×
ការចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូអវិនិយោគនៅ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

ចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូបាន​ដឹក​នាំមន្រ្ដីជំនាញអមដំណើរឯកឧត្ដម អ៊ុង សំអាត រដ្ឋ​​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូ​អវិនិយោគនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្ត ក្រចេះ។

១. លទ្ធផលនៃការចុះពិនិត្យ

ក្រុមហ៊ុនដែលបានចុះពិនិត្យជាក់ស្ដែងដល់ចម្ការមានចំនួន ៦រួមមាន៖ ១.ក្រុមហ៊ុនចម្ការកៅស៊ូ​បឹងកេតរបស់ក្រុមហ៊ុនឡុងស្រេងអន្តរជាតិ ២.ក្រុម​​ហ៊ុនចម្ការកៅស៊ូចម្ការ អណ្តូងរបស់ក្រុមហ៊ុនអានម៉ា​ ឌីគ្រុប ៣.ក្រុមហ៊ុនចម្ការកៅស៊ូស្នួលរបស់​ក្រុម​ហ៊ុន​ស្វីហ្វរីសសស៍លីមីធីត ៤.ក្រុមហ៊ុនចម្ការ​កៅស៊ូ​មេមត់ របស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ខូអិល ធីឌី ៥.ក្រុមហ៊ុនចម្ការកៅស៊ូក្រែក របស់ក្រុមហ៊ុន​​ក្រែក (ខេមបូឌា) ខូអិលធីឌីនិង​ ៦.ចម្ការ​កៅស៊ូ​ពាមជាំង របស់ក្រុមហ៊ុនអាន ម៉ាឌី គ្រុប ដោយឡែក ១ក្រុម​ហ៊ុនទៀតគឺក្រុមហ៊ុនចម្ការកៅស៊ូជុបរបស់ក្រុម​ហ៊ុន​សុភក្តិនីកាអ៊ិនវេសមេន គ្រុប ខូ អិលធីឌី មិនបានពិនិត្យនោះទេ ដោយសារមានបុគ្គលិករបស់​​ក្រុមហ៊ុនឆ្លងជំងឺ Covid-19 ទើបប្រតិភូ ប្រធានក្រុមការងារមិនបានជួបប្រជុំការងារជាមួយតំណាងក្រុមហ៊ុន។

បន្ទាប់ពី បានពិនិត្យជាក់ស្ដែងដល់ទីតាំងចម្ការរួចមក ប្រតិភូប្រធានក្រុមការងារជួបប្រជុំជាមួយប្រធានក្រុមហ៊ុន និងបានផ្ដល់ជាមតិយោបល់ដល់ក្រុមហ៊ុននីមួយៗដូចខាងក្រោម៖

១. ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត របស់ក្រុមហ៊ុនឡុងស្រេង អន្តរជាតិ៖

  • ក្រុមហ៊ុនគួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូបឹងកេតត្រឹមចំនួន៦ ៣៥៣,៤៥៤២​​ហិកតា​វិញ ស្របតាមលិខិតលេខ៥៨៣. សជណ.ក​ធ ចុះ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ របស់ទីស្តីការ​គណៈរដ្ឋមន្រ្តី
  • រាល់ការប្តូរមុខដំណាំក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតជាមុនសិនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​។

២. ក្រុមហ៊ុនចម្ការកៅស៊ូចម្ការអណ្តូង របស់ ក្រុមហ៊ុនអាន ម៉ាឌី គ្រុប៖

  • ក្រុមហ៊ុនត្រូវស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដើម្បីកាត់ផ្ទៃដីចំនួន២៣៥,២៦ហិកតា សម្រាប់ដោះស្រាយផលប៉ះពាល់សង្គមចេញ​​ពីចម្ការកៅស៊ូចម្ការ អណ្តូង
  • ក្រុមហ៊ុនគួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូចម្ការអណ្តូងនៅត្រឹមចំនួន៤ ៨០៧,១០ហិកតា
  • ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរដែនដីបន្តដោះស្រាយផលប៉ះពាល់សង្គម ដែលនៅសល់ (២គ្រួសារ)​
  • រាល់ការប្តូរមុខដំណាំ ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតជាមុនសិនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​។

