ដោយមានកិច្ចសហការជាមួយអង្គការ WWF កម្ពុជាដែលបាននិងកំពុងអនុវត្តគម្រោង “ការអភិវឌ្ឍយន្តការភាពជាដៃគូពហុភាគីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាពក្នុងអនុវិស័យកៅស៊ូ” ដែលហៅកាត់ថាគម្រោងភាពជាដៃគូពហុភាគី (MAP: Multi-Actor Partnership) ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូដឹកនាំ ដោយលោក គូរ ផល្លី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ រួមនឹងមន្រ្តីនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានចុះរៀបចំចម្ការបង្ហាញអំពីការអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រនិងចម្ការបង្ហាញអំពីការកែលម្អបច្ចេកទេសយកផលទឹកជ័ររបស់កសិករ កៅស៊ូគ្រួសារនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ការរៀបចំចម្ការបង្ហាញនេះមានគោលបំណង៖ (១)កាត់បន្ថយហានិភ័យពីផលប៉ះពល់នៃការប្រែប្រួលអាកាសធាតុ (២)បង្កើនទិន្នផលខ្ពស់ និង(៣) ផលិតកម្មកៅស៊ូប្រកបដោយ និរន្តរភាព។
ការរៀបចំចម្ការបង្ហាញនេះ បានធ្វើនៅទីតាំងចម្ការកសិករកៅស៊ូគ្រួសារផ្ទាល់ដែលមានចំនួន៩ ចម្ការនៅក្នុងឃុំគោលដៅរួមមាន៖ ឃុំពូជ្រៃ២ចម្ការ ឃុំក្រង់តេះ៣ចម្ការ ឃុំស្រែអំពូម១ចម្ការ និងឃុំប៊ូ ស្រា៣ចម្ការ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សកម្មភាពការងារក្នុងការរៀបចំចម្ការបង្ហាញរួមមាន៖
១-ការវាស់ទំហំដើមនិងជំរឿនដើម៖ បានចុះវាស់ទំហំដើមនិងជំរឿនដើម សរុបបានចំនួន៨ចម្ការនៅក្នុង ឃុំគោលដៅចំនួន៤គឺ៖ ឃុំពូជ្រៃចំនួន២ចម្ការ ឃុំក្រង់តេះ៣ចម្ការ ឃុំស្រែអំពូម១ចម្ការ និងឃុំប៊ូស្រា២ចម្ការ។
២-ការបែងចែកចម្ការបង្ហាញនិងការលាបថ្នាំសម្គាល់ដើម៖ បានចុះបែងចែកនិងលាបថ្នាំសម្គាល់ដើមក្នុងចម្ការបង្ហាញសរុបបានចំនួន១ចម្ការ ក្នុងឃុំពូជ្រៃ។
៣-ការណែនាំបច្ចេកទេសដល់កសិករ៖ បានណែនាំបច្ចេកទេសដល់កសិករអំពីការធ្វើផ្លូវភ្លើង ការសម្អាតព្រៃក្នុងចម្ការ ការលាបប៉េត្រូឡាតូម (ខ្លាញ់គោ) លើផ្ទាំងមុខចៀរ ការសម្អាត ផ្ទាំងមុខចៀរ និងចានត្រងជ័រ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសផ្សេងៗទៀតដល់កសិករផងដែរ
ក្រុមការងារបានរកឃើញបញ្ហាប្រឈមមួយចំនួន ដែលកសិករកៅស៊ូគ្រួសារកំពុងជួបប្រទះរួមមាន៖ ការរៀបចំនិងការគ្រប់គ្រងផ្ទាំងមុខចៀរ ការចៀរជ័រ ការប្រើប្រាស់ថ្នាំរំញោចអេតេហ្វូន (Ethephon) និងការថែទាំចម្ការគឺមិនទាន់បានអនុវត្តត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនៅឡើយ។ សម្រាប់ទិសដៅការងារបន្តគឺក្រុមការងារនឹងគ្រោងធ្វើការគូសក្រិតបែងចែកការ ចំណាយសំបក ការវាស់ទំហំដើមនិងជំរឿនដើមកៅស៊ូក្នុងចម្ការបង្ហាញ និងបញ្ចូលទិន្នន័យទំហំដើម។
សេចក្តីសន្និដ្ឋាន
ការរៀបចំបង្កើតចម្ការបង្ហាញនៅខេត្តមណ្ឌលគិរី គឺជាយន្តការមួយដែលជួយផ្សព្វផ្សាយបច្ចេកទេសកៅស៊ូដល់កសិករ ដើម្បីជួយជំរុញនិងលើកកម្ពស់ផលិតកម្មកៅស៊ូរបស់កសិករកៅស៊ូគ្រួសារ ជាពិសេសការយកផលជ័រកៅស៊ូឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងមាននិរន្តរភាព៕