ក្នុងកំឡុងខែកក្កដា ឆ្នាំ២០២៣នេះ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានបង្ហាញពីកំណើន ២,១% ដែលមានបរិមាណជិត ១,៣លាន តោន ខណៈដែលតម្រូវការកៅស៊ូធម្មជាតិពិភពលោកវិញក៏បានបង្ហាញពីកំណើនលឿនជាងគឺ ៣,២% ដែលមានបរិមាណចំនួន ១,៣លាន តោន។ រំញោចទីផ្សារបានកើនឡើងចំពោះស្ថានភាពទីផ្សារ ដែលមានហានិភ័យរួមជាមួយនឹងការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ការដំឡើងអត្រាការនៃប្រាក់បម្រុងសហព័ន្ធជាបន្តបន្ទាប់ និងភាពតានតឹងភូមិសាស្ត្រនយោបាយដោយបានរារាំងដល់ការអភិវឌ្ឍន៍លំនឹងទីផ្សារ ពីការជំរុញនៃការព្យាករទីផ្សារកៅស៊ូធម្មជាតិ។
សម្រាប់សន្និសិទកៅស៊ូប្រចាំឆ្នាំក្រោយជំងឺរាតត្បាតលើកដំបូងរបស់ ANRPC ជាមួយនឹងប្រធានបទ "ឧស្សាហកម្មកៅស៊ូធម្មជាតិ៖ បញ្ហាប្រឈម និងជម្រើសគោលនយោបាយក្នុងសតវត្សរ៍ទី២១" ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ វាមានលក្ខណៈជាកិច្ចប្រជុំអន្តរជាតិនិងជាវេទិការគោលគំនិតមួយសម្រាប់អន្តរកម្មប្រកបដោយអត្ថន័យ និងជាបណ្តាញរវាងអ្នកឧស្សាហកម្មកៅស៊ូ អ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកវិភាគមុខទំនិញនៅទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នឹងមានបើកសម័យប្រជុំសភា ANRPC លើកទី៤៥ និងកិច្ចប្រជុំសាធារណៈនិងឯកជនលើកទី៦របស់ ANRPC រយៈពេលកន្លះថ្ងៃ។ ព្រឹត្តិការណ៍ទាំងអស់នេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Radisson Blu Hotel, Guwahati, Assam ប្រទេសឥណ្ឌា។
ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូធម្មជាតិកម្ពុជាសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំចំនួន ៨៩ ២៤៦ហិកតា ស្មើនឹង២២%។ បរិមាណផលិតផលសរុបមានចំនួន ៣១ ១៧៦តោន បាន កើនឡើងចំនួន ៦១៩តោន (=+២,០៣%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ៤៧៨តោន (=+២%) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងអំឡុងខែមករា-ខែកក្កដា បរិមាណផលិតផលសរុបមានចំនួន ១៦៩ ៩៦១តោន បានកើនឡើងចំនួន ៥១៦៧តោន (=+៣%) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បរិមាណបញ្ចេញលក់មានចំនួន ១៧០ ៩៦៨តោន បានកើនឡើងចំនួន ៥ ១០៦តោន (=+៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ថ្លៃលក់ជាមធ្យមគឺ ១ ៣០៤US$/តោន បានថយចុះចំនួន ១៤US$/តោន ស្មើនឹង (=-១,០៣%) បើធៀបនឹងខែមុន និងបានថយចុះចំនួន ២១០US$/តោន (=-១៤%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