៣.ក្រុមហ៊ុនចម្ការកៅស៊ូស្នួល របស់ក្រុមហ៊ុន ស្វីហ្វរីសសស៍ លីមីធីត៖

  • ក្រុមហ៊ុនត្រូវស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដើម្បីកាត់ផ្ទៃដីចំនួន ១៦,៤៥ ហិកតា សម្រាប់ដោះស្រាយផលប៉ះពាល់សង្គម​ចេញពីចម្ការកៅស៊ូស្នួល
  • ក្រុមហ៊ុនគួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូស្នួល​ពីចំនួន៤ ៨០៧,១០ហិកតា
  • ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ ដែនដីបន្តដោះស្រាយផលប៉ះពាល់សង្គមដែលនៅសល់ (៨គ្រួសារ) និងដោះស្រាយការទន្រ្ទានកាន់កាប់ដីនិងការប្រមូលទិញ ជ័រកៅស៊ូក្នុងចម្ការកៅស៊ូស្នួល ព្រមទាំងរាយការណ៍ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដើម្បី​ឱ្យក្រសួងមានវិធានការចាត់ចែងបន្ត។

៤.ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ របស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូ អិលធីឌី៖

  • ក្រុមហ៊ុនត្រូវជំរុញឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចន​ល​វត្ថុចម្ការកៅស៊ូមេមត់ឱ្យបានឆាប់ ក្នុងការយោងកែសម្រួលកិច្ចសន្យា​ជួលដីចម្ការកៅស៊ូមេមត់ឡើងវិញ
  • ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានបន្តដោះស្រាយផលប៉ះពាល់សង្គម ដែលនៅសល់និងដោះស្រាយការទន្រ្ទានកាន់កាប់ដីក្រុមហ៊ុន ពីសំណាក់ប្រជាពល រដ្ឋ ព្រមទាំងរាយការណ៍​ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​​ ដើម្បី​ឱ្យ​ក្រសួងមានវិធានការចាត់ចែងបន្ត។

៥. ក្រុមហ៊ុនចម្ការកៅស៊ូក្រែក របស់ក្រុមហ៊ុន ក្រែក (ខេមបូឌា) ខូ អិលធីឌី៖

  • ក្រុមហ៊ុនគួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូក្រែកត្រឹមចំនួន៦ ៤៨៦,៨២ហិកតាវិញ ស្រប​តាមលិខិតលេខ៥១៧​ សជណ.កធចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋ​មន្រ្តី
  • រាល់ការប្តូរមុខដំណាំក្រុមហ៊ុនត្រូវស្នើសុំ ការអនុញ្ញាតជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើលិខិតទៅមន្ទីររៀបចំដែនដីនគររូប​នីយកម្ម សំណង់ និង​​សុរិយោដីខេត្តសៀមរាប ដើម្បីជំរុញ​ការ​​រៀបចំចុះបញ្ជីដីកម្មសិទ្ធិឯកជនរបស់រដ្ឋ​​ចម្ការ​កៅស៊ូស្វាយលើ​ខេត្តសៀមរាប។

៦. ចម្ការកៅស៊ូពាមជាំង របស់ក្រុមហ៊ុនអាន ម៉ាឌី គ្រុប៖

  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងធ្វើលិខិតទៅមន្ទីររៀបចំដែនដីនគររូប​នីយកម្ម សំណង់ និង​សុរិយោដីខេត្តស្វាយរៀង ដើម្បីជំរុញ​ការរៀបចំចុះបញ្ជីដីកម្មសិទ្ធិឯកជនរបស់រដ្ឋ​​ចម្ការ​កៅស៊ូរមាសហែក ខេត្តស្វាយរៀង
  • ក្រុមហ៊ុនគួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូពាមជាំងក្រោយធ្វើការវាស់វែង និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅចម្ការកៅស៊ូរមាសហែក ខេត្ត ស្វាយរៀង
  • ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តដោះស្រាយការទន្រ្ទានកាន់កាប់ យកដីក្រុមហ៊ុន​ពីប្រជាពលរដ្ឋ និងរាយការណ៍ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដើម្បី​ឱ្យ ក្រសួងមានវិធានការចាត់ចែងបន្ត
  • រាល់ការប្តូរមុខដំណាំក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតជាមុនសិនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​។

