×
វេទិកាពិភាក្សារវាងអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់កៅស៊ូធម្មជាតិ

ចាប់ពីថ្ងៃទី២២ - ២៣ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកៅស៊ូបានរៀបចំវេទិកា​ពិភាក្សារវាង “អ្នកផ្គតផ្គង់និងអ្នកប្រើប្រាស់កៅស៊ូធម្មជាតិ” ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសួនទឹកគជ់ស្វាយ​ព្រៃ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ុល សុផា អនុរដ្ឋលេខាធិការនៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្ដម ហ៊ឹម អូន ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយក​ដ្ឋានកៅស៊ូ ឯកឧត្ដម សរ សុដានី អភិបាល​រងនៃគណៈអភិបាលខេត្តស្វាយរៀង លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និង​លោក/លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ជា​គណៈ​អធិបតី។ ក្នុងវេទិកានេះ ក៏មានសមាសភាព​ពាក់​ព័ន្ធសំខាន់ៗជាច្រើនបានចូលរួមពិភាក្សារួមមាន៖ សហគមន៍កសិកម្មកៅស៊ូគ្រួសារចំនួន ៧រោងចក្រ​កែច្នៃ ផលិតផលជ័រកៅស៊ូ រោងចក្រកម្មន្តសា​លផលិតផលសម្រេចពីកៅស៊ូ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយក​ដ្ឋានកៅស៊ូសរុបប្រមាណ៥០នាក់​ ក្នុងនោះ​​​ស្រីចំនួន១០នាក់។

វេទិកាពិភាក្សានេះ មានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់កៅស៊ូជួបពិភាក្សានិងស្វែងយល់អំពី៖ ១) តម្រូវការ-ការផ្គត់ផ្គង់ ២) លក្ខខណ្ឌតម្រូវស្តង់ដារផលិតផល​កៅស៊ូ សម្រាប់ជាវត្ថុធាតុ​ដើមកែច្នៃសំបកកង់​យានយន្ត ៣) បង្កើនជំនឿទុកចិត្តគ្នាក្នុងការធ្វើធុរកិច្ច​កៅស៊ូ​ទាំង​បរិមាណនិងគុណភាពនិង ៤)រៀបចំ​យន្តការ​និង​រិះរកដំណោះស្រាយបញ្ហាប្រឈមទីផ្សារនា​ពេលអនាគត។

1.ការប្រព្រឹត្តទៅនៃវេទិកាពិភាក្សា

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង​៩:០០​នាទីព្រឹក ឯកឧត្តម ប៉ុល សុផា បានដឹកនាំ​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកៅស៊ូប្រជុំពិភាក្សាជាមួយ ​ថ្នាក់ដឹកនាំសហគ្រាសខាតថាយអឺរ ឯ.ក ដោយផ្តោត​លើ៖ (១) វឌ្ឍនភាពនៃខែ្សច្រវាក់​ផលិតកម្មកែច្នៃសំបកកង់​យានយន្ត (២) ការ​ប្រើ​ប្រាស់​កៅស៊ូ​ធម្មជាតិ (៣) បញ្ហា​ប្រឈម​និងសំណូមពរនិង (​​៤) ទិសដៅការងារបន្ត។ ឆ្លៀត​ក្នុងឱកាសនេះ ក្រុម​ការងារក៏បានទស្សនកិច្ច​សិក្សាខ្សែច្រវាក់ផលិតកម្ម​កែច្នៃសំបកកង់យានយន្តខាតថាយអឺរ ឯ.ក។ បន្ទាប់​មក ឯកឧត្តមអនុរដ្ឋលេខាធិការ និងថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋានកៅស៊ូក៏បានបន្តប្រជុំ​ពិភាក្សា​ជាមួយរោងចក្រកែច្នៃស្រោមដៃ RMKH (Cambodia)​ Co., LTD ដោយផ្តោតលើ៖ ១) ខ្សែច្រវាក់​ផលិតកម្មកែច្នៃស្រោមដៃ ២) ការប្រើ​ប្រាស់​​​​ប្រភេទ​​​កៅ​ស៊ូ​​កែច្នៃស្រោមដៃ ៣) បញ្ហា​ប្រឈម​​និង​​សំណូមពរ ៤) ទិស ដៅការងារបន្ត។ ជាចុងក្រោយក្រុមការងារក៏​បាន​ទស្សនកិច្ច​សិក្សា​ខ្សែច្រវាក់កែច្នៃស្រោមដៃនិងត្រលប់​មកសម្រាក​ពិសា​អាហារថ្ងៃត្រង់ដើម្បីត្រៀមចូលរួមវេទិកា​ពិភាក្សា។

