×
និន្នាកាថ្លៃកៅស៊ូប្រចាំខែឧសភា ឆ្នាំ២០២៣

១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)

ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពីនិន្នាការឡើងចុះមិនប្រក្រតីនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែកញ្ញា នៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម ១២ ០១៧យ័ន/តោនបានកើនឡើង បើធៀបនឹងខែមេសា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាគិតជាមធ្យម១១ ៨២២យ័ន/តោន។ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យា សម្រាប់ខែកញ្ញាបានងើបឡើងវិញនៅពាក់កណ្តាលខែឧសភាចាប់ពី ១១ ៧០០យ័ន/តោន - ១២ ៣០០ យ័ន/តោន និងបានធ្លាក់ចុះមកវិញនៅចុងខែ មកត្រឹម ១១ ៩០០យ័ន/តោន។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែកញ្ញា ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅក្នុងទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ មានចំនួន ១៨៥ ២៧២តោនបានធ្លាក់ចុះ បើធៀបនឹងខែមេសា ឆ្នាំ២០២៣ មានចំនួន ១៩៣ ៦០៧តោន។

ក្រាហ្វិកទី២៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហា នៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យម ១,៣៥ $/គ.ក្រ បានធ្លាក់ចុះបន្តិចបន្តួច បើធៀបនឹងខែមេសា ថ្លៃកៅស៊ូ TSR-20 គិតជាមធ្យម ១,៣៦$/ គ.ក្រ។ យោងតាមរបាយការណ៍ទីផ្សារហ៊ុនសឹង្ហបុរីប្រចាំខែបានឲ្យដឹងថា លក្ខខណ្ឌអាកាសធាតុមិនល្អក្នុងប្រទេសចិននិងថៃបានបង្ករឲ្យការផ្គត់ផ្គង់រអាក់រអួលថ្មីៗនេះ ប៉ុន្តែប្រទេសចិនក៏បានប្រសើរឡើងវិញនៅក្នុងខែឧសភានេះផងដែរ។ រហូតមកដល់ខែឧសភានេះ ការជួយដូរកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីមានចំនួន ១ ០២៧ ៣៧៥តោន បានកើនឡើងដល់ ១៩,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ បរិមាណប្រចាំខែកើនឡើង ៣,៤% ស្មើនឹង ៤៦ ៦៩៩តោន។

ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហា នៅទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលា នៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម ២១០យ៉េន/គ.ក្រ បានកើនឡើង ០,៥%។ យោងតាមរបាយការណ៍ទីផ្សារហ៊ុនជប៉ុនប្រចាំសប្តាហ៍ (JPX Weekly Report) ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា បានផ្អាកធ្វើពាណិជ្ជកម្មនៅថ្ងៃសម្រាកបុណ្យប្រពៃណីជាតិក្នុងប្រទេសជប៉ុននិងចិននៅសប្តាហ៍ទី១នៃខែឧសភា។ ទោះបីជាមានកំណើននៃការផ្គត់ផ្គង់ពីទ្វីបអាហ្រ្វិក ប៉ុន្តែថ្លៃកៅស៊ូមានសភាពនឹងថ្កល់ ដោយសារភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចសកលលោកនិងការលក់រថយន្តនៅប្រទេសចិន។

យោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានតម្លើងអត្រាការប្រាក់បន្ថែមចំនួន ០,២៥% ដើម្បីទប់អតិផរណា។ ចំពោះមាសក៏បានកើនឡើងខ្ពស់ដល់ ២០៨០$/អោន នៅថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៣នេះ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលា នៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)

ថ្លៃកៅស៊ូដុំនៅទីផ្សារម៉ាឡេស៊ូនិងថៃក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញពីនិន្នាការឡើងចុះគួរឲ្យកត់សម្គាល់។

នៅទីផ្សារគួឡាឡាំពួរថ្លៃកៅស៊ូ SMR-20 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៣៧$/គ.ក្រ បានកើនឡើងតិចតួច បើធៀបនឹងខែមេសា ថ្លៃកៅស៊ូ SMR-20 គិតជាមធ្យម ១,៣៦$/គ.ក្រ។ ចំពោះនៅទីផ្សារបាងកក ថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗ គិតជាមធ្យម ១,៤៧$/គ.ក្រ បានកើនឡើង ០,០៣$/គ.ក្រ បើធៀបនឹងខែមេសា ថ្លៃកៅស៊ូ STR-20 គិតជាមធ្យម ១,៤៤$/គ.ក្រ។

តារាងទី១៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកកក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

កៅស៊ូដុំ

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

មេសា ២០២៣

ឧសភា ២០២៣

SMR-20

១,៣៦

១,៣៧

STR-20

១,៤៤

១,៤៧

 

