×
និន្នាកាថ្លៃកៅស៊ូប្រចាំខែកក្កដា ឆ្នាំ២០២៣

១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន

ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរី​ បានបង្ហាញពីនិន្នាការ​ប្រែប្រួលឡើងចុះក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៣នេះ។ ថ្លៃកៅស៊ូបានបង្ហាញពីចលនាឡើងចុះដែលពិបាកក្នុងការសន្និដ្ឋានទិសដៅនៃនិន្នាការក្នុងខែនេះ។ ក្នុងអំឡុងខែកក្កដា ឆ្នាំ​ ២០២៣នេះ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហា នៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម ១២ ២៣២យ័ន/តោន បានកើនឡើង១,៩% បើធៀបនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំខែមិថុនា ១២ ០០០យ័ន/តោន។ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃសម្រាប់ខែសីហា ឆ្នាំ២០២៣។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែសីហា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

 

សេដ្ឋកិច្ចប្រទេសចិនកំពុងប្រឈមនឹងវិបត្តិអចលនទ្រព្យនិងការធ្លាក់ចុះនៃតម្រូវការពិភពលោក ដែលជាលក្ខខណ្ឌនៃឱនភាពសេដ្ឋកិច្ចមួយអាចដាក់សម្ពាធលើថ្លៃកៅស៊ូធម្មជាតិ។ យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ត្រីមាសទី២សេដ្ឋកិច្ចចិនបានកើនឡើង ៦,៣% ប៉ុន្តែទាបជាងការរំពឹងទុក ៧,១%។ យុទ្ធសាស្រ្តរំញោចទីផ្សារនេះ បណ្តាលមកពីធនាគារកណ្តាលប្រទេសចិននឹងជំរុញសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការកាត់បន្ថយអត្រាការប្រាក់។ យោងតាមសារព័ត៌មាន Reuters ទីផ្សារហ៊ុនសៀងហៃកំពុងស្វែងរកការពង្រីកបណ្តាញឃ្លាំងស្តុកទំនិញពាណិជ្ជកម្មនៅក្រៅប្រទេសរួមមានឃ្លាំងស្តុកកៅស៊ូនៅក្នុងប្រទេសថៃ។ យ៉ាងណាក៏ដោយនិយ័តករចិនបានអនុម័តលើដំណើរការទិញលក់កៅស៊ូសំយោគ (Butadiene) តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃដែលនឹងចាប់ផ្តើមឱកាសពាណិជ្ជកម្មថ្មីក្នុងទីផ្សារកៅស៊ូ។

សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះមានចំនួន ១៨៥ ៦៩៥តោន បានកើនឡើង បើធៀបនឹងខែមិថុនា ឆ្នាំ២០២៣ មានចំនួន ១៨០ ៩៣២តោន។

ក្រាហ្វិកទី២៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកក្កដា ចន្លោះឆ្នាំ២០២១ - ២០២៣

 

ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលានៅទីផ្សារសិង្ហបុរី បានបង្ហាញពីនិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលា នៅទីផ្សារហ៊ុនសិង្ហបុរីគិតជាមធ្យម ១,៣៩ ដុល្លារ/គ.ក្របានកើនឡើង ១,៣% ធៀបនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យប្រចាំខែមិថុនាគិតជាមធ្យម ១,៣១ ដុល្លារ/គ.ក្រ។

ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលានៅទីផ្សារហ៊ុនសិង្ហបុរីក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

 

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យនៅក្នុងទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ នេះ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាមាននិន្នាការប្រែប្រួលឡើងចុះដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅក្នុងទីផ្សារ​ហ៊ុនសៀងហៃ​ផងដែរ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែធ្នូ នៅទីផ្សារហ៊ុនអូសាកាគិតជាមធ្យម ២០៣​យ៉េន/គ.ក្រ បានធ្លាក់ចុះ បើធៀបនឹងខែមិថុនា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាគិត​ជាមធ្យម ២០៨យ៉េន/គ.ក្រ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែធ្នូ នៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

 

២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ

ថ្លៃកៅស៊ូដុំនៅទីផ្សារម៉ាឡេស៊ីនិងថៃក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញពីនិន្នាការប្រែប្រួលឡើងចុះ ដូចដែលបានបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោម។ ថ្លៃកៅស៊ូដុំបានធ្លាក់ចុះតិចតួចក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូ SMR 20 ទិញលក់ភ្លាមៗនៅទីផ្សារ​ គួឡាឡាំពួរគិតជាមធ្យម ១,៣១ ដុល្លារ/គ.ក្រ បានធ្លាក់ចុះ ០,០២ដុល្លារ/គ.ក្រ។ ថ្លៃកៅស៊ូ STR 20 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកក៏បានធ្លាក់ចុះ ០,០១ដុល្លារ/គ.ក្រផងដែរ។