នៅវេលាម៉ោង២:០០នាទីរសៀល វេទិកា​ពិភាក្សា​​រវាង “អ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់កៅស៊ូ” បានចាប់ផ្តើម​ដំណើរការ។ កិច្ចចាប់ផ្តើម ឯកឧត្ដម សរ សុដានី បានមាន​មតិស្វាគមន៍និង​ថ្លែងអំណរគុណចំពោះឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹក​នាំអគ្គនាយកដ្ឋានកៅស៊ូដែលបានរៀបចំវេទិកា​ពិភាក្សា​​នេះក្នុងខេត្តស្វាយរៀង។ លោក​បានធ្វើសេចក្តី​រាយការណ៍​សង្ខេប​អំពីផ្ទៃដីខេត្តសរុប ២ ៩៦៦,៤០ គីឡូម៉ែត្រ​ការ៉េ។ បច្ចុប្បន្នប្រជា​ជន​ភាគច្រើនប្រកបមុខរបរ​កសិកម្មប្រមាណ ៥៤,៨% ក្នុងនោះផ្ទៃដីដំណាំ​ស្រូវ​​ចំនួន ១៨៨ ០០០ហិកតា និង​ផ្ទៃដីដំណាំ​កសិឧស្សាហកម្មចំនួន ១៧ ៤៧៦​ ហិកតា (ដំណាំ​​​កៅ​ស៊ូជាង ២០០០ហិកតា)។

ជាកិច្ចបន្ទាប់ ឯកឧត្ដម ហ៊ឹម អូន បានថ្លែងសុន្ទរកថាស្វា​​គមន៍​និងថ្លែង​អំណរ​គុណ​​​​ចំពោះ វត្តមាន​របស់ ឯកឧត្ដម ប៉ុល សុផា អនុរដ្ឋលេខា​ធិការ គណៈ​អធិបតី និងប្រតិបត្តិករកៅស៊ូទាំងអស់ក្នុង​វេទិកាពិភាក្សារវាង “អ្នកផ្គត់ផ្គង់និង​អ្នកប្រើប្រាស់កៅស៊ូ​ធម្មជាតិ” និង​បានបញ្ជាក់ពីសារៈ​ប្រយោជន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃ​វេទិកា​នាថ្ងៃនេះ។​ ​ឆ្លៀតក្នុង​ឱកាស​នេះ ឯកឧត្តម​ប្រតិភូក៏បាន​រាយការណ៍​សង្ខេប​ពី​ស្ថានភាពកៅស៊ូ​​ក្នុង​ឆ្នាំ២០២២ ប្រទេសកម្ពុជា​មាន​ផ្ទៃដី​ដំណាំកៅស៊ូ​សរុប​ចំនួន ​៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដីចម្ការ​កៅស៊ូកសិ​-ឧស្សា​ហ​កម្មមាន​​​ចំនួន២៣៩ ៤២២​ហិកតា ​ស្មើ​នឹង​៥៩% និង​ផ្ទៃដី​ចម្ការ​កៅស៊ូ​គ្រួសារ​ចំនួន​​ ១៦៥ ១៥៦ហិ​​​​​​​ក​តា ស្មើ​នឹង​​៤១%។ ផ្ទៃដីកៅស៊ូចៀរជ័រមានចំនួន ៣១៥ ៣៣២​ហិកតា ដោយ​​​ផ្តល់ទិន្នផលមធ្យម ១ ២១២​គ.ក្រ.​/ហ.ត/ឆ្នាំ។ ផលិតផលកៅស៊ូ​ស្ងួត​សម្រេចបាន​ប្រចាំឆ្នាំ​​ចំនួន ៣៨២ ០០០តោន និងទទួល​បាន​ចំណូល​​ចំនួន ៥២៧,៧៧៥លានដុល្លារ​​អាម៉េរិក​ (តម្លៃមធ្យម​គឺ១ ៤១៥ដុល្លារ/ តោន)។

