៅបន្ត

សិក្ខាសាលាពិគ្រោះយោប់ស្តីពី"ការ​អភិវឌ្ឍន៍​​​​កៅ​ស៊ូគ្រួសារ​និង​ខ្សែច្រវាក់តម្លៃកៅស៊ូធម្ម​​ជាតិ​នៅ​កម្ពុជា​ក្រោយ​​ការ​​ធ្លាក់តម្លៃ​​នៅ​ឆ្នាំ​២០១២​" ពិត ជាមានសារៈសំខាន់ណាស់ ព្រោះ​ការ​សិក្សា​បានបង្ហាញពីអន្តរកាល​នៃគម្រប​និង​​ការ​ប្រើប្រាស់​​ដី ការ​វិវត្តនិងបម្រែបម្រួល​ផ្ទៃដីកសិករ​កៅស៊ូ​​គ្រួសារ និងរកយុទ្ធសាស្រ្តដោះ​ស្រាយ​ចំពោះ​ការ​ធ្លាក់តម្លៃ​ជ័រកៅស៊ូ ព្រម​ទាំង​បញ្ហាដែលកើត​មាន​ចំពោះកសិករកៅស៊ូគ្រួសារ។ លើលពីនេះទៀត សិក្ខាសាលបានទទួលធាតុចូលមួយចំនួនដូចជា​ ការវិភាគពីលំហអាកាសនៃ​ការផ្លាស់ប្តូរ​គម្រប​​និងការប្រើប្រាស់ដីធ្លី ការវិភាគសេដ្ឋកិច្ច ការ​កំណត់​វិធី​សាស្រ្ត​​នៃយន្តការបន្ស៊ាំទៅនឹងការ​ធ្លាក់​ចុះតម្លៃកៅស៊ូ និងការរៀបចំបង្កើត​សេណារីយ៉ូដើម្បី​ពិនិត្យ​មើលដំណើរ​ការកៅស៊ូគ្រួសារ នា​ពេល​អនាគត​​​ដើម្បី​ពង្រីកវិសាលភាពនៃលទ្ធផល​នេះ​ដល់ថ្នាក់ជាតិ ​ព្រមទាំងអន្តរាគមន៍​​បន្ត​គាំទ្រ​ដល់ការ​អភិវឌ្ឍកៅស៊ូធម្មជាតិ​​ប្រកបដោយ​ចិរភាព ជាពិសេស​កៅស៊ូ​គ្រួសារនៅកម្ពុជា។

ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងស្នើសុំថវិកាពីម្ចាស់ជំនួយដើម្បីធ្វើការបកប្រែរបាយការណ៍ចុះស្រាវជ្រាវនេះ​​ ពីភាសារអង់គ្លេសទៅជាភាសាខ្មែរ ព្រមទាំងបោះពុម្ពចែកជូនមកអគ្គនាយកដ្ឋានកៅស៊ូ និងអង្គការពាក់ព័ន្ធនានាផងដែរ៕ 

ព័ត៌មានចុងក្រោយ