ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសហគមន៍កសិកម្មកៅស៊ូគ្រួសារក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រុមការងារអនុវត្តគម្រោងបានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមឃ្មុំនៅក្នុងចម្ការកៅស៊ូដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារ ខេត្តប៉ៃលិន ក្រោមអធិតីភាពលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីការិយាល័យកៅស៊ូ ថ្នាក់ដឹកនាំសហគមន៍ (ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ) និងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារ ខេត្តប៉ៃលិនសរុបចំនួន២០នាក់(ស្រី៤នាក់)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងអំពីបច្ចេកទេស នៃការចិញ្ចឹមឃ្មុំនៅក្នុងចម្ការកៅស៊ូ ការថែទាំនិងការយកផលពីការចិញ្ចឹមឃ្មុំរួមមាន៖ ទឹកឃ្មុំ ក្រមួនឃ្មុំ លម្អងផ្កាពីជើងឃ្មុំសំដៅបង្កើតមុខរបរថ្មីនិងជាប្រភពប្រាក់ចំណូលបន្ថែមដល់សមាជិក សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន។
ជាកិច្ចចាប់ផ្តើម លោក អ៊ឹម សុភឿន បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូនិងបានលើកឡើងសារៈសំខាន់ នៃការចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារដែលមានអំណាចក្នុងការការពារផលប្រយោជន៍របស់ប្រជាកសិករ ការបង្កើនផលិតភាពជ័រ បង្កើនទុន និងមុខរបរថ្មីបន្ថែមទៀត និងជាពិសេសគឺអំណាចក្នុងការតថ្លៃនិងការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់កសិករ។ ការចិញ្ចឹមឃ្មុំនេះ គឺជាបច្ចេកទេសមួយដែលអាចជួយផ្តល់ប្រាក់ចំណូលបន្ថែមដល់កសិករកៅស៊ូគ្រួសារ និងសូមឱ្យសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិនយកចិត្តទុកដាក់ក្នុងការចិញ្ចឹមឱ្យបានល្អនិងពង្រីកការចិញ្ចឹម ទៅដល់សមាជិកសហគមន៍ដ៏ទៃទៀតឱ្យបានកាន់តែច្រើន។
បន្ទាប់មកលោក ឃុន កក្កដា បានលើកឡើងថា កៅស៊ូធម្មជាតិគឺជាដំណាំយុទ្ធសាស្រ្តដែលបានផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានតាមរយៈការបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារនិងមុខរបរមានស្ថិរភាពនៅតាមតំបន់ជនបទ កាត់បន្ថយការធ្វើចំណាកស្រុក។ លោកក៏បានលើកពីមូលហេតុដែលនាំឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសការចិញ្ចឹមឃ្មុំដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារ ដោយអគ្គនាយកដ្ឋានកៅស៊ូពិនិត្យឃើញថា៖ ១).តម្លៃកៅស៊ូមានការធ្លាក់ចុះចាប់ពីឆ្នាំ២០១២មកនាំឱ្យកសិករទទួលបានប្រាក់ចំណូលទាបពីការលក់ជ័រកៅស៊ូ ២).កសិករកៅស៊ូគ្រួសារពឹងផ្អែកទៅលើដំណាំកៅស៊ូមិនមានមុខរបរបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូល ៣). កសិករកៅស៊ូគ្រួសារមួយចំនួនមិនបានអនុវត្ដការធ្វើពិពិធកម្មកសិកម្មនៅក្នុងចម្ការកៅស៊ូរបស់គាត់ ៤).បញ្ហាការឆ្លងរាលដាលរបស់ជំងឺ COVID-19 លើពិភពលោកធ្វើឱ្យមានផលប៉ះពាល់ដល់កសិករកៅស៊ូគ្រួសារ។ ដូច្នេះការចិញ្ចឹមឃ្មុំក្នុងចម្ការកៅស៊ូនឹងក្លាយជាប្រភពចំណូលថ្មីបន្ថែមដល់កសិករកៅស៊ូគ្រួសារ ក្នុងការជួយទ្រទ្រង់និងដោះស្រាយ ការលំបាកផ្នែកជីវភាព ប្រសិនបើតម្លៃកៅស៊ូចុះទាប។
លោកអគ្គនាយករងក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកសហគមន៍សូម៖
ក្រោយពីមតិសំណេះសំណាលនិងបើកវគ្គបណ្តុះបណ្តាលរួចមក អគ្គនាយកដ្ឋានកៅស៊ូបានប្រគល់សម្ភារចិញ្ចឹឃ្មុំដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន រួមមាន៖
១.ធុងចិញ្ចឹមមានឃ្មុំស្រាប់ចំនួន ៣ធុង
២.ធុងទទេសម្រាប់ពង្រីកសំបុកឃ្មុំចំនួន ២ធុង
៣.ធុងចម្រោះយកទឹកឃ្មុំចំនួន ១ធុង
៤.ឧបករណ៍វាស់ជាតិទឹកក្នុងទឹកឃ្មុំចំនួន ១
៥.និងសម្ភារៈបម្រើការឲ្យការចិញ្ចឹមឃ្មុំមួយឈុត។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានធ្វើបទបង្ហាញលើប្រធានបទសំខាន់មួយចំនួនមាន៖
បន្ទាប់ពីការធ្វើបទបង្ហាញនីមួយៗ វាគ្មិនយើងបានធ្វើការបកស្រាយរាល់សំនួររបស់អ្នកចូលរួមដែលបានចោទសួរទៅតាមផ្នែកនីមួយៗ និងបានពិភាក្សាពីសកម្មភាព និងទិសដៅដែលត្រូវអនុវត្ត បន្ទាប់ពីការដាក់ធុងចិញ្ចឹមឃ្មុំនៅក្នុងទីតាំងចម្ការផ្ទាល់។
សេចក្តីសន្និដ្ឋាននិងសំណូមពរ
តាមរយៈ វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមឃ្មុំដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិនបានបង្ហាញឱ្យឃើញថា ទាំងថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលយកបច្ចេកទេសចិញ្ចឹមឃ្មុំក្នុងចម្ការកៅស៊ូ ព្រោះវាបានផ្តល់ផលចំណេញទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ចំណាយដើមទុនតិច ប៉ុន្តែលក់បានក្នុងតម្លៃខ្ពស់។ ម្យ៉ាងទៀត ជាប្រភេទការងារស្រាលដែលចំណាយកម្លាំងពលកម្មតិចដែលពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹម។ លើសពីនេះទៀត វាជាប្រភេទមុខរបរសមស្របសម្រាប់ប្រជាជននៅតំបន់ពួកគាត់ដែលត្រូវការសម្ភារៈសាមញ្ញ ងាយរកទិញបាន ជាពិសេសការចិញ្ចឹមនេះមិនប៉ះពាល់ដល់ធនធានធម្មជាតិនិងផ្ទៃដីកសិកម្មឡើយ។
អ្នកចូលរួមបានពិភាក្សាយ៉ាងផុសផុលជាមួយនឹងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលបានចុះបើកវគ្គបណ្តុះបណ្តាលនេះ ហើយពួកគាត់ក៏បានសំណូមពរឱ្យមានរៀបចំវគ្គស្តីអំពីការចិញ្ចឹមឃ្មុំនេះបន្តទៀត ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងកាន់តែច្រើននិង ងាយស្រួលក្នុងការអនុវត្ត៕