ជាកិច្ចបន្ទាប់ ឯកឧត្ដម ប៉ុល សុផា បានមានមតិស្វាគមន៍ចំពោះ​គណៈអធិបតី​និងប្រតិបត្តិករកៅស៊ូទាំងអស់ដែលមានវត្តមាននាថ្ងៃនេះ។ ឯកឧត្តម​ក៏បានលើកឡើងថា ស្របពេល​ដែលផ្នែក​លំហូរខាង​ក្រោម​​នៃអនុវិស័យនេះ​បាន​នឹង​​កំពុង​រីកចម្រើន ប៉ុន្តែខ្សែច្រវាក់នៃការផ្គត់ផ្គង់នៃ​កៅស៊ូធម្មជាតិនៅតែឆ្លងកាត់ឈ្មួញជាច្រើនដំណាក់កាលនិងមិន​ទាន់​​ឆ្លើយតប​នឹង​លក្ខខណ្ឌតម្រូវ​ស្ដង់​ដារ​ផលិតផលកៅស៊ូ សម្រាប់ធ្វើ​ជា​វត្ថុធាតុ​ដើម​​កែ​ច្នៃសំបកកង់យានយន្ត។ ដូច្នេះដើម្បី​ដោះស្រាយនូវ​បញ្ហាខ្សែច្រវាក់នៃការផ្គត់ផ្គង់និង​ផ្ដល់​​តម្លៃ​បន្ថែមដល់សហគមន៍កសិកម្មកៅស៊ូ​គ្រួសារ ក៏​ដូចជាការកាត់បន្ថយថ្លៃដើមចំពោះ​អ្នក​កែច្នៃជ័រកៅស៊ូនិងរោងចក្រកម្មន្តសាលឱ្យទទួល​បាន​ផល​ប្រយោជន៍​រួមទៅវិញទៅមក ដោយផ្អែក​លើ​គោលការណ៍ “អ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់​កៅស៊ូ​​ធម្មជាតិគឺសម្លេង​តែមួយ”។ 

ជាចុង​​ក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ​ក៏បាន​ថ្លែងអំណរ​គុណក្រុមការងារ​អគ្គនាយ​កដ្ឋានកៅស៊ូ ដៃគូរអភិវឌ្ឍន៍ OXFAM, NGO FORUM និង WWF ដែលបានសហការគ្នាយ៉ាងល្អនិងជួយ​គាំទ្ររៀបចំវេទិកានេះឡើង ព្រមទាំងសហគ្រាស​ខាត​ថាយអឺរ ឯ.ក និងរោងចក្រ RMKH Glove (Cambodia) Co., Ltd ដែលបានសម្របសម្រួល​ឲ្យមានទស្សនកិច្ចសិក្សា​សូមបន្ត​កិច្ចសហការ​និង​ជួយគាំទ្របន្តទៀតនិងបើកវេទិកាចាប់ពីពេលនេះ។

I. បទបង្ហាញនិងសេចក្តីរាយការណ៍សង្ខេប

វេទិកាបានចាប់ផ្តើមធ្វើបទបង្ហាញនិងពិភាក្សា ដូចបានគ្រោងទុកខាងក្រោម៖

១. “ខ្សែច្រវាក់តម្លៃកៅស៊ូនៅកម្ពុជា” ដោយ​លោក គុយ​ ភក្តី អនុប្រធាននាយកដ្ឋានទីផ្សារ​និងសហប្រតិ​បត្តិការអន្តរជាតិ

២.“វឌ្ឍនភាពសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តស្ទឹងត្រែង” ដោយលោក សៀ ហេង ប្រធានសហគមន៍កសិកម្មកៅស៊ូ​​គ្រួសារ​ខេត្តស្ទឹង​ត្រែង

៣.“វឌ្ឍនភាពសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តរតនគិរី” ដោយលោក សេវ​​ ថ្វាន ប្រធាន​សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តរតនគិរី

៤.“វឌ្ឍនភាពសហគមន៍កសិកម្មកៅស៊ូគ្រួសារ​សារខេត្តមណ្ឌលគិរី” ដោយលោក តេះ សេន ប្រធាន​​សហគមន៍កសិកម្មកៅស៊ូ​គ្រួសារ​​ខេត្ត​មណ្ឌលគិរី

៥.“ស្ថានភាពសហគ្រាសខាតថាយអឺរ ឯ.ក” ដោយកញ្ញា PAN YU YUAN ប្រធានផ្នែកបញ្ជា​ទិញនិងទីផ្សារ