២. សេចក្តីសន្និដ្ឋាននិងសំណូមពរ

ក្រោយពីក្រុមការងារបានចុះពិនិត្យវឌ្ឍនភាព ក្រុមហ៊ុនចម្ការកៅស៊ូអវិនិយោគ ដែលស្ថិតនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះរួចមកឃើញថា ក្រុមហ៊ុនបានដំណើរការល្អ បើទោះបីជាតម្លៃកៅស៊ូបានធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមួយចំនួនក៏បានដោះស្រាយផលប៉ះពាល់​សង្គមរួចរាល់ និងមួយចំនួនទៀតនៅសល់តិចតួចនឹងបន្តដោះស្រាយឱ្យចប់នាពេលខាងមុខ។

ដោយមើលឃើញបញ្ហាប្រឈមថ្លៃកៅស៊ូចុះទាប រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុននីមួយៗដាំដំណាំកសិកម្មដែលមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ប្រើប្រាស់ ពលកម្មតិច ព្រមទាំងផ្តល់ចំណូលច្រើនជាងកៅស៊ូ ដោយរក្សាផ្ទៃដី​មានដំណាំកៅស៊ូយ៉ាងតិចស្មើនឹង៥០% នៃផ្ទៃដីទាំងមូលរបស់ចម្ការ​កៅស៊ូនីមួយៗ។ ទោះ​បី​ជា​​មាន សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនប្តូរមុខដំណាំក៏ដោយ ក៏ក្រុមហ៊ុនខ្លះនៅតែរក្សាអត្តសញ្ញាណ​ចាស់ដដែលគឺដំណាំកៅស៊ូ រីឯក្រុម​ហ៊ុនខ្លះដែលប្តូរមុខដំណាំគឺអាស្រ័យដោយ​ទីតាំងភូមិសាស្រ្តអំណោយផល និងទីផ្សារមានដូចជា៖

១. ចម្ការកៅស៊ូបឹងកេត របស់ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ៖    

  - ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ ដំណើរការបានល្អទាំងផលិតកម្មកៅស៊ូ និងចេកសម្រាប់នាំចេញ។ បច្ចុប្បន្នក្រុមហ៊ុនប្រើប្រាស់​ដីដាំកៅស៊ូ ៣ ៨០០ហិកតា (៦០%) និងដាំដំណំាកសិកម្ម    ២ ៣៤៥ហិកតា (៣៧%) ក្នុងនោះចេក ១ ៩៥០ ហិកតា និងឈើហូបផ្លែ ៣៩៥ហិកតា និងផ្ទៃដី ២០៨ហិកតា (៣%) ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យក្រុមហ៊ុន។

២.  ចម្ការកៅស៊ូចម្ការអណ្តូង របស់ក្រុមហ៊ុន អាន ម៉ាឌី គ្រុប៖

- ក្រុមហ៊ុនអាន ម៉ាឌី គ្រុប ដំណើរការបានល្អលើផលិតកម្មកៅស៊ូ ដោយឡែកដាំដំណំាកសិ-កម្មមិនទាន់ចេញជាលទ្ធផលនៅឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនប្រើប្រាស់​ដីដាំកៅស៊ូ ៤ ៨៩៤ហិកតា (៧០%) ដីដាំដំណំាកសិកម្ម ២៤៣ហិកតា (៣%) ក្នុងនោះ ទុរេន១២៥ហិកតា និងឈើហូបផ្លែ១១៨ហិកតា ផ្ទៃដីទំនេរអាចដាំកៅស៊ូបាន១ ១៦០ហិក​តា (១៧%) និងផ្ទៃដី៦៥៨ហិកតា ជាសំណង់ហេដ្ឋា​​រចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន។