តារាងទី១៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកកក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

កៅស៊ូដុំ

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

មិថុនា ២០២៣

កក្កដា ២០២៣

SMR-20

១,៣៣

១,៣១

STR-20

១,៤២

១,៤១

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

 

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាម បានបង្ហាញពីនិន្នាការដូចគ្នានឹងនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៦៣$/គ.ក្រ បានធ្លាក់ចុះ ៤,១% បើធៀបនឹងខែមិថុនា ថ្លៃកៅស៊ូ RSS-3 ទិញលក់ភា្លមៗគិតជាមធ្យម ១,៧$/គ.ក្រ។ ចំពោះកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមគិតជាមធ្យម ១,៨៧$/គ.ក្រ បានធ្លាក់ចុះ ០,០១ដុល្លារ/គ.ក្រ បើធៀបនឹងខែមិថុនា ថ្លៃកៅស៊ូ RSS-4 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៨៨$/គ.ក្រ។

តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែកក្កដា ឆ្នាំ២០២៣

កៅស៊ូសន្លឹក

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

មិថុនា ២០២៣

កក្កដា ២០២៣

RSS-3 (បាងកក)

១,៧

១,៦៣

RSS-4 (កូតូយ៉ាម)

១,៨៨

១,៨៧

 

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកក និងកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

 

ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣នេះ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ១,០៨ដុល្លារ/គ.ក្រ បានធ្លាក់ចុះតិចតួច ០,០១ដុល្លារ/គ.ក្រ បើធៀបនឹងខែមិថុនា ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗគិតជាមធ្យម ១,០៩$/គ.ក្រ។

តារាងទី៣៖ ថ្លៃកៅស៊ូទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

ទឹកជ័រខាប់

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

មិថុនា ២០២៣

កក្កដា ២០២៣

១,០៩

១,០៨

 

ក្រាហ្វិកទី៧៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣

 

៣.ទស្សនវិស័យកៅស៊ូក្នុងរយៈពេលខ្លី

បន្ទាប់ពីការតម្លើងការប្រាក់ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិកនៅចុងខែកក្កដា ឆ្នាំ២០២៣នេះ និងសញ្ញានៃអត្រាការប្រាក់នៅតែខ្ពស់នាប៉ុន្មានខែខាងមុខ ប្រតិបត្តិករកៅស៊ូត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យភាពមិនច្បាស់លាស់ផ្សេងៗ។ យ៉ាងណាក៏ដោយ ទីផ្សារកៅស៊ូធម្មជាតិនឹងទទួលរងឥទ្ធិពលដូច ខាងក្រោម៖

  • ផលិតកម្មសកលលោកក្នុងខែសីហាចំនួន ១,៧៣លានតោន ខណៈពេលដែលតម្រូវការសកលលោកមានចំនួន ១,៣៧លានតោន បានកើនឡើង ១,៧%។ ទោះបីជាកត្តាមូនដ្ឋាននៃទីផ្សារបានបង្ហាញ​ពីភាពវិជ្ជមាន ដោយសារប្រទេសផលិតកៅស៊ូធម្មជាតិមួយចំនួន ខិតជិតដល់រដូវរស្សា ដែលធ្វើឲ្យផលិត​កម្ម​ងាយរង​ផលប៉ះពាល់ដោយអាកាសធាតុ។ លើសពីនេះទៀតអាកាសធាតុនឹងបង្ករឲ្យមានជំងឺ នៅពេល​សីតុណ្ហភាពផ្តល់សំណើមខ្ពស់នៅចម្ការ
  • រំញោថទីផ្សារប្រេងឆៅនឹងដើរតួនាទីសំខាន់ដើម្បីតម្រង់ទិសក្នុងទីផ្សារទំនិញពាណិជ្ជកម្ម
  • ការចូលរួមរបស់ចក្ខុវិស័យគោលនយោបាយរូបិយប័ណ្ណពីធនាគារកណ្តាលបណ្តាប្រទេសក្នុងសកលលោក តាមរយៈការតម្លើងការប្រាក់​ពីធនាគារកណ្តាលសហរដ្ឋអាមេរិក
  • កំណើនភាពតានតឹងភូមិសាស្រ្តនយោបាយអាចនឹងជះឥទ្ធិពលដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់សកលលោក និងធ្លាក់ចុះការនាំចូលក្នុង​សកលលោកផងដែរ
  • រដ្ឋាភិបាលចិនបានឲ្យសញ្ញានៃគម្រោងជំរុញសេដ្ឋកិច្ច ដើម្បីជំរុញតម្រូវការក្នុង​ស្រុកនិងសេដ្ឋ​កិច្ច៕
ព័ត៌មានចុងក្រោយ