ចាប់ពីថ្ងៃទី១៣ -១៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូដឹកនាំដោយ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ បានបើកវគ្គផ្សព្វផ្សាយស្តីពី ការអនុវត្តកសិកម្ម ល្អលើការប្រមូលផលទឹកជ័រដល់កសិករកៅស៊ូគ្រួសារ នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយបានសហការជាមួយនឹងអង្គការ WWF ដែលបាននិងកំពុង អនុវត្តគម្រោ“ការអភិវឌ្ឍយន្តការភាពជាដៃគូពហុភាគីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាពក្នុង នុវិស័យកៅស៊ូ” ដែលហៅកាត់ថា គម្រោងភាពជា ដៃគូពហុភាគី (MAP: Multi-Actor Partnership)។ វគ្គផ្សព្វផ្សាយនេះ មានគោលបំណងផ្ទេរបច្ចេកទេស ថ្មីៗដល់កសិកររួមមាន៖ ការអនុវត្តបច្ចេកទេសកសិកម្មល្អ (GAP: Good Agri-cultural Practices) ការធ្វើរំញោចកម្ម ការបង្ការនិងការព្យាបាលជំងឺដើមកៅស៊ូ។ វគ្គផ្សព្វផ្សាយនេះបាន ធ្វើនៅទីតាំងចម្ការផ្ទាល់របស់កសិករកៅស៊ូគ្រួសារ ចំនួន១៧ភូមិ លើ ៤ឃុំគឺ៖ (១)ឃុំប៊ូស្រា (២) ស្រែអំពូម (៣) ក្រង់ តេះនិង (៤)ឃុំពូជ្រៃ ដែលស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយមានកសិករកៅស៊ូគ្រួសារ ចូលរួមសរុបចំនួន២១១នាក់ (ស្រី៦៩នាក់)។
ក្នុងវគ្គផ្សព្វផ្សាយខាងលើនេះ ក្រុមមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូបានធ្វើបទបង្ហាញនូវ មេរៀនសំខាន់ៗលើដំណាំកៅស៊ូមានដូចជា៖
១. ការវិភាគចំណូល ចំណាយលើដំណាំកៅស៊ូជាលក្ខណៈគ្រួសារ
២. ការបើកមុខចៀរជ័រដំបូងនិងបច្ចេកទេសចៀរជ័រ
៣. ការប្រើប្រាស់ថ្នាំរំញោចអេតេហ្វូន (Ethephon) និង
៤. ជំងឺពណ៌ផ្កាកុលាប។
ក្រុមការងារបានធ្វើការបង្ហាញនិងពន្យល់យ៉ាងលម្អិតដល់កសិករឱ្យចេះវិភាគថ្លៃដើមលើការដាំដុះដំណាំកៅស៊ូចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ការធ្វើអាជីវកម្ម យល់ដឹងអំពីការបើកមុខចៀរដំបូងនិងបច្ចេកទេសចៀរជ័រកៅស៊ូ ការប្រើបា្រស់ថ្នាំរំញោចអេតេហ្វូន (Ethephon) ទៅតាមក្លូន កៅស៊ូនិងកំហាប់ថ្នាំ បញ្ហាប្រឈមពីការប្រើប្រាស់ ថ្នាំរំញោចលើសកម្រិតព្រមទាំងជំងឺពណ៌ផ្កាកុលាបលើដើមកៅស៊ូ ការបង្ការនិងការព្យាបាលជំងឺ
សេចក្តីសន្និដ្ឋាននិងអនុសាសន៍
តាមរយៈការចុះបើកវគ្គផ្សព្វផ្សាយបច្ចេក-ទេសដំណាំកៅស៊ូនៅទីតាំងចម្ការរបស់កសិករកៅស៊ូគ្រួសាររយ:ពេល៥ថ្ងៃ នៅស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី បានបង្ហាញអោយឃើញថា៖
(១) កសិករបានចូលរួមសហការនិងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបច្ចេកទេសដំណាំកៅស៊ូ
(២) ការយល់ដឹងរបស់កសិករដែលបានចូល រួមភាគច្រើននៅមានកម្រិតពាក់ព័ន្ធទៅនឹង បច្ចេកទេសដំណាំកៅស៊ូ ការជ្រើសរើសក្លូនកៅស៊ូ ការបើកមុខចៀរលើដើមកៅស៊ូ មានទំហំដើមតូចនិងមិន ត្រឹមត្រូវតាមបទដ្ឋានបច្ចេទេស និង
(៣) កសិករបានប្រើប្រាស់ថ្នាំរំញោចដែលមានកំហាប់ខ្ពស់៥% លើសពីកម្រិតដែលបានណែនាំ និងលាបច្រើនដង (១- ២ដង/ខែ) ។
ទន្ទឹមនេះ មន្រី្តជំនាញបានផ្តល់នូវអនុសាសន៍ណែនាំដល់កសិករមួយចំនួនដូចជា៖
១. ត្រូវជ្រើសរើសក្លូនកៅស៊ូដែលមានប្រភព ច្បាស់លាស់មុននឹងធ្វើការដាំដុះ
២. ត្រូវជៀសវាងដាំដុះកូនកៅស៊ូដោយគ្រាប់ (Seedling)
៣. ត្រូវបើកមុខចៀរដំបូងលើដើមកៅស៊ូដែលមានទំហំដើមចាប់ពី ៥០សង់ទីម៉ែត្រឡើង វាស់នៅកម្ពស់១ម៉ែត្រពីដីនិងមានចំនួនដើមចាប់ពី៥០% ឡើងទៅ
៤. ត្រូវអនុវត្តការចៀរជ័រស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យដើមកៅស៊ូមានសុខភាពល្អ ទទួលបានទិន្នផលខ្ពស់និងរយៈពេលយកផលបានយូររហូតដល់២៥ឆ្នាំ
៥.ត្រូវអនុវត្តចំនួនដងនៃការប្រើប្រាស់ថ្នាំរំញោចទៅតាមប្រភេទក្លូនកៅស៊ូ អាយុនិងកំហាប់ថ្នាំ
៦.ត្រូវធ្វើការកត់ត្រាទិន្នផលទឹកជ័រប្រចាំថ្ងៃ ខែ និងនៅពេលលក់ម្តងៗ។ល៕