×
មហាសន្និបាតរបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារអូរយ៉ាដាវឦសាន នៅខេត្តរតនគិរី

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នាយក​ដ្ឋានអភិវឌ្ឍន៍កៅស៊ូនៃអគ្គនាយកដ្ឋានកៅស៊ូ​បាន​បើកមហាសន្និបាតប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​​បន្តឆ្នាំ២០២៣ របស់​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារអូរយ៉ាដាវឦសានដែលរៀបចំឡើងនៅសាលាស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោមអធិបតីភាព លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយក​ដ្ឋាន​កៅស៊ូ និង​​លោក ផាត សម្បត្តិ អភិបាល​រង​ស្រុកអូរយ៉ាដាវ ព្រមទាំងមាន​ការអញ្ជើញចូលរួមពី​លោកប្រធានក្រុមប្រឹក្សាភិបាល  លោកប្រធានគណៈ​កម្មាធិការ​ត្រួត​​​ពិ​​និត្យ និងសមាជិក​សហគមន៍​សរុប​ចំនួន​​៣៣​នាក់ (ស្រី៣នាក់)។ គោលបំណងសំខាន់នៃមហា​សន្និ​បាតគឺ (១) ពង្រឹងអភិបាលកិច្ច​សហគមន៍​កៅ​ស៊ូ​​​​​គ្រួសារអូរយ៉ាដាវឦសាននិង​ការ​គាំទ្រ (២) បង្កើន​អំណាចទីផ្សាររបស់កសិករ​នៅក្នុង​ការ​ចរចារតម្លៃផលិត​ផល​​កសិកម្ម​​ជាមួយក្រុមហ៊ុន​ឯកជន និងបង្កលទ្ធភាពដល់សហគមន៍ក្នុងការអនុវត្ត​​កសិកម្ម តាមកិច្ចសន្យាជា​​​​មួយវិស័យឯកជន ដែល​អាច​ជួយបង្កើនប្រាក់ចំណូលបន្ថែមដល់​សមាជិកនិង (៣) ជួយលើក​កម្ពស់​ជីវ​ភាព​​រស់នៅ​របស់​​សមាជិកសហគមន៍ កសិកម្ម និងរួមចំណែកក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ជាកិច្ចចាប់ផ្តើមលោក ផាត សម្បត្តិ បានមានមតិ​ស្វាគមន៍និងរាយការណ៍អំពីស្ថានភាពការអភិវឌ្ឍន៍​វិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំកៅស៊ូ​នៅក្នុងខេត្តរតនគិរី និងថ្លែងអំណរ​គុណ​​​ដល់ក្រុម​ការ​ងារ​អគ្គ​​នាយកដ្ឋាន​កៅស៊ូ​​ដែលបានយកចិត្តទុកដាក់ជួយ​ជ្រោមជ្រែង និង​សហការ​ជាមួយ​មន្រ្តី​ជំនាញ​​​​​របស់​​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តក្នុងការបើកមហាសន្និបាតប្រចាំឆ្នាំនេះ​ឡើង។

ជាកិច្ចបន្ទាប់ លោក ឃុន កក្កដា បាន​មាន​មតិសំណេះសំណាលជាមួយសមាជិកសមាជិកាទាំងអស់ដែលបានចូលរួម ព្រមទាំង​ប្រកាស​បើក​មហាសន្និបាតប្រចាំឆ្នាំ២០២២ និង​លើកទិសដៅ​​បន្តឆ្នាំ២០២៣ របស់​សហគមន៍​កសិកម្ម​កៅស៊ូគ្រួ​សារអូរយ៉ាដាវឦសាន នៅខេត្ត​រតនគិរី។

បន្ទាប់មក លោក សេវ ថ្វាន ប្រធាន​សហគមន៍​បានរាយការណ៍អំពីស្ថានភាពសមាជិក ស្ថាន​ភាពមុខរបរ របាយ​ការណ៍​​​​​​​ហិរញ្ញវត្ថុ ប្រាក់ភាគ លាភ បញ្ហាប្រឈម និងទិសដៅ​ការងារបន្តរួម​មាន៖

បញ្ហាប្រឈម

  • ខ្វះទុនសម្រាប់បង្កើតមុខរបរ
  • សមាជិកមួយចំនួនមិនទាន់យល់ច្បាស់ពីដំណើរការសហគមន៍កសិកម្ម
  • ថ្នាក់ដឹកនាំសហគមន៍មួយចំនួន​មិន ទាន់យល់ពីតួនាទីភារកិច្ច
  • ថ្នាក់ដឹកនាំខ្វះភាពទំនាក់ទំនង​ជាមួយ ឈ្មួញទិញផលិតផល។

ទិសដៅបន្ត

  • ទិញលក់ជ័រកៅស៊ូ
  • ប្រមូលទិញលក់គ្រាប់ស្វាយចន្ទីនិងដំឡូងមី
  • ផ្គត់ផ្គង់សំភារៈកសិកម្ម (ជីនិងថ្នាំកសិកម្ម)
  • ផ្តល់ឥណទានកសិកម្ម
  • ផ្លាស់ប្ដូរថ្នាក់ដឹកនាំសហគមន៍ដែលអសកម្ម
  • ផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ថ្នាក់ដឹកនាំនិងសមាជិករបស់សហគមន៍កសិកម្ម
  • រៀបចំមហាសន្និបាតបូកសរុបប្រចាំឆ្នាំ២០២៣របស់សហគមន៍

លទ្ធផលមហាសន្និបាតប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​​បន្តឆ្នាំ២០២៣ របស់​សហគមន៍​កសិកម្មកៅស៊ូ​គ្រួសារអូរយ៉ាដាវឦសាន សហគមន៍បានសំណូមពរ៖

  • ជួយពង្រឹងចំណេះដឹងផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្មអោយបានស៊ីជម្រៅ
  • ផ្ដល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម​ (កៅស៊ូ ចន្ទី និងដំឡូងមី) ​ដល់សមាជិក
  • ជួយរកទីផ្សារផលិតផលកសិកម្មដល់​សហគមន៍៕
ព័ត៌មានចុងក្រោយ