កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅសាលប្រជុំសហគមន៍កៅស៊ូគ្រួសារស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដា្ឋនកៅស៊ូ លោក ហ៊ ស៊ីនេត អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ និងលោក មាស សាវិន ប្រធានសហគមន៍កៅស៊ូគ្រួសារស្រុកសំឡូត ព្រមទាំងមានការចូលរួមដោយ ប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកសំឡូត ថ្នាក់ដឹកនាំនិងសមាជិករបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារស្រុកសំឡូត និងកសិករកៅស៊ូគ្រួសារចូលរួមសរុបចំនួន៥០នាក់ (ស្រី១៦នាក់)។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណងផ្តល់ឲ្យកសិករយល់ដឹងពីសារៈប្រយោជន៍ដំណាំកៅស៊ូមាន៖ (១) ស្ថាន ភាពដំណាំកៅស៊ូនៅកម្ពុជា (២) ដំណាំចន្លោះរងនិងដំណាំគម្របដី (៣) ការថែទាំអំឡុងពេលចៀរជ័រ (៤) ការបង្ការនិងការព្យាបាលជំងឺ (៥) ការបើកមុខចៀរជ័រដំបូង (៦) បទដ្ឋានបច្ចេកទេសចៀរជ័រ ជាពិសេសការយកផលទទួលបានទិន្នផលខ្ពស់និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានធ្វើបទបង្ហាញលើផ្នែកទ្រឹស្តីនិងអនុវត្តចៀរផ្ទាល់នៅនឹងកន្លែងចំនួនប្រាំថ្ងៃទៅតាមផ្នែកនីមួយៗដូចខាងក្រោម៖
ក. ផ្នែកទ្រឹស្តី
១. ស្ថានភាពដំណាំកៅស៊ូនៅកម្ពុជា
២. ដំណាំចន្លោះរងនិងដំណាំគម្របដី
៣. ការថែទាំចម្ការកៅស៊ូយកផល
៤. ការបង្ការនិងការព្យាបាលជំងឺ
៥.ការបើកមុខចៀរជ័រដំបូងនិងបទដ្ឋានបច្ចេកទេសចៀរជ័ររួមមាន៖
ខ. ផ្នែកអនុវត្ត
១.របៀបវាស់ទំហំដើមដែលត្រូវបើកមុខចៀរដំបូង និងវិធីកំណត់ចំណាំដើមដែលមានទំហំមិនទាន់គ្រប់ខ្នាតនិងគ្រប់ខ្នាត (ទំហំគ្រប់ខ្នាត ៥០ ស.ម ដោយវាស់នៅកម្ពស់១ម ពីដី)
២.របៀបបែងចែកដើមជាពីរដើម្បីបើកមុខចៀរដំបូង
៣.របៀបក្រិតកំពស់មុខចៀរស្លាបព្រា កងទ្រចាននិងរបៀបបញ្ចុះស្លាបព្រា និងចងកងចាន
៤.របៀបគូសក្រិតផ្ទាំងចៀរសម្រាប់រយៈពេលមួយឆ្នាំ ដោយប្រើទង់ជ័យដែលមានមុំ៣៥ ដឺក្រេ
៥.របៀបកាន់ពន្លាក ចលនាបំលាស់ទីក្នុងពេលចៀរនិងរបៀបបើកមុខចៀរចំនួនបីពន្លាកដំបូង
៦.បទដ្ឋានក្នុងការចំណាយសំបកក្នុងមួយពន្លាកជម្រៅនិងចំណោតមុខចៀរ
៧.ការថែទាំមុខចៀរក្នុងអំឡុងពេលចៀរនិងការរៀបចំធ្វើផ្លូវភ្លើង ដើម្បីបង្ការអគ្គីភ័យនៅរដូវ ប្រាំង។
សេចក្ដីសន្និដ្ឋាននិងសំណូមពរ
តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅស្រុកសំឡូត ខេត្តបាត់ដំបងបានបង្ហាញឲ្យឃើញថាកសិករ៖
១.បានអញ្ជើញចូលរួមមានការយកចិត្ដទុកដាក់ខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្ដី និងការអនុវត្តផ្ទាល់
២. ទទួលបានការយល់ដឹងបានកាន់តែច្បាស់អំពីបច្ចេកទេសដំណាំកៅស៊ូ ជាពិសេសបច្ចេកទេសចៀរជ័រដូចជា ការកំណត់ទំហំដើមកៅស៊ូនិងចំនួនដើមដែលត្រូវបើកមុខចៀរដំបូង ការកំណត់កំពស់មុខចៀរ ស្លាបព្រា កងទ្រចាន ការកំណត់ផ្ទាំងចៀរ រយៈពេលចៀរក្នុងមួយឆ្នាំ របៀបកាន់ពន្លាកចៀរ ចលនាបំលាស់ទីរបស់ជើងក្នុងពេលចៀរ ការចំណាយសំបក ការថែទាំផ្ទាំងមុខចៀរ និងការគ្រប់គ្រងផ្ទាំងមុខចៀរ។ ទន្ទឹមនេះកសិករក៏បានយល់ដឹងបន្ថែមពីពេលវេលាដែលត្រូវចៀរនិងរបៀបសាជ័រតាមដើមនីមួយៗ ដើម្បីប្រមូលទឹកជ័របានកម្រិតអតិបរិមា។
៣. បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកៅស៊ូ ដែលបានចាត់មន្រ្តីជំនាញចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅស្រុកសំឡូត និងសំណូមពរសុំឲ្យក្រុមការងារបន្តចុះបើកវគ្គបណ្តុះបណ្តាលនេះឲ្យ បានរៀងរាល់ឆ្នាំ៕