×
វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹម ឃ្មុំនៅក្នុងចម្ការកៅស៊ូដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសហគមន៍កសិកម្មកៅស៊ូគ្រួសារក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រុមការងារអនុវត្តគម្រោងបានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមឃ្មុំនៅក្នុងចម្ការកៅស៊ូដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារ ខេត្តប៉ៃលិន ក្រោមអធិតីភាពលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោក​ប្រធានការិយាល័យអភិវឌ្ឍន៍សហ​​​គមន៍កសិកម្ម មន្ត្រីការិយាល័យកៅស៊ូ ថ្នាក់​ដឹក​នាំ​​សហគមន៍ (ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ) និងសមាជិក​សហគមន៍​​​កសិកម្ម​កៅស៊ូ​គ្រួសារ ខេត្តប៉ៃលិនសរុបចំនួន២០នាក់(ស្រី៤នាក់)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងអំពីបច្ចេកទេស នៃការចិញ្ចឹមឃ្មុំនៅក្នុងចម្ការកៅស៊ូ ការថែទាំនិងការយកផលពីការចិញ្ចឹមឃ្មុំរួមមាន៖ ទឹកឃ្មុំ ក្រមួនឃ្មុំ លម្អងផ្កាពីជើងឃ្មុំសំដៅបង្កើតមុខរបរថ្មីនិងជាប្រភពប្រាក់ចំណូលបន្ថែមដល់សមាជិក សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន។

ជាកិច្ចចាប់ផ្តើម លោក អ៊ឹម សុភឿន បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូនិងបានលើកឡើងសារៈសំខាន់ នៃការចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារដែលមានអំណាចក្នុងការការពារផលប្រយោជន៍របស់ប្រជាកសិករ ការបង្កើនផលិតភាពជ័រ បង្កើនទុន និងមុខរបរថ្មីបន្ថែមទៀត និងជាពិសេសគឺអំណាចក្នុងការតថ្លៃនិងការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់កសិករ។ ការចិញ្ចឹមឃ្មុំនេះ គឺជាបច្ចេកទេសមួយដែលអាចជួយផ្តល់ប្រាក់ចំណូលបន្ថែមដល់កសិករកៅស៊ូគ្រួសារ និងសូមឱ្យសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិនយកចិត្តទុកដាក់ក្នុងការចិញ្ចឹមឱ្យបានល្អនិងពង្រីកការចិញ្ចឹម ទៅដល់សមាជិកសហគមន៍ដ៏ទៃទៀតឱ្យបានកាន់តែច្រើន។

បន្ទាប់មកលោក ឃុន កក្កដា បានលើកឡើងថា កៅស៊ូធម្មជាតិគឺជាដំណាំយុទ្ធសាស្រ្តដែលបានផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានតាមរយៈការបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារនិងមុខរបរមានស្ថិរភាពនៅតាមតំបន់ជនបទ កាត់បន្ថយការធ្វើចំណាកស្រុក។ លោកក៏បានលើកពីមូលហេតុដែលនាំឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសការចិញ្ចឹមឃ្មុំដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារ ដោយអគ្គនាយកដ្ឋានកៅស៊ូពិនិត្យឃើញថា៖ ១).តម្លៃកៅស៊ូមានការធ្លាក់ចុះចាប់ពីឆ្នាំ២០១២មកនាំឱ្យកសិករទទួលបានប្រាក់ចំណូលទាបពីការលក់ជ័រកៅស៊ូ ២)​.កសិករកៅស៊ូគ្រួសារពឹងផ្អែកទៅលើដំណាំកៅស៊ូ​មិនមានមុខរបរបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូល ៣). កសិករកៅស៊ូគ្រួសារមួយចំនួនមិនបានអនុវត្ដការធ្វើពិពិធកម្មកសិកម្មនៅក្នុងចម្ការកៅស៊ូរបស់គាត់ ៤).បញ្ហាការឆ្លងរាលដាលរបស់ជំងឺ COVID-19 លើពិភពលោកធ្វើឱ្យមានផលប៉ះពាល់ដល់កសិករកៅស៊ូគ្រួសារ។ ដូច្នេះការចិញ្ចឹមឃ្មុំក្នុងចម្ការកៅស៊ូនឹងក្លាយជាប្រភពចំណូលថ្មីបន្ថែមដល់កសិករកៅស៊ូគ្រួសារ ក្នុងការជួយទ្រទ្រង់និងដោះស្រាយ ការលំបាកផ្នែកជីវភាព ប្រសិនបើតម្លៃកៅស៊ូចុះទាប។

