×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

យោងតាមរបាយការណ៍របស់សមាគម ANRPC  បានបង្ហាញថាទស្សនវិស័យនៃផលិតកម្មកៅស៊ូ​ធម្ម​ជាតិ​ពិភពលោក (NR) ក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា​នឹង​កើនឡើង ៣,៥% ដែលមានបរិមាណ​សរុប​ចំនួន ១៥,១៤៥លានតោន បើធៀបនឹងឆ្នាំមួយឆ្នាំ។  ចំណែកឯតម្រូវការកៅស៊ូធម្មជាតិពិភពលោកវិញត្រូវ​បានព្យាករណ៍ថា នឹងទាបជាងឆ្នាំមុនបន្តិចដែលមានបរិមាណចំនួន ១៥,៤៣៨​លានតោន។

សម្រាប់ផលិតកម្មធម្មជាតិពិភពលោកក្នុងខែវិច្ឆិកាបានកើនឡើង ០,៧% ដែលបរិមាណមាន​ចំនួន ​១,៥៧៥​លានតោន ធៀបនឹងខែមុនដែលមានបរិមាណចំនួន ១,៥៦៤លានតោន។ ប្រទេសផលិត​កៅស៊ូ​ធម្មជាតិបែបប្រពៃណីដូចជា៖ ប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាឃើញថា​មាន​ការថយចុះផលិតកម្ម ដោយសារមានភ្លៀងធ្លាក់ខ្លាំងដែលបានរំខានដល់ការចៀរជ័រ​ ដោយបានកាត់បន្ថយ​ផលិត​កម្ម​កៅស៊ូ​ក្នុងរដូវផលិតកំពូលនេះ។ ​ចំណែកឯតម្រូវការកៅស៊ូពិភពលោកមានចំនួន ១,៥៧៥លានតោន បានកើនឡើង ៥,៣% បើធៀបនឹងឆ្នាំមុន។

ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៣ បាន​បង្ហាញ​ថាផ្ទៃដីកៅស៊ូ​សរុប​មាន​​ ៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដី ចៀរជ័រចំនួន ​៣១៥  ៣៣២ហិក​តា ស្មើនឹង​ ៧៨% និងផ្ទៃដីថែ​ទាំ​ចំនួន ៨៩ ២៤៦ហិក​តា ស្មើនឹង២២%។  ក្នុងខែនេះបរិមាណ​ផលិតផលសរុប​មាន​ចំនួន ៥១ ៦៨២​តោន បានកើនឡើងចំនួន ១០ ៥៣០តោន (=+២៦%) បើធៀប​នឹងខែមុន និងបានកើនឡើងចំនួន ១៣០តោន (=+០,២៥%) ធៀបនឹងរយៈពេល​ដូច​គ្នានៃ​ឆ្នាំមុន។ គិតត្រឹមរយៈពេល១១ខែ បរិមាណផលិតផល​សរុប​មាន​​ចំនួន​ ៣៣៤ ៨៨៣​តោន បានកើន​ឡើងចំនួន ៥ ៥២៧តោន (=+១,៧%) ធៀប​​​នឹងរយៈពេល​ដូច​គ្នា​នៃឆ្នាំ​មុន។ ក្នុងខែនេះបរិមាណ​បញ្ចេញលក់មានចំនួន ៥០ ៣៤៧តោន បានថយចុះចំនួន ៩ ១៧១​តោន (=+២២,៣%) ធៀបនឹងខែមុន​និង​បានកើនឡើងចំនួន ២ ២២៨តោន (=+៥%) ធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន។​ ត្រឹមរយៈពេល១១ខែបរិមាណ​បញ្ចេញលក់មានចំនួន ៣៣៤ ១៧៦តោន បានកើនឡើង​ចំនួន ១១ ៥៩០ តោន (=+៤%) ធៀបនឹងរយៈពេល​ដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះ​ ថ្លៃលក់ជាមធ្យមស្មើនឹង ​១ ៣៦៥​US$/​តោន បានកើនឡើងចំនួន ១៣ US$/តោន ស្មើនឹង (=+០,៩%)  ធៀបនឹងខែមុន និងបានកើន​ឡើងចំនួន​១៣៤US$/តោន (=+១១%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

ព័ត៌មានចុងក្រោយ