×
និន្នាកាថ្លៃកៅស៊ូប្រចាំខែមិថុនា ឆ្នាំ២០២៣

១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)

ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការធ្លាក់ចុះក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ នេះ។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែកញ្ញានៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម ១២ ០១៣យ័ន/តោន បានធ្លាក់ចុះតិចតួច បើធៀបនឹងខែឧសភា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាគិតជាមធ្យម ១២ ០១៧យ័ន/តោន។ ទោះបីជាសេដ្ឋកិច្ចប្រទេសចិនបានកើនឡើង ៤,៥% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះក៏ដោយ ប៉ុន្តែសន្ទស្សន៍នៃឧស្សាហកម្មនៅតែមានកម្រិតទាប ជាហេតុធ្វើឲ្យមានរំញោចក្នុងទីផ្សារនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យា។ ធនាគារពិភពលោកបានព្យាករណ៍ថា GDP របស់ប្រទេសចិននឹងកើនឡើងចាប់ពី ១,៣% ដល់ ៥,៦% ក្នុងឆ្នាំនេះ។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែកញ្ញា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

 

សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ មានចំនួន ១៨០ ៩៣២តោនបានធ្លាក់ចុះ បើធៀបនឹង ខែឧសភា ឆ្នាំ២០២៣ មានចំនួន ១៨៥ ២៧២តោន។

ក្រាហ្វិកទី២៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែឧសភា - មិថុនា ឆ្នាំ២០២៣

 

 ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែកញ្ញានៅទីផ្សារសឹង្ហបុរីបានបង្ហាញពីនិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែកញ្ញា នៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យម ១,៣១$/ គ.ក្រ បានធ្លាក់ចុះ ២,៥% បើធៀបនឹងឧសភា ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យម ១,៣៤$/គ.ក្រ។ យោងតាមរបាយការណ៍ទីផ្សារហ៊ុនសឹង្ហបុរីបានឲ្យដឹងថា ការធ្លាក់ចុះ នៃតម្លៃកៅស៊ូនេះ គឺបណ្តាលមកពីការកើនឡើងនូវសន្និធិរួមផ្សំនឹងតម្រូវការកៅស៊ូសកលលោកធ្លាក់ចុះ។

ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែកញ្ញា នៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

 

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាមាននិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀង ហៃផង ដែរ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែវិច្ឆិកា នៅទីផ្សារហ៊ុនអូសាកាគិតជាមធ្យម ២០៨យ៉េន/គ.ក្រ បានធ្លាក់ចុះ ០,៨% បើធៀបនឹងខែឧសភា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាគិតជា មធ្យម ២១០យ៉េន/គ.ក្រ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែវិច្ឆិកានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

 

២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)

ថ្លៃកៅស៊ូដុំនៅទីផ្សារម៉ាឡេស៊ីនិងថៃក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញពីនិន្នាការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នៅទីផ្សារគួឡា- ឡាំពួរថ្លៃកៅស៊ូ SMR-20 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៣៣$/ គ.ក្រ បានធ្លាក់ចុះ ២,៦% បើធៀបនឹងខែឧសភា ថ្លៃកៅស៊ូ SMR-20 គិតជាមធ្យម ១,៣៧$/គ.ក្រ។ ចំពោះ នៅទីផ្សារបាងកកថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៤២$/គ.ក្រ បានធ្លាក់ចុះ ៣,១% បើធៀបនឹងខែឧសភា ថ្លៃកៅស៊ូ STR-20 គិតជាមធ្យម ១,៤៧$/គ.ក្រ។

តារាងទី១៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកកក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

កៅស៊ូដុំ

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

ឧសភា ២០២៣

មិថុនា ២០២៣

SMR-20

១,៣៧

១,៣៣

STR-20

១,៤៧

១,៤២

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

 