៣.  ចម្ការកៅស៊ូស្នួលរបស់ក្រុមហ៊ុន ស្វីហ្វ រីសសស៍ លីមីធីត៖

- ក្រុមហ៊ុនស្វីហ្វរីសសស៍ លីមីធីត ដំណើរការបានល្អលើផលិតកម្មកៅស៊ូ ដោយមិនជំនួសដំណាំអ្វីផ្សេង​ក្រៅពីដំណាំកៅស៊ូ។ បច្ចុប្បន្ននេះក្រុម ហ៊ុនប្រើប្រាស់​ដីដាំកៅស៊ូ ៤ ២៥០ ហិកតា (៨៨%) ដែលក្នុងនោះចម្ការកៅស៊ូ ៤ ១៧៤ហិកតា បានដាក់ឱ្យដំណើរការអាជីវកម្ម និងផ្ទៃដី៥៥៧ ហិកតា ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន

៤. ចម្ការកៅស៊ូមេមត់ របស់ក្រុមហ៊ុន ចម្ការ កៅស៊ូមេមត់ ខូ អិលធីឌី៖

- ក្រុមហ៊ុន ចម្ការកៅស៊ូមេមត់ ខូ អិលធីឌី ដំណើរការបានល្អលើផលិតកម្មកៅស៊ូ ដោយមិនជំនួសដំណាំអ្វីផ្សេងក្រៅពីដំណាំកៅស៊ូ។ បច្ចុប្បន្ន នេះ ក្រុមហ៊ុនប្រើប្រាស់​ដីដាំកៅស៊ូ ៨ ០០០ ហិកតា (៨៧%) ដែលក្នុងនោះចម្ការកៅស៊ូ​ ៥ ៨២០ហិកតា បានដាក់ឱ្យដំណើរការអាជីវកម្ម ផ្ទៃដីគ្រោងដាំ កៅស៊ូ ៤៧៥ហិកតា និងផ្ទៃដី ៧៣០ហិកតា ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន។

៥. ចម្ការកៅស៊ូក្រែក របស់ក្រុមហ៊ុនក្រែក (ខេមបូឌា) ខូ អិលធីឌី៖

 -ក្រុមហ៊ុនក្រែក(ខេមបូឌា) ខូអិលធីឌី ដំណើរ​​ការបានល្អលើផលិតកម្មកៅស៊ូ រីឯដាំ​ដំណំាកសិកម្ម​​មិនទាន់ចេញជាលទ្ធផលនៅឡើយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានប្រើប្រាស់​ដីដាំកៅស៊ូ៤ ៧២៨ហិកតា (៧៣%) ដីដាំ​ចន្ទី១ ៣៣១ហិកតា (២០%) និងផ្ទៃ​ដី៤២៧ហិកតា (៧%)  ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ​​​​ ដែលបម្រើឱ្យក្រុមហ៊ុន។​

៦. ចម្ការកៅស៊ូពាមជាំង របស់ក្រុមហ៊ុនអាន ម៉ាឌី គ្រុប៖

-ក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដំណើរការបានល្អ ទាំងផលិតកម្មកៅស៊ូ ដោយឡែកដាំដំណំាកសិកម្ម ដូចជាចេក និងអំពៅបានដំណើរការល្អជាបណ្តើរៗ ហើយក្នុងការនាំចេញ រីឯដំណាំឈើហូបផ្លែមិនទាន់ ចេញជាលទ្ធផលនៅឡើយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនប្រើប្រាស់​ដីដាំកៅស៊ូ៣ ០៤៥ហិកតា (៥៤%) និង​ដាំដំណំាកសិកម្ម១ ៨៣៧ហិកតា (៣២%) ក្នុងនោះ​ ​​អំពៅ ១ ២២៥ហិកតា ចេក ២៤៩ហិកតា និងឈើ​ហូបផ្លែ៣៦៣ហិកតា និងផ្ទៃដី៧៨២ហិកតា (១៤%) ក្នុងនោះ ផ្ទៃដីទំនាស់ជាមួយប្រជាពលរដ្ឋមាន ៤៤៨​​​ ហិកតា និងផ្ទៃដី ៣៣៤ហិកតា ជាសំណង់ហេដ្ឋា​រចនាសម្ព័ន្ធ​ដែលបម្រើឱ្យក្រុមហ៊ុន។        