លោកអគ្គនាយករងក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកសហគមន៍សូម៖

  • យកចិត្តទុកដាក់ចិញ្ចឹមនិងថែទាំឃ្មុំឱ្យទទួលបានលទ្ធផលល្អ
  • ពង្រីកការចិញ្ចឹមឃ្មុំដល់សមាជិកដ៏ទៃទៀតឱ្យបានកាន់តែទូលំទូលាយ
  •  ពង្រីងសមត្ថភាពសហគមន៍និងគ្រប់គ្រងផលិតផលកៅស៊ូឱ្យបានច្បាស់លាស់ ដើម្បីត្រៀមសហការជាមួយនឹងវិស័យឯកជននៅពេលអនាគត
  • យកចិត្តទុកដាក់ពង្រីកចំនួនសមាជិក សហគមន៍ឱ្យកាន់តែច្រើនឡើង។

ក្រោយពីមតិសំណេះសំណាលនិងបើកវគ្គបណ្តុះបណ្តាលរួចមក អគ្គនាយកដ្ឋានកៅស៊ូបានប្រគល់សម្ភារចិញ្ចឹឃ្មុំដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន រួមមាន៖

១.ធុងចិញ្ចឹមមានឃ្មុំស្រាប់ចំនួន ៣ធុង

២.ធុងទទេសម្រាប់ពង្រីកសំបុកឃ្មុំចំនួន ២ធុង

៣.ធុងចម្រោះយកទឹកឃ្មុំចំនួន ១ធុង

៤.ឧបករណ៍វាស់ជាតិទឹកក្នុងទឹកឃ្មុំចំនួន ១
៥.និងសម្ភារៈបម្រើការឲ្យការចិញ្ចឹមឃ្មុំមួយឈុត។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានធ្វើបទបង្ហាញលើប្រធានបទសំខាន់មួយចំនួនមាន៖

  • . សារៈប្រយោជន៍នៃការចិញ្ចឹមឃ្មុំ
  • . អំពីសមាជិកឃ្មុំនិងតួនាទីរបស់ សមាជិក
  • . អំពីពូជនិងការចិញ្ចឹមឃ្មុំ
  • . ទីតាំងត្រូវចិញ្ចឹម
  • . សម្ភារៈចាំបាច់សំរាប់ការចិញ្ចឹមឃ្មុំ
  • . ការដំឡើងធុងឃ្មុំ
  • ប្រភពពូជឃ្មុំសម្រាប់ចិញ្ចឹម
  • ការត្រួតពិនិត្យឃ្មុំ
  • ការថែទាំពេលខ្វះចំណី
  • បច្ចេកទេសលាយចំណីបន្ថែម
  • បច្ចេកទេសបំបែកសំបុកឃ្មុំ
  • ការបែងចែកធុងឃ្មុំជូនដល់កសិករ។

បន្ទាប់ពីការធ្វើបទបង្ហាញនីមួយៗ វាគ្មិនយើងបានធ្វើការបកស្រាយរាល់សំនួររបស់អ្នកចូលរួមដែលបានចោទសួរទៅតាមផ្នែកនីមួយៗ និងបានពិភាក្សាពីសកម្មភាព និងទិសដៅដែលត្រូវអនុវត្ត បន្ទាប់ពីការដាក់ធុងចិញ្ចឹមឃ្មុំនៅក្នុងទីតាំងចម្ការផ្ទាល់។

សេចក្តីសន្និដ្ឋាននិងសំណូមពរ

តាមរយៈ​ វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមឃ្មុំដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិនបានបង្ហាញឱ្យឃើញថា ទាំងថ្នាក់​ដឹកនាំនិងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលយកបច្ចេកទេសចិញ្ចឹមឃ្មុំក្នុងចម្ការកៅស៊ូ ព្រោះវាបានផ្តល់ផលចំណេញទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ចំណាយដើមទុនតិច ប៉ុន្តែលក់បានក្នុងតម្លៃខ្ពស់។ ម្យ៉ាងទៀត ជាប្រភេទការងារស្រាលដែលចំណាយកម្លាំងពលកម្មតិចដែលពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹម។ លើសពី​នេះទៀត វាជាប្រភេទមុខរបរសមស្របសម្រាប់ប្រជាជននៅតំបន់ពួកគាត់ដែលត្រូវការសម្ភារៈសាមញ្ញ ងាយរកទិញបាន ជាពិសេសការចិញ្ចឹមនេះមិនប៉ះពាល់ដល់ធនធានធម្មជាតិនិងផ្ទៃដីកសិកម្មឡើយ។

អ្នកចូលរួមបានពិភាក្សាយ៉ាងផុសផុលជាមួយនឹងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលបានចុះបើកវគ្គ​បណ្តុះ​បណ្តាលនេះ ហើយពួកគាត់ក៏បានសំណូមពរឱ្យ​មាន​​រៀបចំវគ្គស្តីអំពីការចិញ្ចឹមឃ្មុំនេះបន្តទៀត​ ដើម្បី​ឱ្យ​ពួកគាត់ទទួលបានចំណេះដឹងកាន់តែច្រើននិង ងាយស្រួលក្នុងការអនុវត្ត៕

ព័ត៌មានចុងក្រោយ