ចាប់ថ្ងៃទី១៧ - ១៩ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូបានរៀបចំវគ្គសិក្ខាសាលាស្ដីពីការ វិវត្តកៅស៊ូធម្មជាតិ៖ “ការព្យាករតាមការវិភាគស៊េរីពេលវេលា” នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធីបតីភាព ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ដោយមានសមាសភាពអញ្ជើញចូលរួមពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ និងមន្ត្រីការិយាល័យកៅស៊ូតាមខេត្តសរុបចំនួន២៥នាក់។
គោលបំណង
សិក្ខាសាលានេះមានគោលបំណងបង្កើននិងពង្រឹងចំណេះដឹងដល់មន្ដ្រីរាជការអំពីស្ថានភាពកៅស៊ូធម្មជាតិការប្រមើលអនាគតសេដ្ឋកិច្ចកៅស៊ូ នៅបរិការណ៍វិបត្តិពិភពលោក និងការព្យាករកៅស៊ូធម្មជាតិ។
លទ្ធផល
ជាកិច្ចចាប់ផ្តើម លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសំដែងនូវកិច្ចស្វាគមន៍ដល់គណៈអធិបតីនិងសិក្ខាកាមទាំងអស់ ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះអនុវិស័យកៅស៊ូ ដោយ បានបើកវគ្គសិក្ខាសាលាជាច្រើនសំដៅពង្រឹងសមត្ថភាពមន្ត្រីរាជការការិយាល័យកៅស៊ូតាមបណ្តាខេត្តឱ្យទទួលបានចំណេះដឹងថ្មីៗ សម្រាប់យក ទៅអនុវត្តក្នុងអង្គភាពខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ លើសពីនេះ លោកស្រីក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបពីស្ថានភាពវិស័យកសិកម្មនៅក្នុងខេត្តកំពង់ចាម ជាពិសេសដំណាំកៅស៊ូដែលបាននឹងកំពុងដាំដុះនៅលើស្រុកចំនួនពីរគឺស្រុកស្ទឹងត្រង់ និងស្រុកចំការលើលើផ្ទៃដីប្រមាណ ៣២ពាន់ហ.ត (ផ្ទៃដីកៅស៊ូគ្រួសារមានចំនួន ២៥ពាន់ហិកតា)។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ឹម អូន បានមានមតិសំណេះសំណាលនិងបានលើកឡើងពីទស្សនទាននៃអនុវិស័យកៅស៊ូមានចំនួន៣ចម្បងគឺ (១)បង្កើនអាយុសេដ្ឋកិច្ចដើមកៅស៊ូ (២)កាត់បន្ថយថ្លៃដើមនិង (៣)បង្កើនតម្លៃបន្ថែម។ ដើម្បីសម្រេចបាននូវទស្សនទាននេះអគ្គនាយកដ្ឋានកៅស៊ូមានយន្តការចំនួន៣៖ (១)ផ្ដោតលើការបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយបច្ចេកវិទ្យាឱ្យចំតម្រូវការ (២)បង្កើនការទទួលយករបស់កសិករកៅស៊ូគ្រួសារនិង (៣) ជំរុញការប្រើប្រាស់កៅស៊ូក្នុងស្រុកនិងការនាំចេញ។ ឯកឧត្តមក៏បានលើកឡើងពីកត្តាដែលនាំឱ្យអនុវិស័យកៅស៊ូមានការរីកចម្រើនគឺ អាស្រ័យដោយកម្ពុជាមានស្ថានភាពនយោបាយនិងសន្តិសុខល្អប្រសើរ សក្តានុពលនៃដីសមស្រប គោលនយោបាយទីផ្សារ សេរីលើការលក់ដូរផលិតផលកៅស៊ូគ្រួសារនៅក្នុងស្រុក។ ទន្ទឹមនឹងការរីកចម្រើនវិស័យនេះ ការគ្រប់គ្រង ការតាមដាន ការវិភាគ ការព្យាករទិន្នន័យស្ថិតិជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីទទួលបានធាតុចូលជាក់លាក់សម្រាប់រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលខ្លីនិងវែងសំដៅការអភិវឌ្ឍវិស័យកៅស៊ូកម្ពុជាប្រកបដោយនិរន្តរភាព។
តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងបានយល់ដឹងពីបច្ចេកទេសក្នុងការវិភាគនិងព្យាករទិន្នន័យស្ថិតិកៅស៊ូឱ្យកាន់តែល្អប្រសើរ។ ជាចុងក្រោយលោកក៏បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ស្តាប់នឹងហ៊ានសួរនូវរាល់ចម្ងល់ ដែលខ្លួនមានដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ សម្រាប់យកទៅអភិវឌ្ឍន៍ក្នុងអង្គភាពខ្លួន។
ការធ្វើបទបង្ហាញ
ក្នុងវគ្គសិក្ខាសាលានេះ មានប្រធានបទសំខាន់ៗមួយចំនួនដែលធ្វើបទបង្ហាញដោយលោក បណ្ឌិត អូន សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ដូចខាងក្រោម៖
- “Causal regression” ដោយផ្តោតលើ៖
- ការអនុវត្តលំហាត់
សេចក្តីសន្និដ្ឋាន
សិក្ខាកាមបានយកចិត្តទុកដាក់ស្ដាប់និងប្រឹងប្រែងស្វែងយល់ទៅលើខ្លឹមសារនៃមេរៀននីមួយៗ ដោយបានចោទជាសំណួរយ៉ាងច្រើនទៅកាន់វាគ្មិន ដោយការយកចិត្តទុកដាក់ខ្ពស់។ សិក្ខាសាលានេះការទទួលបានចំណេះដឹងក្នុងការប្រមើលអនាគតត្រូវជាដើម៕