ដើម្បីឱ្យចម្ការកៅស៊ូអវិនិយោគដំណើរការល្អ និងទៅតាមស្ថានភាពគ្រប់គ្រងជាក់ស្តែង ក្រុម​ការ​ងារបានផ្តល់ជាមតិយោបល់ដល់ក្រុមហ៊ុនរួមមាន៖

១. គួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូឡើងវិញ ដោយសារផ្ទៃដីមួយចំនួនរបស់ចម្ការកៅស៊ូទាំង៧បានកាត់ចេញ ដើម្បីដោះស្រាយ ផលប៉ះពាល់សង្គមដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ។

២.  ក្រុមហ៊ុនដែលមិនទាន់ធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋត្រូវរៀបចំឱ្យបានឆាប់ ដើម្បីចុះបញ្ជីផ្ទៃដីជាក់ស្តែងដែលនៅសល់ស្របពេលដែលមានការកែ សម្រួលកិច្ចសន្យាឡើងវិញ។

៣.ត្រូវស្នើសុំការអនុញ្ញាតជាមុនសិនពីក្រសួង​​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាល់ការប្តូរមុខ​ដំណាំនិងការធ្វើពិសោធន៍​ (ក្លូនថ្មី បច្ចេកទេស​ដាំ​ដុះ និងបច្ចេកវិទ្យា​នៃការប្រមូលផល​កៅស៊ូ)។

៤. ត្រូវដាក់បាយការណ៍ស្តីពីលទ្ធផល​ការងារ​ដាំដុះ-ថែទាំ និងអាជីវកម្មផលិតកម្មកៅស៊ូប្រចាំ​ខែ ​ប្រចាំឆ្នាំ និង​ផែនការការងារអាជីវកម្ម-ផលិតកម្ម និង​​ដាំដុះកៅស៊ូប្រចាំឆ្នាំ​ ជូនអគ្គ​នាយក​ដ្ឋាន​​កៅស៊ូឱ្យ​បានទៀងទាត់​​ ដើម្បីមានទិន្នន័យគ្រប់គ្រាន់​ក្នុងការ​ព្យាករណ៍​និន្នាការ ការផ្គត់ផ្គង់ និងតម្រូវការកៅស៊ូ​ធម្មជាតិប្រចាំឆ្នាំរបស់កម្ពុជា និង​​មានមូលដ្ឋានច្បាស់​​ លាស់រាយការណ៍​ជូន​ក្រសួង​​​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ពិនិត្យនិងមានវិធានការបន្ត។

៥. ក្រុមហ៊ុនត្រូវមានរចនាសម្ព័ន្ធការងារ និងអ្នកជំនាញបច្ចេកទេសកៅស៊ូក្នុងការគ្រប់គ្រងចម្ការកៅស៊ូកសិឧស្សាហកម្ម។

៦. ក្រុមហ៊ុនចាំបាច់ទទួលយកគោលការណ៍ណែនាំបច្ចេកទេសស្តីពីការជ្រើសរើសពូជ បច្ចេកទេសដាំដុះ-ថែទាំ ការប្រមូលផល ការព្យាបាលជំងឺ និងការកែច្នៃជ័រកៅស៊ូពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានកៅស៊ូ)។

៧. ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតការកាប់ដើមកៅស៊ូចាស់អស់សក្តានុពលសេដ្ឋកិច្ចពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានកៅស៊ូ) មុននឹងចុះអនុវត្ត៕

ព័ត៌មានចុងក្រោយ