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកក និងកូតូយ៉ាមបានបង្ហាញពីនិន្នាការដូចគ្នានឹងនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៧$/គ.ក្រ បានធ្លាក់ចុះ ១,៧% បើធៀបនឹងខែឧសភា ថ្លៃកៅស៊ូ RSS-3 ទិញលក់ភា្លមៗគិតជាមធ្យម ១,៧៦$/គ.ក្រ។ ចំពោះកៅស៊ូសន្លឹក RSS-4 នៅទីផ្សារ កូតូយ៉ាមគិតជាមធ្យម ១,៨៨$/គ.ក្រ បានធ្លាក់ចុះ ២,១% បើធៀបនឹងខែឧសភា ថ្លៃកៅស៊ូ RSS-4 ទិញ លក់ភ្លាមៗគិតជាមធ្យម ១,៩២$/គ.ក្រ។

តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែមិថុនា ឆ្នាំ២០២៣

កៅស៊ូសន្លឹក

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

ឧសភា ២០២៣

មិថុនា ២០២៣

RSS-3 (បាងកក)

១,៧៦

១,៧

RSS-4 (កូតូយ៉ាម)

១,៩២

១,៨៨

 

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកកនិងកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

 

ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ១,០៩$/គ.ក្រ បានធ្លាក់ចុះតិចតួច ០,៩% បើធៀបនឹងខែឧសភា ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗគិតជាមធ្យម ១,១$/គ.ក្រ។

តារាងទី៣៖ ថ្លៃកៅស៊ូទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

ទឹកជ័រខាប់

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

ឧសភា ២០២៣

មិថុនា ២០២៣

១,១

១,០៩

 

ក្រាហ្វិកទី៧៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣

 

៣.ទស្សនវិស័យកៅស៊ូក្នុងរយៈពេលខ្លី

ទោះបីជាដល់រដូវកាលចាប់ផ្តើមចៀរជ័រកៅស៊ូឡើងវិញបន្ទាប់ពីរដូវកាលសម្រាកចៀរក៏ដោយ ក៏ការផ្គត់ផ្គង់កៅស៊ូធម្មជាតិសកលលោកនឹងមានស្ថានភាពមិនប្រក្រតី ដោយសារតែបាតុភូត EI Nino ធ្វើឲ្យអាកាសធាតុកើនឡើងកំដៅ។ បាតុភូតនេះក៏អាចនឹងបង្កើនក្តីបារម្ភចំពោះដើមកៅស៊ូដែលទើបនឹងចាប់ផ្តើមចៀរជ័រ ជាមូលហេតុធ្វើឲ្យផលិតកម្មកៅស៊ូនឹងធ្លាក់ចុះទាបជាងមុន។ យ៉ាងណាក៏ដោយផលិតកម្មកៅស៊ូធម្មជាតិ សកលលោករំពឹងថាមានចំនួន ១,២៧លានតោន កើនឡើងត្រឹមតែ ១,៧% ប៉ុណ្ណោះក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brend នឹងបង្ហាញពីចក្ខុវិស័យវិជ្ជមាននៅខែខាងមុខនេះ ជាកត្តាជំរុញឲ្យទីផ្សារកៅស៊ូធម្មជាតិទទួលបានផលវិជ្ជមាននៅក្នុងខែកក្កដាខាងមុខនេះដែរ។ តម្រូវការកៅស៊ូសកលលោកត្រូវបានរំពឹងទុកថាមានចំនួន ១,២៨លានតោន បានកើនឡើង ២,១% នៅក្នុងខែកក្កដាខាងមុខនេះ។

ក្រាហ្វិកទី៨៖ ចក្ខុវិស័យកៅស៊ូក្នុងខែកក្កដា ឆ្នាំ២០២៣

 

យ៉ាងណាក៏ដោយ ទីផ្សារកៅស៊ូធម្មជាតិក៏នឹងទទួលរងនូវឥទ្ធិពលមួយចំនួនដូចខាងក្រោម៖

១.ការរំពឹងទុកថាការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិបាលចិន ដើម្បីគាំទ្រសេដ្ឋកិច្ចឲ្យមានស្ថានភាពប្រសើរឡើងវិញ

២.ការរំពឹងទុកថាការតម្លើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េ​រិកនិងគោល​នយោ​បាយរូបិយវត្ថុនៅបណ្តាធនាគារកណ្តាលផ្សេងៗទៀតក្នុងសកលលោកត្រូវបានផ្អាក៕

ព័ត៌មានចុងក្រោយ