នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកែច្នៃដល់សហកមន៍កៅស៊ូគ្រួសារនៅឃុំកំពាន់ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។ ក្រោមអធិបតី ភាពពីលោក ចាន់ វឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហេង វិសាល ប្រធាន នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ និងលោក កូវ យ៉ែម មេឃុំកំពាន់ និងមានការចូលរួមពីកសិករចំនួន ៣៥នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្ដល់ចំណេះដឹងបច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ និងជំរុញការបង្កើតមណ្ឌលកែច្នៃកៅស៊ូនៅតាមមូលដ្ឋានដល់សហគមន៍កៅស៊ូ គ្រួសារ។
កិច្ចចាប់ផ្តើម លោក កូវ យ៉ែម បានមានមតិសំណេះសំណាលដល់សិក្ខាកាមទាំងអស់ដែល ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសកែច្នៃដល់សហគមន៍កៅស៊ូគ្រួសារនេះ និងបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូដែលបានបង្កើតកម្មវិធីបច្ចេកទេសកែច្នៃជ័រកៅស៊ូនេះ។ លោកក៏បានរាយការណ៍សង្ខេបជូនដល់សិក្ខាកាមពីការរីកចម្រើនវិស័យកសិកម្មនៃការដាំដុះដំណាំទូទៅ ជាពិសេសដំណាំកៅស៊ូនិងបានសំណូមពរដល់ក្រុមការងារ នៃអគ្គនាយកដ្ឋានកៅស៊ូជួយផ្សព្វផ្សាយអំពីបច្ចេកទេសផ្សេងៗទៀតដល់កសិករឱ្យបានច្រើនដងក្នុងមួយឆ្នាំៗ ដើម្បីឱ្យពួកគាត់កាន់តែយល់ច្បាស់អំពីបច្ចេទេសកែច្នៃនេះ។
ជាកិច្ចបន្តលោក ចាន់ វឌ្ឍនា បានថ្លែងសុន្ទរកថាបើកវគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាល ព្រមទាំងមានមតិសំណេះសំណាល ដោយថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានសម្របសម្រួលឱ្យមានការប្រារព្ធពិធីនេះឡើង។ លើសពីនេះទៅទៀត លោកក៏បានលើកឡើងពីគុណប្រយោជន៍នៃដំណាំកៅស៊ូជាដំណាំយុទ្ធសាស្រ្តមួយប្រភេទដែលបានផ្តល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថាន ពិសេសបានបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតការងារនិងមុខរបរមានស្ថិរភាពនៅតាមតំបន់ជនបទ និងកាត់បន្ថយការធ្វើចំណាកស្រុក។ មិនតែប៉ុណ្ណោះកៅស៊ូជាវត្ថុធាតុដើមសំខាន់សម្រាប់វិស័យឧស្សាហកម្មផលិតជាមុខទំនិញរាប់ពាន់មុខបម្រើតម្រូវការប្រើប្រាស់ប្រចាំថៃ្ងដូចជា៖ សំបកកង់យានយន្ត សម្ភារៈក្នុងលំនៅដ្ឋាន ផ្នែកវេជ្ជសាស្រ្ត ស្រោមដៃពេទ្យ ស្រោមអនាម័យ។ល។ និងប្រើជាកំណល់សំណង់អគារនិងស្ពានធំៗ ទប់ទល់ការដួលរលំដោយសាររញ្ជួយផែនដី ចាក់ក្រាលផ្លូវថ្នល់ ផ្តល់ឈើកៅស៊ូប្រើប្រាស់សម្រាប់សំណង់ ផលិតគ្រឿងសង្ហារិម ឈើឥន្ធនៈ ចូលរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើធម្មជាតិ ការពារការហូរច្រោះដី និងជាគម្របបៃតងឡើងវិញក្នុងការចូលរួមថែរក្សាលំនឹងបរិស្ថាន កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកកាត់បន្ថយការបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ វាគ្មិនបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
ក.“បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS)” ដោយលោក ភួង ផាន់ ប្រធានការិយាល័យនៃនាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ
ខ. “ការបង្កើតមណ្ឌលកែច្នៃកៅស៊ូ” ដោយលោក ព្រៃ សុភាព អនុប្រធាននាយកដ្ឋានកែច្នៃផលិផលកៅស៊ូ។
សន្និដ្ឋាននិងសំណូមពរ
តាមរយៈវគ្គបណ្តុះបណ្តាលនេះបានបង្ហាញឲ្យឃើញថា៖