រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្តល់ថវិកាជាង ១២៩លានដុល្លារអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍កសិករកៅស៊ូគ្រួសារនៅឆ្នាំនេះ ដោយថវិកាពាក់កណ្តាលត្រូវបានបែងចែកដើម្បីពន្លឿនកម្មវិធីដាំឡើងវិញ ដោយសារមុខទំនិញជាធម្មតាងាយនឹងមានការប្រែប្រួលតម្លៃ។
លោកស្រី Noraini Ahmad ប្រធានអាជ្ញាធរអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូគ្រួសារ (Risda) បានលើកឡើងថា អាជ្ញាធរតែងតែបើកកន្លែងនិងផ្តល់ឱកាសសម្រាប់អ្នកដែលចាប់អារម្មណ៍លើការអភិ-វឌ្ឍន៍ឧស្សាហកម្មកៅស៊ូ ក៏ដូចជាជាផ្នែកមួយនៃសហគមន៍កសិករកៅស៊ូគ្រួសាររបស់ Risda ។
លោកស្រីក៏បានលើកឡើងក្នុងកម្មវិធីចាប់ផ្តើមយុទ្ធនាការដាំឡើងវិញសម្រាប់រដ្ឋ Perak និង ការបើកពិធីបុណ្យសហគ្រិនថាតាមរយៈយុទ្ធនាការនេះ ភាគីដែលចាប់អារម្មណ៍នឹងទទួលបានកម្មវិធីជំនួយផ្សេងៗដែលផ្តល់ជូនរហូតដល់ ៨៣៤៤ដុល្លារអាម៉េរិក។ កញ្ចប់ជំនួយនឹងជួយឱ្យកសិករកៅស៊ូគ្រួសារទទួលប្រាក់ចំណូលជាមធ្យម ៩៦៨ដុល្លារ/ ខែ/គ្រួសារនៅចុងឆ្នាំ២០២៥។
អ្នកស្រីបន្តថាកម្មវិធីសហគ្រិនភាពត្រូវបានរៀបចំឡើង ជាពិសេសដើម្បីជួយកសិករកៅស៊ូគ្រួសារបង្កើនប្រាក់ចំណូលសរុបក្នុងគ្រួសាររបស់ពួក គេ មិនត្រឹមតែតាមរយៈផលិតផលចម្ការទេ ប៉ុន្តែថែមទាំងតាមរយៈការធ្វើអាជីវកម្មនិងសកម្មភាពសហគ្រិនផ្សេងទៀតផងដែរ។ កសិករកៅស៊ូគ្រួសារទាំងអស់ក៏មានសិទ្ធិទទួលបានជំនួយពីសហគ្រិនភាពរហូតដល់៤ ៣០០ដុល្លារអាម៉េរិក ក្នុងទម្រង់ជាសម្ភារៈសម្រាប់ការអភិវឌ្ឍន៍ ក្រោមកម្មវិធី Additional Eco- nomic Activities (AET)។ បច្ចុប្បន្នវិស័យកសិករកៅស៊ូគ្រួសារមានចំនួន ៨៤,២% នៃផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេស។
ទោះជាយ៉ាងនេះក្តី កសិករកៅស៊ូគ្រួសារនៅតែប្រឈមមុខនឹងបញ្ហាផ្សេងៗរួមទាំងអស្ថិរភាពនៃតម្លៃទីផ្សារ អាកាសធាតុដែលមិនអាចទាយទុក និង ការវាយប្រហារដោយជំងឺ ដែលនាំឱ្យមានការថយចុះនៃផលិតភាពកៅស៊ូ។ បញ្ហាទាំងនេះធ្វើឲ្យចំនួននៃចម្ការកៅស៊ូដែលមិនទាន់ចៀរមានការកើនឡើងដល់ ៥៣៣ ០០០ហិកតា ធៀបនឹងឆ្នាំមុនដែលមាន ៤០៩ ០០០ហិកតា។
ជាលទ្ធផលក្នុងឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១៩,៧% ដែលមានបរិមាណចំនួនតែ ៣៧៧ ០០០តោន បើ ធៀប២០២១ មានបរិមាណចំនួន៤៦៩,៧ ០០០តោន៕