×
ការចុះរៀបចំចម្ការបង្ហាញនៃការអនុវត្តកសិកម្មល្អ (GAP) លើការយកផលទឹកជ័រ នៅខេត្ដមណ្ឌលគិរី

ដោយមានកិច្ចសហការ​ជាមួយ​អង្គការ WWF កម្ពុជាដែលបាននិងកំពុងអនុវត្តគម្រោង “ការ​អភិវឌ្ឍយន្តការភាពជាដៃគូពហុភាគី​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដើម្បីលើក​កម្ពស់​​ខ្សែច្រវ៉ាក់តម្លៃ​កសិកម្ម​ប្រកបដោយនិរន្តរភាពក្នុងអនុវិស័យកៅស៊ូ”​ ដែលហៅកាត់ថាគម្រោងភាពជាដៃគូ​ពហុ​ភាគី​​ (MAP: Multi-Actor Partnership) ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានកៅស៊ូ​ដឹកនាំ ដោយ​លោក គូរ ផល្លី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ រួមនឹងមន្រ្តីនៃវិទ្យាស្ថានស្រាវជ្រាវ​កៅស៊ូ​កម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​មណ្ឌលគិរីបានចុះរៀបចំចម្ការបង្ហាញអំពីការអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រនិងចម្ការបង្ហាញអំពីការកែលម្អ​បច្ចេកទេសយកផលទឹកជ័រ​របស់កសិករ កៅស៊ូគ្រួសារនៅស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី។

ការរៀបចំចម្ការបង្ហាញនេះមានគោលបំណង៖ (១)កាត់បន្ថយហានិភ័យពីផលប៉ះពល់នៃការប្រែប្រួលអាកាសធាតុ (២)បង្កើនទិន្នផលខ្ពស់ និង(៣) ផលិតកម្មកៅស៊ូប្រកបដោយ និរន្តរភាព។ ​​​

ការរៀបចំចម្ការបង្ហាញនេះ បានធ្វើនៅទីតាំងចម្ការកសិករកៅស៊ូគ្រួសារផ្ទាល់ដែលមានចំនួន៩ ចម្ការនៅក្នុងឃុំគោលដៅរួមមាន៖ ឃុំពូជ្រៃ២ចម្ការ ឃុំក្រង់តេះ៣ចម្ការ ឃុំស្រែអំពូម១ចម្ការ និងឃុំប៊ូ ស្រា៣ចម្ការ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សកម្មភាពការងារក្នុងការរៀបចំចម្ការបង្ហាញ​រួមមាន៖

     ១-ការវាស់ទំហំដើមនិងជំរឿនដើម៖ បានចុះ​វាស់ទំហំដើមនិងជំរឿនដើម សរុបបានចំនួន​៨ចម្ការ​នៅក្នុង ឃុំគោលដៅចំនួន៤គឺ៖ ឃុំពូជ្រៃ​ចំនួន​២ចម្ការ ឃុំក្រង់តេះ៣ចម្ការ   ឃុំស្រែអំពូម​​១ចម្ការ និងឃុំប៊ូស្រា២ចម្ការ។

     ២-ការបែងចែកចម្ការបង្ហាញនិងការលាបថ្នាំ​សម្គាល់ដើម៖ បានចុះបែងចែកនិង​លា​ប​ថ្នាំសម្គាល់​ដើម​ក្នុងចម្ការបង្ហាញសរុបបានចំនួន១ចម្ការ ក្នុង​ឃុំ​​ពូ​ជ្រៃ។

     ៣-ការណែនាំបច្ចេកទេសដល់កសិករ៖ បាន​ណែនាំបច្ចេកទេសដល់កសិករអំពីការធ្វើផ្លូវភ្លើង ការសម្អាតព្រៃក្នុងចម្ការ ការលាបប៉េត្រូឡាតូម ​(ខ្លាញ់គោ) លើផ្ទាំងមុខចៀរ ការសម្អាត ផ្ទាំងមុខ​ចៀរ និងចានត្រងជ័រ ព្រមទាំងផ្តល់ប្រឹក្សា​បច្ចេកទេស​ផ្សេងៗទៀតដល់កសិករផងដែរ

ក្រុមការងារបានរកឃើញបញ្ហាប្រឈមមួយចំនួន ដែលកសិករកៅស៊ូគ្រួសារកំពុងជួបប្រទះរួមមាន៖ ការរៀបចំនិងការគ្រប់គ្រងផ្ទាំងមុខចៀរ ការចៀរជ័រ ការប្រើប្រាស់ថ្នាំរំញោច​អេតេហ្វូន (Ethephon)   និងការថែទាំចម្ការគឺមិនទាន់បាន​អនុវត្ត​ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនៅ​ឡើយ។ សម្រាប់ទិសដៅការងារបន្តគឺក្រុមការងារនឹងគ្រោងធ្វើការគូសក្រិតបែងចែកការ ចំណាយសំបក ការវាស់ទំហំដើមនិងជំរឿនដើមកៅស៊ូក្នុងចម្ការបង្ហាញ និងបញ្ចូលទិន្នន័យទំហំដើម។

សេចក្តីសន្និដ្ឋាន

ការរៀបចំបង្កើតចម្ការបង្ហាញនៅខេត្តមណ្ឌលគិរី គឺជាយន្តការមួយដែលជួយផ្សព្វផ្សាយបច្ចេកទេសកៅស៊ូដល់កសិករ ​ដើម្បីជួយជំរុញ​និងលើកកម្ពស់ផលិតកម្មកៅស៊ូរបស់កសិករកៅស៊ូ​គ្រួសារ ជាពិសេសការយកផលជ័រកៅស៊ូឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងមាននិរន្តរភាព៕

ព័ត៌មានចុងក្រោយ