សម្រាប់ខែនេះ គឺអំណោយផលល្អដោយសារការឡើងថ្លៃប្រេង រួមផ្សំនិងក្តីរំពឹងទុកក្នុងរយៈពេល ខ្លីនៃផលិតកម្មកៅស៊ូធម្មជាតិរបស់បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងឥណ្ឌាកើនឡើងបានធ្វើឲ្យថ្លៃកៅស៊ូកើនឡើងនៅក្នុងខែនេះ។ ថ្លៃកៅស៊ូនៅទីផ្សារប្រចាំថ្ងៃ (physical market) និងនៅទីផ្សារតាមកិច្ចសន្យា (future market) បានកើនឡើង ៣% បើធៀបទៅនឹងថ្លៃដើមខែ។ ប៉ុន្តែថ្លៃកៅស៊ូនេះមិនរំពឹងថា វាមានកំណើនរហូតនោះទេ ពីព្រោះមានរបាំងឧបសគ្គជាច្រើនបានរារាំងដូចជា៖ ការរាតត្បាតនៃជំងឺកូវីតនិងបញ្ហាដឹកជញ្ជូន ជាហេតុធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចសកលមិនទាន់ដំណើរការបានល្អប្រសើរ។
ទោះបីជាយ៉ាងណា ស្ថានភាពកៅស៊ូប្រទេសកម្ពុជានៅក្នុងខែតុលា ឆ្នាំ២០២១ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ១៦០ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១៤ ៣១៩ហិកតា ស្មើនឹង ៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩ ៨៤១ហិកតា ស្មើនឹង ២២%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែតុលា ឆ្នាំ ២០២១ មានចំនួន ៣៨ ៨២៤តោន បានកើនឡើងចំនួន ៤ ៧១៤តោន ( =+១៤%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន ៣ ៨៨៥តោន (=+១១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ រហូតមកដល់ខែតុលា ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន ២៧១ ០០០តោន បាន កើនឡើងចំនួន ២៣ ២៩៥តោន (=+៩%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន៣៩ ១២៧តោន បានកើនឡើងចំនួន៦ ០១៥តោន (=+១៨,២%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន ៦ ១០០តោន (=+១៨%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបរយៈពេល១០ខែដើមឆ្នាំ២០២១ មានចំនួន ២៦៦ ៧៦៥តោន បានកើនឡើង ចំនួន២៣ ៦៣៩តោន (=+១០%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែតុលា គឺ១ ៦៥០US$/តោន បានកើនឡើងចំនួន ២១US$/តោន (=+១,៣២%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ២១៥US$/តោន (=+១៥%) ធៀបនឹងខែរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់ជាមធ្យម រយៈពេល១០ខែដើមឆ្នាំ២០២១ គឺ១ ៦៦៤US$/តោន បានកើនឡើងចំនួន ៣៥៣US$/តោន (=+២៧%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែតុលា មានតម្លៃចាប់ពី ៥ ៨០០៛/គ.ក្រ - ៦ ០២៥៛/គ.ក្រ សម្រាប់ជ័រស្ងួត (កើនឡើង៤៤៛/គ.ក្រ ធៀបនឹងខែមុន) និងចាប់ពី ២ ៣៥០៛/គ.ក្រ ទៅ ៣ ៤៥០៛/គ.ក្រ សម្រាប់ជ័រកក (កើនឡើង ៦៦៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេលបង្កក។
យោងតាមរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា៖ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោករំពឹងថា នឹងកើនឡើង ១,៨% ដល់ ១៣,៨៣៦លានតោន ខណៈដែលតម្រូវការពិភពលោករំពឹងថា នឹងកើនឡើងពី ៨,៣% ដល់ ១៤,០២៨លានតោន ក្នុងអំឡុងឆ្នាំ២០២១នេះ។ ថ្លៃកៅស៊ូធម្មជាតិទិញ-លក់តាមកិច្ចសន្យាដែលចុះបញ្ជីបានងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះកាលពីខែមុននៅទូទាំងទីផ្សារហ៊ុនសំខាន់ៗដូចជា៖ សៀងហៃ សឹង្ហបុរី និងអូសាកាជាមួយកំណើន ៩% ៦,១% និង ១០,៣% រៀងគ្នាក្នុងអំឡុងខែតុលា ឆ្នាំ២០២១។ ផ្ទុយទៅវិញ ថ្លៃកៅស៊ូទិញ-លក់ភ្លាមៗបានធ្លាក់ចុះនៅក្នុងប្រទេសថៃនិងឥណ្ឌា លើកលែង តែថ្លៃកៅស៊ូប្រភេទ SMR-20 របស់ម៉ាឡេស៊ីជាមធ្យមបានកើនឡើង ៦,៧% និងទឹកជ័រកើនឡើង៥% ក្នុងអំឡុងរយៈ ពេលដូចគ្នានេះ។
នៅក្នុងទស្សនវិស័យថ្មីៗដែលបង្ហាញដោយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនទាបពី ០,១% ទៅ ៥,៩% ក្នុងអំឡុងឆ្នាំ២០២១ ដោយសារការព្យាករណ៍ របស់ខ្លួនអំពីភាពកាន់តែអាក្រក់នៃជំងឺរាតត្បាត Covid-19 ដែលបានរំខានដល់ការផ្គត់ផ្គង់ កង្វល់សុខភាព និងសម្ពាធថ្លៃជាដើម។ IMF ជឿថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកអាចនឹងត្រូវបានពង្រឹងឡើងវិញ តាមរយៈការខិតខំប្រឹងប្រែងក្នុងតំបន់លើផលប្រយោជន៍រួម។ លើសពីនេះ បណ្តាប្រទេសមួយចំនួនក៏បានបន្តសកម្មភាពទេសចរណ៍របស់ខ្លួនឡើងវិញ ដោយការដាក់បញ្ចូលមធ្យមបាយធ្វើដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ គឺអាចជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញក្រោយការរាតត្បាតជំងឺ និងនាំមកនូវឥទ្ធិពលច្រើន នៅក្នុងសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធផ្សេងៗទៀត ពិសេសប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍៕