ផលិតកម្មកៅស៊ូធម្មជាតិ (NR) ពិភពលោកនៅក្នុងខែធ្នូនេះ បានបង្ហាញពីកំណើន ៩,១% ដែលមានបរិមាណឈានដល់ ១,៥លានតោន។ ទោះយ៉ាងណាក៏ដោយ ក៏តម្រូវការកៅស៊ូធម្មជាតិ (NR) ពិភពលោកបានធ្លាក់ចុះ ៣,២% ដែលមានបរិមាណសរុបចំនួន ១,២លានតោន។ ថាមវន្តនេះនាំឱ្យមានការប្រែប្រួលនៅទូទាំងទីផ្សារកៅស៊ូសំខាន់ៗ។
ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមាន ចំនួន៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និង ផ្ទៃដីថែទាំមានចំនួន ៨៩ ២៤៦ហិកតា ស្មើនឹង២២%។ ក្នុងខែនេះបរិមាណផលិតផលសរុបមានចំនួន ៥៦ ៩១៧តោន បានកើនឡើងចំនួន ៥ ២៣៥តោន (=+១០%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន ៨ ១១៦តោន (=+១៧%) បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំមុន។ បរិមាណផលិតផលប្រចាំឆ្នាំសរុបមានចំនួន ៣៩១ ៨០០តោន បានកើនឡើងចំនួន ៩ ៨០០តោន (=+៣%) បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងខែនេះបរិមាណបញ្ចេញលក់មានចំនួន ៣៣ ៨៧២តោន បានថយចុះចំនួន ១៦ ៤៧៥តោន (=-៣៣%) បើធៀបនឹងខែមុន និងបានយចុះចំនួន ១៦ ៤៤២តោន (=-៣៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បរិមាណបញ្ចេញលក់ប្រចាំឆ្នាំ មានចំនួន ៣៦៨ ០៤៨តោន បានថយចុះចំនួន ៤ ៨៥២តោន (=-១%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង ១ ៣៣២US$/តោន បានថយចុះ ៣៣ US$/តោន (=-២%) បើធៀបនឹងខែមុន និងបានកើនឡើងចំនួន ១០១US$/តោន (=+៨%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