×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែឧសភា ឆ្នាំ២០២១

មកដល់ពេលនេះ ការរាតត្បាតដោយជំងឺកូវីតជាសកលមិនទាន់បង្ហាញការថយចុះនៅឡើយ វាជា ការរាតត្បាតដ៏កាចសាហាវគួរអោយព្រួយបារម្ភនិងការភ័យខ្លាច។ ជំងឺនេះបាននិងកំពុងតែរាតត្បាតសឹងគ្រប់ទីកន្លែង​​ គ្រប់ប្រទេសនៅលើពិភពលោក​​ ក្នុងនោះមានទាំងប្រទេសដែលជាអ្នកផលិតកៅស៊ូធម្មជាតិធំៗនៅលើពិភពលោកដូចជា៖ប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម។ល។ ព្រមទាំងប្រទេសកម្ពុជាយើងផងដែរ។

ចំពោះប្រទេសកម្ពុជា ទោះបីជាយើងស្ថិតក្នុងស្ថានភាពនៃការរាត្បាតពីជំងឺដ៏កាចសាហាវនេះក្តី ក៍ស្ថានភាពផលិតកម្មនិងធ្វើធុរកិច្ចកៅស៊ូធម្មជាតិសម្រាប់ខែឧសភានេះ បាន​​សម្រេចលទ្ធផលគួរអោយកត់សំគាល់បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ២៩២ ៥១៩ហិក​តា​ ស្មើនឹ​ង​៧២% និងផ្ទៃដីថែទាំមានចំនួន១១១ ៦៤១ហិកតា ស្មើនឹង២៨%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន២៦.០៤៨តោន បានកើនឡើងចំនួន   ៩ ១៧០តោន (=+៥៤%) ធៀបនឹងខែមុន ប៉ុន្តែបានថយចុះបានកើនឡើងចំនួន៣៥៥តោន (=+១%) ធៀប​​នឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២០។ រហូតមកដល់ខែឧសភា ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន១០២ ៧៦៦តោន បានកើនឡើងចំនួន៤ ៨៤០តោន (=+៥%) ធៀបនឹងរយៈ​ពេល​ដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន២៥ ២៦១តោន បានកើនឡើងចំនួន៩ ១៤៦ តោន (=+៥៦,៧៥%) ធៀបនឹងខែមុន ប៉ុន្តែបានថយចុះចំនួន១៨៩ តោន (=​-១ %) ធៀបនឹងខែឧសភាក្នុងឆ្នាំ២០២០។​ បរិមាណបញ្ចេញលក់សរុបរយៈពេល៥ខែដើមឆ្នាំ២០២១ មានចំនួន ១០២ ៤៣២តោន បានកើនឡើងចំនួន៥ ១៣៦តោន (=​+៥%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែឧសភាគឺ១ ៧០៤US$/តោន បានថយចុះ ៧៩US$/តោន(=-៤,៤៣%) ធៀបនឹង ខែមុន ប៉ុន្តែបានកើនឡើងចំនួន៥១៤US$/តោន (=​+៤៣%) ធៀបនឹងខែឧសភា ឆ្នាំ២០២០។ តម្លៃលក់ ជាមធ្យមរយៈពេល៥ខែដើមឆ្នាំ២០២១ គឺ១ ៦៧៦US$/តោន បានកើនឡើងចំនួន ៣៦៣ US$/តោន   (=​+២៨%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានា ប្រចាំខែឧសភា មានតម្លៃចាប់ពី៥ ២០០ ៛/គ.ក្រ - ៦ ៣២៧ ៛/គ.ក្រ សម្រាប់ជ័រស្ងួត (កើនឡើង១០០ ៛/គ.ក្រ ធៀបនឹងខែមុន)  និងចាប់ពី២ ​២០០៛/គ.ក្រ - ២ ៣៥០ ៛/គ.ក្រ សម្រាប់ជ័រកក (កើនឡើង២០០៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេល។

យោងតាមរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ​(ANRPC) បានបង្ហាញថា៖ ពិភពលោកបានផ្លាស់ប្តូរបន្ទាប់ពីការឆ្លង រាលដាលនៃជំងឺរាតត្បាតរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រទេសភាគច្រើននៅតែកំពុងប្រយុទ្ធជាមួយ Covid-19 និងការបំរែបំរួលផ្លាស់ប្តូររបស់វាដែលជីវិតមនុស្សរាប់ លានទទួលរងការរាតត្បាតនិងបានកែប្រែឡើងវិញនូវសកម្មភាពរបស់ប្រជាជននិងប្រតិបត្តិការសេដ្ឋកិច្ចឲ្យស្ថិតនៅក្រោមបរិបទថ្មីមួយនៃនីតិវិធីប្រតិបត្តិការស្តង់ដារក្នុង យុគសម័យនៃជំងឺរាតត្បាតនេះ។

តាមការប៉ាន់ស្មានបឋមរហូតដល់ខែឧសភា ឆ្នាំ២០២១ ផលិតកម្មកៅស៊ូធម្មជាតិ (NR) ពិភពលោកក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% មានបរិមាណដល់ ១៣,៨១២លានតោន។ ខណៈពេលដែលតម្រូវការ NR ពិភពលោកត្រូវបានប៉ាន់ស្មានថា មានកំណើន​​ ៦,៧% មានបរិមាណដល់ ១៣.៦៧៩លានតោន ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ផ្អែកតាមទស្សនវិស័យដែលបានកែប្រែនេះ បានប៉ាន់ស្មានថាទីផ្សាកៅស៊ូធម្មជាតិពិភពលោកមានតុល្យភាពសម្រាប់ឆ្នាំបច្ចុប្បន្ន។

ទោះបីជាមានការងើបឡើងវិញនូវសេដ្ឋកិច្ចធំៗពីរដែលនាំមុខដោយប្រទេសចិននិងសហរដ្ឋអាមេរិកក្រោយការរាតត្បាតដ៏ខ្លាំងក្លាក៏ដោយ ក៏ការគ្រប់គ្រងជំងឺរាតត្បាតដែលមានអត្រាឆ្លងទាបនៅតែជាគន្លឹះ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញដោយរលូននៅគ្រប់ប្រទេសទាំងអស់។ តាមកំណត់ត្រាចំនួនករណីឆ្លង ខ្ពស់ប្រចាំថ្ងៃក្នុងបណ្តាប្រទេសអាស៊ានអាចផ្តល់ផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកៅស៊ូតាមរយៈវិធានការរឹតត្បិតផ្សេងៗគ្នាដើម្បីទប់ស្កាត់ការរាតត្បាឆ្លងនៃជំងឺកូវីដ១៩។

ចំពោះនិន្នាការថ្លៃកៅស៊ូលើទីផ្សារទិញ-លក់តាមកិច្ចសន្យានៅផ្សារហ៊ុនទីក្រុងសៀងហៃ ផ្សារហ៊ុនទីក្រុងអូសាកា និងផ្សារហ៊ុនប្រទេសសិង្ហបុរីស្រដៀងគ្នាក្នុងខែឧសភា ឆ្នាំ ២០២១​​នេះ។ ថ្លៃមធ្យមនៅទីផ្សារទិញលក់ភ្លាមៗកៅស៊ូប្រភេទ STR-20 ក្នុងទីក្រុងបាងកកគឺ១,៧១US$/គ.ក្រ កើនឡើង៣% ធៀបនឹងខែមុន ប្រភេទ SMR-20 ក្នុងទីក្រុងគួរឡាឡំពួរ​គឺ​១,៦៩US$/គ.ក្រ កៅស៊ូសន្លឹកប្រភេទ RSS-3 ក្នុងទីក្រុងបាងកកគឺ ២,៣៤US$/គ.ក្រ កើនឡើង៧,០៥% ធៀបនឹងខែមុន និងកៅស៊ូសន្លឹកប្រភេទ RSS-4 ក្នុងទីក្រុង កូតាយ៉ាម ប្រទេសឥណ្ឌា គឺ២,៣២US$/គ.ក្រ៕

ព័ត៌មានចុងក្រោយ