៦.“ស្ថានភាពរោងចក្រ RMKH Glove” ដោយ​ ​លោក WILUOM CHATH ប្រធានគ្រប់គ្រង​រោងចក្រ។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣

សិក្ខាកាមទាំងអសើបានទស្សនៈកិច្ចនៅសហគ្រាសខាតថាយអឺរ និងរោងចក្រផលិតស្រោមដៃ RMKH Glove ដើម្បី​សិក្សាស្វែងយល់បន្ថែម​អំពីខ្សែ​​ ច្រវាក់ផលិតកម្មរបស់​រោងចក្រនីមួយៗ ប្រកដោយបរិយាកាសរីករាយ។

2.លទ្ធផល

បន្ទាប់ពីវេទិកានិងទស្សនកិច្ចសិក្សាបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ អ្នកផ្គត់ផ្គង់និងអ្នក​ប្រើប្រាស់កៅស៊ូ​ធម្មជាតិ ព្រមទាំងអ្នកពាក់ព័ន្ធបាន​ជួប​ជុំពិភាក្សាគ្នា ផ្លាស់ប្ដូរមតិយោបល់និងចែករំលែ​បទពិសោធន៍ទទួលបានលទ្ធផល ដូចខាងក្រោម៖

១.សហគមន៍កសិកម្មកៅស៊ូគ្រួសារបានស្វែងយល់ពីតម្រូវការផលិតផលកៅស៊ូដុំនិងកៅស៊ូសន្លឹក ​ដែល​សហគ្រាសប្រើប្រាស់ជាវត្ថុធាតុ​ដើម​កែច្នៃ​សំ​បក​កង់យានយន្តនាពេលបច្ចុប្បន្ន។

២.រោងចក្រកម្មន្តសាលបានស្វែងយល់ពី​ប្រព័ន្ធទីផ្សារកៅស៊ូក្នុងស្រុក និងត្រៀមខ្លួនក្នុង​ការ​ប្រមូលទិញផលិតផលកៅស៊ូ​ដើម្បីសម្រេច​បាន៖

-​ ឆ្នាំ២០២៣នេះ សហគ្រាសខាតថាយអឺរបាន​​ប្រើប្រាស់កៅស៊ូធម្មជាតិក្នុងស្រុកចំនួន ៣០ ៤៥២តោន (ក្នុងនោះមាន CSR 10 ចំនួន ៣០ ៣០៥​​ ​តោន និងកៅស៊ូ RSS3 ចំនួន ១៤៧តោន)

- ឆ្នាំ២០២៤ខាងមុខសហគ្រាសនឹង​ប្រើ​ប្រាស់​កៅស៊ូក្នុងស្រុកចំនួន ៤៥ ០០០តោន

- ឆ្នាំ២០២៥ សហគ្រាសនឹងប្រើប្រាស់​កៅស៊ូ​​ក្នុងស្រុកចំនួន ៨០ ០០០ - ៩០ ០០០តោន ក្នុងករណី​សហគ្រាសសាងសង់រោងចក្រ​កែច្នៃ​សំ​បកកង់​ប្រភេទរថយន្តទេសចរណ៍ទី៣ រួចរាល់​ក្នុងឆ្នាំ២០២៤។

៣.ប្រតិបត្តិករកៅស៊ូបានស្វែងយល់អំពីចំណុខ្វះខាតរៀងៗខ្លួន ដើម្បីបំពេញលក្ខខណ្ឌ​តម្រូវ​ឲ្យគ្នាទៅវិញទៅមក។

៤.កសាងភាពជិតស្និទ្ធនិងជឿទំនុកចិត្តគ្នារវាងអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ក្នុងការធ្វើ​ធុរកិច្ច​​ប្រកបដោយ ប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់។

៥.ជួយជំរុញសកម្មភាពក្នុងអនុវិស័យកៅស៊ូឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនិងលើក​កម្ពស់ជីវ​ភា​​ព​របស់កសិករកៅស៊ូគ្រួសារឲ្យកាន់​តែ ប្រសើរឡើង។

៦.ទទួលបានធាតុចូលសំខាន់ៗជាមូលដ្ឋានរៀបចំប្រព័ន្ធទីផ្សារកៅស៊ូក្នុងស្រុកប្រកបដោយនិរន្តរភាព៕

ព័ត៌មានចុងក្រោយ