ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែមករា ឆ្នាំ២០២១ បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ១៥៩ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រចំនួន ២៩២ ៤៩៧ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំចំនួន ១១១ ៦៦៣ហិកតា ស្មើនឹង២៨%។ បរិមាណផលិតកៅស៊ូសរុបក្នុងខែមានចំនួន ៣២ ៨៤៣តោន បានកើនចំនួន ៣ ៦៤០តោន (=+១២%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់ក្នុងខែមករា ឆ្នាំ២០២១ មានចំនួន ៣០ ៩០៩តោន បានកើនឡើងចំនួន ៣ ៤០២តោន (=+១២%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ថ្លៃលក់មធ្យមក្នុងខែមករា ឆ្នាំ២០២១ គឺ ១ ៥៥៧ដុល្លារ/តោន បានកើនឡើងចំនួន ១២៩ដុល្លារ/តោន (=+៩%) ធៀបនឹងថ្លៃលក់មធ្យមក្នុងខែមករា ឆ្នាំ២០២១។ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែមករា ឆ្នាំ២០២១ មានតម្លៃចន្លោះពី ៥ ៥៧៥ -៥ ៨០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (បានកើនឡើងចំនួន៩១៛/គ.ក្រ ធៀបនឹងខែមុនឆ្នាំ២០២០) និងថ្លៃ ២ ១៥០-២ ៧៥០៛/គ.ក្រ (បានថយចុះចំនួន១៥៥៛/គ.ក្រ ធៀបនឹងខែមុនឆ្នាំ២០២០) សម្រាប់ជ័រកក អាស្រ័យតាមតំបន់។
យោងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា បរិមាណផ្គត់ផ្គង់ផលិតផលកៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០២០ មានចំនួន ១២,៧៨២លានតោន(បានធ្លាក់ចុះ៧,៧%) រីឯបរិមាណប្រើប្រាស់ក្នុងពិភពលោកពិភពលោកមានចំនួន ១២,៨២២ លានតោន (បានធ្លាក់ចុះ៦,៩%)។ ក្នុងខែមករា ឆ្នាំ២០២១នេះ ស្ថានភាពទីផ្សារកៅស៊ូធម្មជាតិពិភពលោកមិនទាន់នឹងន៎នៅឡើយ ទោះបីជា ស្ថានភាពទីផ្សារប្រេងឆៅបានងើបឡើងវិញក៏ដោយ។ ថ្លៃមធ្យមកៅស៊ូ SMR20 ក្នុងខែមករា ឆ្នាំ២០២១ គឺ ១,៥៨ ដុល្លារអាម៉េរិក/គ.ក្រ (បានកើនឡើង០,៦% ធៀបនឹងខែធ្នូ ឆ្នាំ២០២០) ប៉ុន្តែ ថ្លៃមធ្យមកៅស៊ូ STR20 បានធ្លាក់ចុះពី១,៦០ ដុល្លារអាម៉េរិក/គ.ក្រ មកនៅត្រឹម ១,៥៨ ដុល្លារអាម៉េរិក/គ.ក្រ (បានធ្លាក់ចុះ០,០២ដុល្លារអាម៉េរិក/គ.ក្រ ធៀបនឹងខែធ្នូ ឆ្នាំ២០២០)។ ចំពោះទីផ្សារកៅស៊ូសន្លឹកវិញ ថ្លៃមធ្យមកៅស៊ូ RSS-3 ក្នុងទីក្រុងបាងកកបានធ្លាក់ចុះ៦,៣% និងថ្លៃមធ្យមកៅស៊ូ RSS-4 នៅកូតឺមយ៉ាម ប្រទេសឥណ្ឌា បានធ្លាក់ចុះ៣,៦%។ ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ២០២១នេះបានចាប់ផ្តើមជាមួយនឹងការកត់សម្គាល់ជាវិជ្ជមានឡើងវិញ នេះបើយោងតាមការចេញផ្សាយរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) អំពីការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចពិភពលោកនឹងមាន ៥,៥% ដែលនឹងជួយបង្កើនជំនឿចិត្តលើទីផ្សារបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីត១៩បានធូរស្រាលឡើងវិញ។ ជាមួយគ្នានេះ ស្ថានភាពប្រសើរឡើងនៃទីផ្សារប្រេងឆៅក៏នឹងអាចជួយឲ្យប្រសើរឡើងនៃទីផ្សារមុខទំនិញពាណិជ្ជកម្មផ្សេងៗទៀតផងដែរ។