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកក និងកូតូយ៉ាមបានបង្ហាញពីនិន្នាការកើនឡើងដូចគ្នានឹងនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៧៦$/គ.ក្រ បានកើនឡើង ០,៦% បើធៀបនឹងខែមេសា។ ចំពោះកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមគិតជាមធ្យម ១,៩២$/គ.ក្រ កើនឡើង ៤,៣% បើធៀបនឹងខែមេសា។

តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែឧសភា ឆ្នាំ២០២៣

កៅស៊ូសន្លឹក

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

មេសា ២០២៣

ឧសា ២០២៣

RSS-3 (បាងកក)

១,៧៥

១,៧៦

RSS-4 (កូតូយ៉ាម)

១,៨៤

១,៩២

 

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមបានបង្ហាញពីនិន្នាការកើនឡើងដូច គ្នានឹងនិន្នាការថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗផងដែរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៧៦$/គ.ក្រ បានកើនឡើង ០,៦% បើធៀបនឹងខែមេសា។ ចំពោះកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមគិតជាមធ្យម ១,៩២$/គ.ក្រ កើនឡើង ៤,៣% បើធៀបនឹងខែមេសា។

តារាងទី៣៖ ថ្លៃកៅស៊ូទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

ទឹកជ័រខាប់

ថ្លៃគិតជាមធ្យម ($/គ.ក្រ)

មេសា ២០២៣

ឧសភា ២០២៣

១,១៤

១,១

 

ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣

៣.ទស្សនវិស័យកៅស៊ូក្នុងរយៈពេលខ្លី

ទិន្នផលកៅស៊ូធម្មជាតិសកលលោកគិតត្រឹមឆមាសទី១ឆ្នាំនេះសម្រេចបាន ៦,៣២៣លានតោន កើនឡើង ១,៥% និងតម្រូវការកៅស៊ូធម្មជាតិមានចំនួន ៧,៥៣៥លានតោន កើនឡើង ០,៩%។ ទិន្នន័យនេះគឺជាលទ្ធផលវិជ្ជមានដែលអាចបញ្ជាក់បានថា កត្តាមូលដ្ឋាននៃទីផ្សារកៅស៊ូនឹងជះឥទ្ធិពលដល់ថ្លៃកៅស៊ូ មានភាពប្រសើរឡើង ប៉ុន្តែកត្តាមិនមែនមូលដ្ឋានមួយចំនួនក៏ជាប្រធានបទដ៏សំខាន់ ដូចខាងក្រោម៖

១.ផលិតកម្មកៅស៊ូធម្មជាតិនឹងរងផលប៉ះពាលពីការប្រែប្រួលអាកាសធាតុដូចជា ភាពរាំងស្ងួតនិងរលកកំដៅកើនឡើងខ្លាំង។

២.ទិន្នន័យនៃសន្ទស្សណ៍ឧស្សាហកម្មប្រទេសចិនថ្មីៗនេះ នឹងទាក់ទាញឲ្យវិនិយោគិននិងទីផ្សារហ៊ុនដ៏ទៃទៀត ចាប់អារម្មណ៍ចំពោះតម្រូវការកៅស៊ូធម្មជាតិដែលរដ្ឋាភិបាលចិនបានរៀបចំវិធីសាស្រ្តជំរុញការងារនេះ។ រដ្ឋាភិបាលចិនមានជំនឿចិត្តថា តម្រូវការកៅស៊ូនឹងកើនឡើងក្នុងឆ្នាំនេះ ដោយសារចិនគឺជាប្រទេសប្រើប្រាស់កៅស៊ូប្រមាណ ៤២%នៃការប្រើប្រាស់កៅស៊ូធម្មជាតិសកលលោក។

៣.ភាពមិនច្បាស់លាស់នៃការវិវត្តន៍ទីផ្សារសកលលោក៖

  • ភាពល្អប្រសើរនៃទីផ្សារប្រេងឆៅសកលលោក ដោយសារតែភាពតានតឹងភូមិសាស្រ្តនយោបាយរវាងអ៊ុយគ្រែននិងរុស្សី
  • សហរដ្ឋអាមេរិកបានពន្យារយៈពេលដោះស្រាយបំណុលរហូតដល់ឆ្នាំ២០២៥ និងធនាគារកណ្តាលក៏បានបញ្ឈប់តម្លើងអត្រាការប្រាក់
  • វិនិយោគិននឹងអាចប្តូរផលបត្រវិនិយោគរបស់គេបច្ចុប្បន្នទៅវិយោគអ្វីដែលធានាសុវត្ថិភាព ជាងនេះដូចជាការវិយោគលើមាសជាដើម៕
ព័ត៌មានចុងក្រោយ