×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមករា ឆ្នាំ២០២១

          ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែមករា ឆ្នាំ២០២១ បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ១៥៩ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រចំនួន ​២៩២ ៤៩៧ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំចំនួន ១១១ ៦៦៣ហិកតា ស្មើនឹង២៨%។   បរិមាណផលិតកៅស៊ូសរុបក្នុងខែមានចំនួន ៣២ ៨៤៣តោន បានកើនចំនួន ៣ ៦៤០តោន (=+១២%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់ក្នុងខែមករា ឆ្នាំ២០២១    មានចំនួន ៣០ ៩០៩តោន បានកើនឡើងចំនួន ៣ ៤០២តោន (=+១២%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ថ្លៃលក់មធ្យមក្នុងខែមករា ឆ្នាំ២០២១ គឺ ១ ៥៥៧ដុល្លារ/តោន បានកើនឡើងចំនួន ១២៩ដុល្លា​រ/​​តោ​ន (=+៩%) ធៀបនឹងថ្លៃលក់មធ្យមក្នុងខែមករា ឆ្នាំ២០២១។ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែមករា ឆ្នាំ២០២១ មានតម្លៃចន្លោះពី     ៥ ៥៧៥ -៥ ៨០០៛/គ.ក្រ  សម្រាប់ជ័រស្ងួត​ (បានកើនឡើងចំនួន៩១៛/គ.ក្រ ធៀបនឹងខែមុនឆ្នាំ២០២០)  និងថ្លៃ ២ ១៥០-២ ៧៥០៛/គ.ក្រ (បានថយចុះចំនួន១៥៥៛/គ.ក្រ ធៀបនឹងខែមុនឆ្នាំ២០២០)  សម្រាប់ជ័រកក អាស្រ័យតាមតំបន់។

          យោងរបាយការណ៍ប្រចាំខែមករា  ឆ្នាំ២០២១     របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ​(ANRPC)  បានបង្ហាញថា បរិមាណផ្គត់ផ្គង់ផលិតផលកៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០២០ មានចំនួន ១២,៧៨២លានតោន(បានធ្លាក់ចុះ៧,៧%) រីឯបរិមាណប្រើប្រាស់ក្នុងពិភពលោកពិភពលោកមានចំនួន ១២,៨២២ លានតោន (បានធ្លាក់ចុះ៦,៩%)។ ក្នុងខែមករា ឆ្នាំ២០២១នេះ ស្ថានភាពទីផ្សារកៅស៊ូធម្មជាតិពិភពលោកមិនទាន់នឹងន៎នៅឡើយ ទោះបីជា ស្ថានភាពទីផ្សារប្រេងឆៅបានងើបឡើងវិញក៏ដោយ។ ថ្លៃមធ្យមកៅស៊ូ SMR20 ក្នុងខែមករា ឆ្នាំ២០២១ គឺ ១,៥៨ ដុល្លារអាម៉េរិក/គ.ក្រ (បានកើនឡើង០,៦% ធៀបនឹងខែធ្នូ ឆ្នាំ២០២០) ប៉ុន្តែ  ថ្លៃមធ្យមកៅស៊ូ STR20 បានធ្លាក់ចុះពី១,៦០ ដុល្លារអាម៉េរិក/គ.ក្រ មកនៅត្រឹម ១,៥៨ ដុល្លារអាម៉េរិក/គ.ក្រ (បានធ្លាក់ចុះ០,០២ដុល្លារអាម៉េរិក/គ.ក្រ  ធៀបនឹងខែធ្នូ ឆ្នាំ២០២០)។ ចំពោះទីផ្សារកៅស៊ូសន្លឹកវិញ  ថ្លៃមធ្យមកៅស៊ូ RSS-3 ក្នុងទីក្រុងបាងកកបានធ្លាក់ចុះ៦,៣% និងថ្លៃមធ្យមកៅស៊ូ RSS-4 នៅកូតឺមយ៉ាម ប្រទេសឥណ្ឌា បានធ្លាក់ចុះ៣,៦%។ ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ២០២១នេះបានចាប់ផ្តើមជាមួយនឹងការកត់សម្គាល់ជាវិជ្ជមានឡើងវិញ នេះបើយោងតាមការចេញផ្សាយរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) អំពីការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចពិភពលោកនឹងមាន ៥,៥%​ ដែលនឹងជួយបង្កើនជំនឿចិត្តលើទីផ្សារបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីត១៩បានធូរស្រាលឡើងវិញ។ ជាមួយគ្នានេះ ស្ថានភាពប្រសើរឡើងនៃទីផ្សារប្រេងឆៅក៏នឹងអាចជួយឲ្យប្រសើរឡើងនៃទីផ្សារមុខទំនិញពាណិជ្ជកម្មផ្សេងៗទៀតផងដែរ។

ព័ត៌មានចុងក្រោយ